Skip to content

គិត​ចង់​ចាប់ផ្ដើម​ធ្វើ​ជំនួញ ត្រូវតែមាន 3 រឿង​ខាងក្រោម​នេះ

ប្រាកដ​ណាស់ ការសម្រេចចិត្ត​ក្នុងការ​ចាប់ផ្ដើម​ធ្វើ​ជំនួញ ឬ​ធុរកិច្ច ពិតជា​រឿង​មួយ​ដែល​គួរឱ្យ​រំភើប​ញាប់​ញ័រ​ខ្លាំងណាស់ តែ​ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ការដើរ​នៅលើ​ខ្សែ​ផ្លូវ​មួយ​នេះ​មិនមែន​សុទ្ធតែ​ល្អ​ស្អាត​នោះទេ ជាពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ចាប់​ផ្ដើមធ្វើ​ជំនួញ​ជា​លើកដំបូង​បើ​ត្រូវ​ការឱ្យ​មុខ​ជំនួញ ឬ​ធុរកិច្ច​របស់​អ្នកទទួលបាន​ជោគជ័យ ក្រៅពី​ការត្រៀម​កាយ ត្រៀម​ចិត្ត​ហើយ​នោះ ត្រូវ​ត្រៀម​ជាស្រេច​នូវ​រឿង​ទាំង 3 ខាងក្រោម​នេះ​ទៀតផង។

1 . មាន​ប្រាក់​ដើមទុន​គ្រប់គ្រាន់​រយៈពេល 6 ខែ ៖ ថ្វីបើ​រយៈពេល​នៃ​ការធ្វើឱ្យមាន​កម្រៃ​របស់​ធុរកិច្ចនីមួយៗអាច​នឹងមាន​ភាពខុស​ប្លែក​គ្នា​តាម​ប្រភេទ និង​ទំហំ​មែន តែ​វា​ក៏មាន​ច្បាប់​មួយ​ចំណុច​ដែល​ដូចគ្នា​ដែរ​គឺ គួរតែ​ត្រូវមាន​សាច់ប្រាក់​សុទ្ធ​ឱ្យ​គ្រប់គ្រាន់​ដើម្បី​ការឈរជើង​បាន​រយៈពេល 6 ខែ ឬ​ច្រើនជាង​នោះ​មុននឹង​បើកមុខ​ជំនួញ​ណាមួយ ដែល​ក្នុង​រឿងនេះ​នឹងត្រូវ​អាស្រ័យ​ការធ្វើ​បញ្ជី​ថវិកា​ដែលមាន​ពិតប្រាកដ ជាពិសេស​ការប៉ាន់ប្រមាណ​ថ្លៃ​ចំណាយ​ដែល​ច្បាស់លាស់​ដែល​កើតឡើង​ក្នុងអំឡុងពេល​ចាប់ផ្ដើម​ធ្វើ​ជំនួញ រួមទាំង​ថ្លៃ​ចាយវាយផ្សេងៗដែល​មិន​ពាក់ព័ន្ធ​ដែល​អាច​នឹងមាន​ថែម​ឡើងមក និង​ហុច​ផលប៉ះពាល់​ដល់​ផល​កម្រៃ​ក្នុង​ពេលអនាគត។

2 . ទីផ្សារ និង​កល​យុទ្ធ​ការលក់​ដែល​ឈានមុខ ៖ ការ​នឹង​ធ្វើឱ្យ​មុខទំនិញ ឬ​សេវាកម្ម​មួយ​លេចធ្លោ​ឡើង​ជាទី​ទាក់ភ្នែក​ទាក់ចិត្ត​អតិថិជន​នោះ គឺជា​រឿង​មួយ​សំខាន់​ណាស់ ដូច្នេះ​ទើប​គួរ​ត្រូវ​អភិវឌ្ឍ​ផែនការ​ទីផ្សារ​ដែលមាន​ការបែងចែក​ថវិកា​ទុក​មុន​ជាស្រេច​រួមទាំង​ការគិត​កល​យុទ្ធ​ការ​សាង​សម្ព័ន្ធភាព និង​ភក្ដីភាព​របស់​អតិថិជន​ទៀតផង និង​ដែល​សំខាន់​នោះ​គឺ កុំ​ភ្លេច​ធ្វើ​គម្រោង​នៃ​ការលក់​ផង មិនថាតែ បញ្ជី​រាយ​មុខទំនិញ ច្រក​ផ្លូវ​ក្នុង​ការលក់ ឬអ្វី​ដែល​អតិថិជន​នឹង​មើលឃើញ​ពេល​ត្រូវ​ការចង់​ទិញ​ទំនិញ​ទៀតផង។

3 . ភាព​អត់ធន់ ៖ មួយ​នៅក្នុង​ផ្នែក​ដែល​លំបាក​បំផុត​ក្នុងការ​ក្លាយជា​សហគ្រិន​នោះ​គឺ ភាពរឹងមាំ​ទាំង​កាយ និង​ចិត្ត។ មុននឹង​ចាប់ផ្ដើម​ធុរកិច្ច​របស់​អ្នក​ផ្ទាល់ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នកមាន​ផ្លូវចិត្ត​និង​រាងកាយ​សម្រាប់​ការធ្វើការងារ​ខ្លាំង និង​អាច​នឹង​មិនមាន​ថ្ងៃ​ឈប់សម្រាក​ក្នុងអំឡុងពេលដំបូងៗនៃ​ការចាប់​ផ្ដើមធ្វើ​ធុរកិច្ច​ទៀតផង ព្រោះ​បើ​អ្នកធ្វើការងារ​មិន​ពេញ​មួយរយ​ភាគរយ ឡា​រ៉ែ​ន​អាច​សុំ​ប្រាប់​តែម្ដងទៅ​ថា អ្នក​គ្មាន​ផ្លូវ​ទទួលបាន​ជោគជ័យ​យ៉ាងពិត​ប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *