នៅក្នុងរដូវភ្លៀងដែលមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃរហូតដល់មានទឹកដក់សឹងគ្រប់ទីកន្លែងនោះ គឺជាប្រភពកំណើតយ៉ាងល្អដល់ពួកសត្រូវកំណាចដូចជាសត្វមូស។
ជាប្រក្រតី សត្វមូសមានវដ្តជីវិតក្នុងអំឡុងពេលនៅជាស៊ុតរហូតដល់ធំពេញវ័យក្នុងរយៈពេលពី 9 – 14 ថ្ងៃ ហើយមានតែមូសញីប៉ុណ្ណោះដែលបឺតឈាមជាអាហារ ចំណែកមូសឈ្មោលវិញបឺតទឹកដមពីកេសរផ្កាជាអាហារ ហើយក្រៅពីនេះសត្វមូសញីដែលធំពេញវ័យហើយមានអាយុវែងបានដល់ទៅ 1 – 3 ខែ ឯមូសឈ្មោលមានអាយុត្រឹមតែ 6 – 7ថ្ងៃប៉ុណ្ណោះ តែអ្វីដែលគួរឱ្យខ្លាចនោះគឺ ស៊ុតរបស់មូស ដោយមូសញីនឹងទម្លាក់ស៊ុតនៅក្នុងទឹកនឹង(អត់ហូរ) ស៊ុតនឹងអណ្តែតខ្លួននៅលើផ្ទៃទឹក។ មូសប្រភេទខ្លះប្រើពេលវេលាចាប់តាំងពីទម្លាក់ស៊ុតរហូតដល់ញាស់ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។ ការទម្លាក់ស៊ុតរបស់សត្វមូសម្តងៗមានចំនួនស៊ុតចាប់តាំងពី50 រហូតដល់ 300 ស៊ុតឯណោះ ហើយមូសញីមួយក្បាល ក្នុងមួយជីវិតរបស់វាអាចទម្លាក់ស៊ុតបានចាប់ពី 1 – 7ដងឯណោះ និងអ្វីដែលសំខាន់នោះគឺ ស៊ុតរបស់មូសធន់នឹងសភាវស្ងួតក្រៀមក្រោះបានជាច្រើនខែ និងបើសឹនជាបានទទួលសំណើម ឬមានទឹកលិចស៊ុតម្តងទៀតនោះ ស៊ុតនឹងអាចញាស់ចេញជាសត្វមូសបានក្នុងរយៈពេលតែ 20 – 60 នាទីប៉ុណ្ណោះ។ ថ្ងៃនេះឡា រ៉ែនសូមនាំយកព័ត៌មានរបស់ជំងឺឆ្លងដែលបណ្តាលមកពីសត្វមូសចម្លងរោគមកជម្រាបជូនមិត្តអ្នកអាន ដើម្បីធ្វើជាចំណេះដឹងក្នុងការសង្កេតមើលអាការ និងការការពារជំងឺទាំងនោះដូចខាងក្រោម។
1 . ជំងឺគ្រុនឈាម
មូលហេតុ៖ បណ្តាលមកពីមេរោគវីរុសដោយមានមូសខ្លាជាភ្នាក់ងារចម្លងរោគ។
អាការ៖ បន្ទាប់ពីត្រូវមូសខ្លាដែលមានមេរោគខាំបានប្រមាណជា 5 – 8ថ្ងៃ នឹងកើតមានអាការគ្រុនក្តៅខ្លួនខ្លាំង(38.5 -40អង្សាសេ)ជាប់ៗគ្នា 2 – 7ថ្ងៃ មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងឆ្អឹង ឈឺរង្វង់ភ្នែក អ្នកខ្លះមានអាការឈឺពោះ ក្អួតចង្អោ មិនឃ្លានអាហារ មានកើតស្នាមអុចក្រហមៗនៅលើដៃជើង ខ្លួន ក្លៀក អាចមានចេញឈាមតាមច្រមុះ និងតាមជើងធ្មេញ អាការទូទៅស្រដៀងជំងឺគ្រុនផ្តាសាយ តែគ្មានក្អក និងគ្មានហៀរសំបោរទេ។
សញ្ញាគ្រោះថ្នាក់នៅពេលកំដៅថយចុះ៖ បើមានអាការស្ងៀមស្ងាត់ ល្វើយខ្លាំង រសាប់រសល់ ត្រជាក់ដៃជើង ជីពចរលោតលឿនតែស្រាលៗ ចុកពោះទាន់ហន់ ស្រេកទឹក នោមតិច មានហូរឈាមតាមច្រមុះ ក្អួតចេញឈាម លាមកឡើងពណ៌ខ្មៅ បើឃើញមានអាការទាំងនេះ ចូរប្រញាប់នាំទៅមន្ទីពេទ្យដែលនៅជិតបំផុត បើអ្នកជំងឺឆាប់បានស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យទាន់ពេលវេលាហើយនោះ ឱកាសក្នុងការបាត់បង់ជីវិតមានតិចណាស់។
