Skip to content

ចិន​គ្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ​ដែរនោះ ក្រុម​វេជ្ជបណ្ឌិតល្បីៗរបស់​ចិន​គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​នាពេលខាងមុខ។

គម្រោង​សាងសង់​នេះ​ត្រូវ​បានបង្ហាញ​តាមរយៈ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ Yi Zhou Proton Therapy Center នៅ​ទីក្រុង Zhuozhou នៃ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ដែលជា​មន្ទីរពេទ្យ​ឯកទេស​ព្យាបាល​ជំងឺមហារីក​ដ៏​ធំ និង​ទំនើប​បំផុត​នៅក្នុង​ប្រទេស​ចិន។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​នេះ​ត្រូវបាន​វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ90 ហិកតា ចំណាយ​អស់​ទុន​សាងសង់​ចំនួន 6.2 ប៊ី​លាន​យន់ (ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក) និង​មាន​បុគ្គលិក គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ជំនាញ​ប្រមាណ 3,000 នាក់​កំពុង​បំពេញការងារ ដោយមាន​បំពាក់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ទំនើប​បំផុត។ ក្នុង​បរិវេណ​មន្ទីរពេទ្យ​នេះ​មាន​អគារ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺមហារីក​ព្យាបាល​តាមបែប​គីមី តាមបែប​កោសិកា តាមបែប​វិទ្យាសាស្ត្រ​ចិន និង​តាមបែប​បស្ចិមប្រទេស ព្រមទាំង​មាន​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក-គ្រូពេទ្យ មន្ទីរ​ពិសោធ សាលប្រជុំ ភោជនីយដ្ឋាន និង​កន្លែង​ហាត់​កីឡា​ទៀតផង។

ក្នុងជំនួប​នេះ​លោក Han Ge ដែលជា​អ្នកវិនិយោគ​មន្ទីរពេទ្យ​នេះ​បាន​មានប្រសាសន៍ថា តាមរយៈ​មន្ទីរពេទ្យ​នេះ លោក​មានបំណង និង​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដារ​ដូចគ្នានេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​មួយ​ទៀតផង។

ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះ​ការបង្កើតបាន​នូវ​មន្ទីរពេទ្យ​លំដាប់​ស្តង់ដារ​ខ្ពស់​នឹង​ជួយផ្ដល់​ឱកាស​ការងារ​ក្នុងស្រុក និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ប្រជាជន។ បើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​សម្រេចបាន​ជោគជ័យ វា​នឹង​ក្លាយជា​មន្ទីរពេទ្យ​ដែល​បម្រើសេវា​ព្យាបាល មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាជន​ទូទាំង​តំបន់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *