សូមទទួលស្គាល់ទៅថា ស្ត្រីៗយើងទោះជាកាលពីពេលមិនទាន់មានគភ៌ ធ្លាប់មានរូបរាងស្គមស្វែលស្អាតខ្ញង់លំដាប់បវរកញ្ញាខ្លាំងប៉ុនណាក៏ដោយ តែដល់ពេលមានផ្ទៃពោះច្បាស់ជាមើលទៅឃើញធាត់កន្ទ្រល និងថែមទាំងទ្រោមស្រពោនខុសកាលពីមុនទាំងស្រុង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្ត្រីគ្រប់រូបនៅតែចង់ឱ្យខ្លួនឯងមើលមកស្រស់ស្អាតគ្រប់ពេលវេលាជានិច្ចដែរ ដូច្នេះមិនថាតែពេលមានគភ៌ ឬមិនមានក៏ដោយ ហើយដើម្បីជាការបន្ថែមភាពជឿជាក់លើខ្លួនឯង សូមស្ត្រីមានគភ៌ទាំងឡាយនាំយកតិចនិកការតុបតែងខ្លួនខាងក្រោមនេះទៅប្រើសាកលមើល ទោះជាក្នុងអំឡុងពេលមានគភ៌ក៏ដោយក៏ស្ត្រីយើងនៅតែមើលទៅស្អាតខ្ញង់ដែរ។
1/ តែងខ្លួនបែបងាយៗក្នុងថ្ងៃសប្បាយ៖ ក្នុងថ្ងៃធម្មតាដែលស្ត្រីមានគភ៌ចង់ចេញទៅទិញឥវ៉ាន់នៅខាងក្រៅផ្ទះបន្តិចបន្តួចនោះ ការពាក់យឺតវាលក្លៀកខ្លួនរាងវែងបន្តិច ជាមួយនឹងខោខូវប៊យចង្កេះធូរៗក៏គួរតែល្មមគ្រប់គ្រាន់ហើយ។ ព្រោះឈុតបែបនេះនឹងជួយឱ្យដងខ្លួនរបស់ស្ត្រីមានគភ៌មើលទៅឃើញរាងវែងខ្ពស់ឡើងរហូតមានអារម្មណ៍ថា រាងស្គម និងដើម្បីឱ្យរូបរាងមើលមកឃើញរាងស្វែលឡើងបន្តិចទៀតផង អ្នកគួរជ្រើសរើសស្លៀកពណ៌បែបដិតៗបន្តិច ដូចជា ពណ៌ខ្មៅ ឬពណ៌ទឹកប៊ិចចាស់ ព្រោះវានឹងជួយលាក់រូបរាងរបស់អ្នកបានយ៉ាងល្អ។
2/ ស្លៀកសំពត់ខ្លី៖ ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកក៏អាចយកឈុតដ្រេសមកស្លៀកបានដូចគ្នាដោយគ្រាន់តែយកសំពត់ដ្រេសនោះមកចាប់គូជាមួយខោសាច់ក្រណាត់យឺតជើងវែង ក៏អូខេបាត់ទៅហើយ ឬចង់ស្លៀកជាមួយសំពត់វែងរាងស្មើចុះក្រោម ក៏មើលមកឃើញស្អាតម្យ៉ាងដែរ។
3/ ស្អាតស្រទន់ដោយសំពត់រ៉ូបវែង៖ សំពត់រ៉ូបវែង គឺជាឈុតដែលស្ត្រីមានផ្ទៃពោះគ្រប់រូបគួរមាននៅក្នុងទូសម្លៀកបំពាក់ ព្រោះស័ក្តិសមសម្រាប់មនុស្សមានផ្ទៃពោះបំផុត។ តាមរយៈសំពត់រ៉ូបមានលក្ខណៈវែងចុះក្រោម រីកធំទៅក្រោមចាប់តាំងពីទ្រូងចុះទៅបែបនេះ នឹងជួយលាក់រូបរាងរបស់ស្ត្រីមានគភ៌ឱ្យមើលទៅឃើញស្គមបាន ធ្វើឱ្យមិនមើលឃើញក្បាលពោះ និងត្រគាកច្បាស់នោះទេ ហើយឈុតនេះថែមទាំងមិនរឹបណែនរហូតធ្វើឱ្យធុញថប់ដូចឈុតផ្សេងទៀតផង។
4/ ចាប់គូសំពត់ខោអាវឱ្យត្រូវ៖ ព្រោះការជ្រើសរើសចាប់គូសំពត់ខោអាវនេះនឹងជួយធ្វើឱ្យរូបរាងរបស់ស្ត្រីមានគភ៌មើលមកមានរាងមានរៅល្អឡើង ដូច្នេះអ្នកគួរតែដឹងអំពីតិចនិកការចាប់គូសំពត់ខោអាវដើម្បីស្លៀកហើយឱ្យរូបរាងមើលហើយឃើញស្អាតដូចជា ចៀសវាងការពាក់អាវ ជាមួយសំពត់រលុងធំៗជាដើម ព្រោះនឹងធ្វើឱ្យរូបរាងរបស់ស្ត្រីមានគភ៌មើលមកឃើញធំណែន។
5/ គ្រឿងអលង្ការតុបតែងខ្លួនក៏សំខាន់៖ ជារឿងប្រក្រតីដែលផ្ទៃមុខរបស់ស្ត្រីនឹងមើលទៅឃើញទ្រោមស្រពោនក្នុងខណៈមានផ្ទៃពោះ ព្រោះស្ត្រីមានគភ៌នឹងមានអារម្មណ៍នឿយល្វើយគ្រប់ពេលវេលាហើយថែមទាំងពេលខ្លះនៅអាចកើតអាការចាញ់កូនខ្លាំងរហូតធ្វើឱ្យរាងកាយមើលទៅចុះទ្រុឌទ្រោម តែការបានពាក់គ្រឿងអលង្ការតុបតែងបន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬដង្កៀបកៀបសក់ស្អាតៗ ក៏ជួយឱ្យស្ត្រីមានគភ៌មើលទៅស្អាតស្រស់ស្រាយបានដែរ៕