ការការពារ៖ ដោយសារតែជំងឺនេះនៅមិនទាន់មានវ៉ាក់សាំងការពារនោះ ទើបវិធីការពារគឺ កុំឱ្យមូសខាំ កម្ចាត់ដង្កូវទឹក និងកំទេច ឬបំបាត់ប្រភពកំណើតរបស់មូសខ្លាទាំងអស់។
2 . ជំងឺគ្រុនរលាកខួរក្បាល
មូលហេតុ៖ បណ្តាលមកពីការឆ្លងមេរោគវីរុសដែលមានសត្វមូសរំខានជាភ្នាក់ងារចម្លងរោគដែលច្រើនតែបង្កើនពូជនៅក្នុងប្រភពទឹកតាមវាលស្រែ។ មូសប្រភេទនេះបានទទួលមេរោគគ្រុនរលាកខួរក្បាល ជេ អុី ខណៈពេលជញ្ជក់ឈាមពីសត្វ ជាពិសេសជ្រូកជាប្រភពមេរោគសំខាន់ បន្ទាប់ពីនោះ នៅពេលមូសមកខាំមនុស្សវានឹងបញ្ជូនមេរោគនេះចូលក្នុងរាងកាយមនុស្ស។
អាការ៖ ភាគច្រើនអ្នកឆ្លងមេរោគច្រើនតែគ្មានកើតអាការអ្វីឡើយ តែនៅលើអ្នកជំងឺដែលកើតមានអាការ នឹងមានកម្តៅឡើងខ្ពស់ ឈឺក្បាលខ្លាំង អស់កម្លាំងល្វើយ បើអាការធ្ងន់ធ្ងរ អ្នកជំងឺអាចលែងដឹងខ្លួន និងបាត់បង់ជីវិត ឬអ្នកខ្លះពេលជាសះស្បើយហើយអាចមានអាការពិការខាងខួរក្បាល សតិបញ្ញាចុះខ្សោយ ឬពិការខាងរាងកាយបាន។
ការការពារ៖ ជំងឺនេះអាចការពារបានដោយការការពារកុំឱ្យត្រូវមូសខាំ និងការចាក់វ៉ាក់សាំងការពារ ដូច្នេះអ្នកដែលស្ថិតក្នុងវ័យដែលត្រូវទទួលការចាក់វ៉ាក់សាំងការពារ ដូចជា កុមារតូចៗនោះ អាណាព្យាបាលត្រូវនាំទៅចាក់វ៉ាក់សាំងការពារនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតគេហដ្ឋាន។
3 . ជំងឺគ្រុនចាញ់
មូលហេតុ៖ បណ្តាលមកពីមេរោគ ប្រូតូឈួ ដោយមូសដែកគោលញីដែលរស់នៅក្នុងព្រៃជាភ្នាក់ងារចម្លងរោគ។ នៅពេលត្រូវមូសដែកគោលខាំប្រមាណជា 15 – 30 ថ្ងៃក្រោយ នឹងកើតមានអាការជំងឺ។
អាការ៖ ជាប្រក្រតី អ្នកជំងឺច្រើនតែចាប់ផ្តើមមានអាការក្រោយពីបានទទួលមេរោគហើយប្រមាណជា 1សប្តាហ៍រហូតដល់2ខែ ដោយអ្នកជំងឺនឹងកើតមានអាការ ក្តៅខ្លួនខ្លាំង រងារញាក់ មិនឃ្លានអាហារ ឈឺចុករួយតាមរាងកាយ អ្នកខ្លះមានអាការចុកពោះរាក ចំពោះអ្នកជំងឺដែលធ្ងន់ធ្ងរនឹងមានអាការស្លេកស្លាំង ស្បែកឡើងលឿងខ្លាំង ស្ងាត់ស្ងៀម មានសភាវក្រលៀនលែងធ្វើការ និងអាចដល់ថ្នាក់ស្លាប់បាន។
ការការពារ៖ បច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំងដែលប្រើក្នុងការការពារជំងឺនេះទេ ហើយក៏មិនទាន់មានថ្នាំលេបការពារជាមុនណាដែលមានប្រសិទ្ធភាពខ្ពស់នៅឡើយដែរ ការការពារខ្លួនកុំឱ្យត្រូវមូសខាំ ជាវិធីដែលល្អបំផុតក្នុងខណៈពេលនេះ។
ឥលូវនេះអ្នកបានដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីសត្វកំណាចខ្លួនតូចល្អឹតនេះហើយមែនទេ? ដូច្នេះយើងត្រូវការពារខ្លួនកុំឱ្យត្រូវមូសខាំ និងជួយគ្នាកម្ចាត់ប្រភពកំណើតរបស់សត្វសម្លងរោគដ៏ចង្រៃនេះឱ្យបានច្រើនបំផុត៕