គ្រាដែលវិទ្យាស្ថានបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍជិតរួចរាល់ហើយនោះ ភាគីប្រទេសចិនតំណាងឱ្យខេត្តជាំងស៊ូ បានអះអាងថា នឹងខិតខំធ្វើកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្ដាក់ទុននៅក្នុងតំបន់មួយនេះឱ្យបានច្រើន។
បន្ទាប់ពីមានជំនួបរវាងឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង ឯកឧត្ដម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ដ ជាំង ស៊ូ ប្រទេសចិនរួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ភាគីតំណាងប្រទេសចិនបានសម្ដែងនូវសេចក្ដីរីករាយ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នាអស់រយៈពេល10ឆ្នាំមកហើយ។ លើសពីនេះភាគីទាំងពីរ (កម្ពុជា-ចិន) បានអះអាងថា នឹងខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្ដិការនេះដើម្បីកៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រែក្លាយទៅជាតំបន់ដ៏មានសក្ដានុពលដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាឱ្យបានច្រើន។
ឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រោយពីមានការចុះកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធរវាងគ្នា និងគ្នាអស់រយៈពេល10ឆ្នាំកន្លងមកនោះ នាពេលថ្មីៗនេះក្រុមហ៊ុនចិន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតគម្រោងថ្មីមួយទៀតគឺ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈក្រុងព្រះសីហនុកម្ពុជា-ចិន គិតមកដល់ពេលនេះការអភិវឌ្ឍសម្រេចបានប្រមាណ90%ហើយ ដោយចំណាយទុនក្នុងរង្វង់10លានដុល្លារអាមេរិក។
រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដថា កាបង្កើតគម្រោងថ្មីនេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងខេត្ដជាំង ស៊ូ ប្រទេសចិន ពិសេសក្រុមហ៊ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងការបម្រើឱ្យវិស័យការងារនៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរឯកឧត្ដមអិត សំហេង បញ្ជាក់ថា៖ ”តាមរយៈការបង្កើតគម្រោងថ្មីនេះនឹងអាចឱ្យកម្ពុជាមានសមត្ថភាពបង្កើតនូវធនធានមនុស្សឱ្យកាន់តែប្រសើរឡើងដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រនៅក្នុងតំបន់នេះឱ្យកាន់តែច្រើន”។
រហូតមកដល់ពេលនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រជាង100ដែលអាចផ្ដល់ការងារជូនប្រជាជនកម្ពុជាក្នុងរង្វង់15 000នាក់៕