ក្លិបមាន់ខ្នាយមាស Tottenham បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Lucas Moura ពីក្លិប Paris Saint-Germain ក្នុងតម្លៃខ្លួន 25លានផោន (ស្មើនឹង 35.4លានដុល្លារអាមេរិក) ក្នុងរយៈពេល 5ឆ្នាំកន្លះ។
Moura គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់ Spurs នៅរដូវរងានេះ បើគិតចាប់តាំងពីឆ្នាំ2015 ដែលនៅពេលនោះពួកគេបានទិញខ្សែបម្រើ Dele Alli ពីក្លិប MK Dons ហើយខ្សែបម្រើរូបនោះក៏បានក្លាយជាកីឡាករទី2របស់ PSG ក្នុងការចាកចេញពីក្លិបនេះនៅរដូវកាលនេះផងដែរ បន្ទាប់ពីការចាកចេញរបស់ Serge Aurier កាលពីរដូវក្តៅ។ Moura បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ហើយកាលពីរាត្រីថ្ងៃចន្ទ ហើយនិងត្រូវបាននាំទៅកាន់ទីលានហ្វឹកហាត់របស់ក្លិប Spurs កាលពីថ្ងៃអង្គារ ដើម្បីពិនិត្យសុខភាព។
Lucas ដែលសង្ឃឹមថានឹងបានចូលលេងក្នុងជម្រើសទាំង 11នាក់ដំបូងនោះ បាននិយាយនៅលើបណ្តាញសង្គម Twitter របស់ Tottenham ថា៖ «វាជាទំព័រថ្មីមួយក្នុងជីវិតរបស់ខ្ញុំ ជាការប្រជែងថ្មីមួយសម្រាប់ខ្ញុំ។ ខ្ញុំពិតជារីករាយណាស់»។ ខ្សែបម្រើស្លាបវ័យ 25ឆ្នាំដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន 34លើករូបនេះ បានសម្តែងពីការខកចិត្តរបស់គេទៅកាន់កាសែតកីឡាប្រចាំថ្ងៃរបស់បារាំង L’Equipe កាលពីដើមសប្តាហ៍នេះ សម្រាប់ការដែលត្រូវបានបង្កកដោយក្លិប PSG ខណៈដែលការទៅដល់របស់មិត្តរួមជាតិរបស់គេ Neymar ពីក្លិប Barcelona បានធ្វើឲ្យគេកាន់តែបាត់បង់ឱកាសក្នុងការចូលលេងក្នុងជម្រើសដំបូងទៅទៀត៕
ប្រភពពី៖ Sky Sports