ក្លិបមាន់ខ្នាយមាស Tottenham បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Paris Saint-Germain ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Lucas Moura។ នេះបើយោងតាមប្រភពព័ត៌មានរបស់ទូរទស្សន៍ Sky Sports។
ការផ្ទេរដែលត្រូវបានគេមើលឃើញថា មានតម្លៃខ្លួន 25លានផោន (ស្មើនឹង 35.2លានដុល្លារអាមេរិក) នោះ រង់ចាំតែការបំពេញលក្ខខណ្ឌផ្ទាល់ខ្លួន និងការពិនិត្យសុខភាពប៉ុណ្ណោះ។ លោក Mauricio Pochettino ដែលជាគ្រូបង្វឹក បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា ក្លិប Tottenham នឹងសម្លឹងរកការចុះហត្ថលេខាជាមួយនឹងកីឡាករដ៏មានសក្តានុពលនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករនាខែមករានេះ។
ខ្សែបម្រើវ័យ 25ឆ្នាំដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន 36លើក និងបានស៊ុតបាល់បញ្ចូលទី 4គ្រាប់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលរូបនេះ បានចាប់ផ្តើមអាជីពរបស់គេជាមួយនឹងក្លិប Sao Paulo និងធ្លាប់ត្រូវបានទាក់ទងឱ្យផ្ទេរទៅកាន់ក្លិប Manchester United កាលពីពេលមុន។
ប៉ុន្តែ រូបគេបានជ្រើសរើសចូលរួមជាមួយនឹង PSG កាលពីខែមករា ឆ្នាំ2013 ហើយចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួនច្រើនជាង 150លើកឱ្យក្រុមម្ចាស់ជើងឯកបារាំងមួយនេះ។ ក្រោយពីបានអនុញ្ញាតឱ្យកីឡាករ Georges-Kevin Nkoudou ចូលរួមជាមួយនឹងក្លិប Burnley កាលពីដើមសប្តាហ៍នេះ លោក Pochettino បានចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹង Wilfried Zaha ប៉ុន្តែ ត្រូវបានបញ្ជាក់ដោយក្លិប Crystal Palace ថា ខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័ររូបនេះ មិនមែនសម្រាប់លក់ឡើយ៕
ប្រភពពី៖ Sky Sports