Skip to content

ឯកឧត្តម វេ​ង សាខុន ជំរុញ​ការដាំដុះ​ឫស្សី​តាម​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ប្រាក់ចំណូល

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បាន​អះអាង​ពី​គោលបំណង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ តាមរយៈ​ការបង្កើន​ការដាំ​ដើមឈើ​ដែលមាន​ប្រយោជន៍ ការផលិត​បន្លែ និង​ការ​ចិញ្ចឹមសត្វ ស្រប​ពេលដែល​តម្រូវកា​រ​នៅក្នុង​ប្រទេស​កាន់តែ​កើនឡើង។

ការប្រកាស​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ធ្វើឡើង​នៅក្នុង​វេទិកា​កសិកម្ម​ក្នុង​ខែមករា​នេះ។ ការប្រកាស​នេះ​ត្រូវបាន​គេ​មើលឃើញថា ស្រប​ពេលដែល​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​លើកលែងតែ​ការផលិត​ស្រូវ ខណៈដែល​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​ផ្នែក​បន្លែ និង​ត្រី​សាច់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងមាន​កំណើន​ខ្ពស់ និង​កើនឡើង​តាមរយៈ​កំណើន​ទេសចរ និង​កំណើនសេដ្ឋកិច្ច។

ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា ៖ “ទិសដៅ​របស់ខ្ញុំ គឺ​យើង​មិនអាច​ទៅចៀរ​ជ័រទឹក ហើយ​យកទៅលក់​ដើម្បីរ​ស់បាន​ទៀត​នោះទេ ព្រោះ​សេដ្ឋកិច្ច​របស់​យើង​កើនឡើង​ហើយ និង​កើនឡើងរហូត។ ខ្ញុំ​ឱ្យ​ប្រមូល​ធនធាន​ដើម្បី​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ដែល​បាន​បង្កើត​ហើយ​នោះ ដែល​មិន​ត្រឹមតែ​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការដាំដុះ​បន្ថែមទៀត ទាំង​អគ្គនាយកដ្ឋាន​កសិកម្ម និង​រដ្ឋបាល​ជលផល​ត្រូវ​សហការគ្នា គឺ​កន្លែង​ណា​ដែល​អាចជួយ​គាត់​បាន។

តាម​អ្វីដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​នោះ​គឺ សហគមន៍​ព្រៃឈើ​នៅ​កម្ពុ​ជាមាន​សក្តានុពល​ច្រើន​ក្នុងការ​អភិវឌ្ឍ​ការថែរក្សា​ព្រៃឈើ​របស់ខ្លួន និង​បង្កើន​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការដាំដុះ​ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​ប្រចាំថ្ងៃ។

ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ព្រៃឈើ​នោះ​គឺ​ការដាំដុះ​ដើម​ឫស្សី ព្រោះ​ដើម​ឫស្សី​ត្រូវបាន​គេ​ប្រើប្រាស់ ចាប់តាំងពី​ទំពាំង​រហូតដល់​ដើម​របស់​វា ដែលជាហេតុផល​មួយ​រួមចំណែក​ដល់​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ប្រភេទ​បន្លែ​ទំពាំង​ពី​ប្រទេសជិតខាង។

ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ៖ “ខ្ញុំ​មើល​នៅក្នុង​កាសែត ខ្ញុំ​ឃើញថា​មាន​ចំណូល​ច្រើន​ពី​ដំណាំ​ឫស្សី អ៊ីចឹង​នៅក្នុង​ព្រៃ​នោះ ម៉េច​មិន​ព្រម​ដាំ​ឫស្សី? ព្រោះ​បាន​ផល​ច្រើន ប្រមូល​ផល​ពី​ដើមឫស្សី​ផង និង​ទំពាំង​ផង។ ខ្ញុំ​ឃើញ​ក្នុង​ពិធីការនីមួយៗ ទំពាំង​ត្រូវគេ​យកទៅ​ឆា​ធ្វើ​ម្ហូប មិនតិច​នោះទេ ហើយ​យើង​មិន​ព្រម​គិតគូរ​ដាំ បែ​ជា​ទៅ​នាំ​ទំពាំង​ពី​គេ​មកវិញ។

តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ដែលមាន​សហគមន៍​ព្រៃឈើ មិន​ត្រឹមតែ​មានឱកាស​ថែរក្សា​ព្រៃឈើ​ដែលមាន​ប្រយោជន៍​យូរអង្វែង​ដល់​អនាគត​ក្រុមគ្រួសារ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​មុខរបរ និង​ប្រាក់ចំណូល​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ។ ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់​ថែមទៀត​ថា៖“យើង​អាច​កែច្នៃ​បាន អ្វីដែល​មិន​ប៉ះពាល់​ដល់​ព្រៃឈើ ហើយ​ទទួលបាន​ចំណូល​ផង។ សេដ្ឋកិច្ច​ចេះតែ​កើនឡើង មាន​សេចក្តីត្រូវការ​ច្រើនណាស់ យើង​ត្រូវ​បង្កើន​មុខរបរថ្មីៗបន្ថែមទៀត ខាង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ត្រូវតែ​គិតគូរ​ថា តើ​យើង​អាច​លែងគោ លែង​ក្របី​ក្នុង​ព្រៃឈើ​នោះបាន​ឬទេ?។

ឯកឧត្តម វេ​ង សាខុន បន្ថែមទៀតថា៖ “ខ្ញុំ​កំពុង​បុករុក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​ផ្តល់ទុន​វិនិយោគ​លើ​បញ្ហា​នេះ ដើម្បី​បន្ថែម​ទុន​ទៅដល់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដើម្បី​ជំរុញ​កិច្ចការ​នេះ យើង​មិន​ធ្វើឱ្យប៉ះពាល់​ព្រៃឈើ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចិញ្ចឹម​ជាមួយគ្នា​តែម្តង ដូចជា​ដាំ​ដើម​ឫស្សី ចិញ្ចឹមសត្វ គឺ​យើង​អាចធ្វើ​ទៅរួច ដើម្បី​បន្ថយ​សម្ពាធ។

យោងតាម​ទិន្នន័យ​ដែល​បាន​សិក្សា​នាពេល​កន្លងមក កម្ពុជា​បាន​នាំចូល​បន្លែ​ជាច្រើន​ប្រភេទ​ពី​ប្រទេសជិតខាង​ដែលមាន​បរិមាណ​ប្រមាណ​ជា 400តោន​ក្នុង​មួយថ្ងៃ ចន្លោះ​ពី​ខែមីនា​រហូតដល់ខែវិច្ឆិកា ហើយ​កម្ពុជា​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ 200លាន​ដុល្លារ​សម្រាប់​ការ​នាំចូល​បន្លែ​ទាំងនោះ។

បច្ចុប្បន្ននេះ ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅ​កម្ពុជា​បាន​ថយចុះ​ជា​បន្តបន្ទាប់​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ការផលិត​ស្បៀង​នៅក្នុង​ស្រុក។ ក្នុង​ឆ្នាំ2016 ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅសល់តែ​ជាង 12,000 ដោយ​ថយចុះអស់​ជាង 3,000ហិកតា ពី​ជាង 15,000ហិកតា​ក្នុង​ឆ្នាំ2015 ហើយ​នៅ​ឆ្នាំ2017 ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​នៅសល់តែ​ជាង 9,000ហិកតា​ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *