ស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន បច្ចុប្បន្នគេមើលឃើញថា ការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងខ្លាំងរហូតដល់ប្រមាណជាង 50% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឡាយ សុខហេង ប្រធានផ្នែកនៃខុទ្ទកាល័យធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា បើតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Fin Trust នៃអង្គការ Fin scope បានបង្ហាញថា ការ ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងប្រមាណជាង 50% នៅកម្ពុជា ដែលក្នុងនោះមានដូចជា ការទូទាត់ប្រាក់តាមរយៈការស្គែនបារ៍កូតក្នុងទូរស័ព្ទដៃ ការបង់វិក្កយបត្រទឹកភ្លើង ឬសេវា
អុីនធើណិតតាមរយៈទូរស័ព្ទដៃ ការប្រើ Visa Card ឬ Master Card សម្រាប់ទិញទំនិញតាមអនឡាញការទិញទំនិញនៅតាមហាង ឬផ្សារទំនើបនានាដោយទូទាត់ប្រាក់តាមរយៈ App Pay go ឬ Pi payក្នុងទូរស័ព្ទដៃ ដែលតម្រូវឱ្យដាក់ប្រាក់ចូលគណនីរបស់ខ្លួនជាមុនតាមរយៈម៉ាស៊ីនដាក់ប្រាក់ ឬហៅថាម៉ាស៊ីន Cash in ដែលមាននៅតាម Star Mart និងធនាគារ ABA គ្រប់ទីកន្លែង។
លោកបន្តថា អ្វីដែលធ្វើឱ្យការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងខ្លាំងនៅកម្ពុជា គឺដោយសារតែប្រព័ន្ធទាំងនេះផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយគ្រាន់តែអតិថិជនបើកគណនីប្រើប្រាស់សាច់ប្រាក់នៅក្នុងម៉ាស៊ីនទូទាត់ប្រាក់ណាមួយ ហើយយកប្រាក់ទៅដាក់ដោយខ្លួនឯង ឬផ្ទេរពីគណនីធនាគារចូលទៅម៉ាស៊ីន គឺអាចដកចាយបានគ្រប់ទីកន្លែងដែលមានម៉ាស៊ីន
នេះប្រើប្រាស់ ដូចជានៅតាមធនាគារ តាមផ្សារទំនើប តាម Star Mart នានាដែលមានវត្តមាននៅតាមទីប្រជុំជនទូទាំងរាជធានីភ្នំពេញ។
លោក ចាន់ សុវណ្ណៈ ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអគ្គិសនីសឡា បានលើកឡើងថា តាមបទពិសោធ លោកមិនសូវកាន់ប្រាក់សុទ្ធដាក់តាមខ្លួននោះទេ ព្រោះថា ខ្លាចជួបហានិភ័យបាត់បង់ដោយប្រការណាមួយ ឬខ្លាចមានអំពើចោរកម្មឆក់ប្លន់ផ្សេងៗ ដូច្នេះលោកដាក់ប្រាក់បញ្ចូលក្នុងគណនីរបស់ខ្លួនតាមរយៈធនាគារ ឬម៉ាស៊ីនដាក់ប្រាក់ដើម្បីងាយស្រួលសម្រាប់ការចាយវាយផ្ទាល់ខ្លួនផ្សេង។
ជាមួយគ្នានេះដែរ លោក ជា សេរីវឌ្ឍ ជាអតីតប្រធានក្រុមហ៊ុន Blend Solutions Co, ltd ដែលសព្វថ្ងៃលោកជាប្រធានផ្នែក Business Process Automation នៃក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជាបានបង្ហាញថា អ្វីដែលធ្វើឱ្យការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងឆាប់រហ័សគឺដោយសារប្រជាជនភាគច្រើន(7,1លាននាក់)អាចប្រើប្រាស់ប្រព័ន្ធអុីនធើណែតតាមទូរស័ព្ទដៃបាន ហើយពួកគាត់មានជំនឿខ្លាំងលើប្រព័ន្ធនេះ ព្រោះពួកគាត់អាចឃើញរបាយការណ៍ភ្លាមៗ មិនត្រឹមតែប៉ុណ្ណោះវាផ្តល់ភាពងាយស្រួល ពោលគឺអតិថិជនមិនចាំបាច់កាន់ប្រាក់ច្រើនទៅតាមខ្លួននាំឱ្យលំបាកគ្រប់គ្រងប្រាក់រៀលតូចៗ ឬភ័យខ្លាចបាត់បង់នោះទេ ដោយសារប្រព័ន្ធ Payment តាមអេឡិចត្រូនិកនេះត្រូវគេបង្កើតឡើងដោយគិតគូរតាំងពីប្រាក់តិចតួចចាប់តាំងពីមួយកាក់មួយសេនឡើងទៅ ដោយមិនលម្អៀង ឬបាត់បង់ឡើយ មិនថាប្រាក់នោះមានចំនួនតិចប៉ុនណាក៏ដោយ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការទុកចិត្តខ្ពស់។
យ៉ាងណាក៏ដោយ លោកជឿជាក់ថា ប្រព័ន្ធ Payment តាមរយៈម៉ាស៊ីន Cash In នេះមិនប៉ះពាល់ទៅដល់ការប្រើ Visa Card ឬ Master Card របស់ធនាគារនោះឡើយ ដោយសារប្រព័ន្ធទាំងពីរនេះមានដែនវិសាលភាពផ្សេងៗ ដូចជាម៉ាស៊ីន Pay Go ឬ Pi Pay ភាគច្រើនត្រូវគេប្រើនៅក្នុងហាង ឬផ្សារទំនើបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Master Card ឬ Visa Card អាចប្រើប្រាស់ដកសាច់ប្រាក់បានគ្រប់ទីកន្លែងតាមម៉ាស៊ីន ATM ដែលប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់រួមគ្នានៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មី។
យ៉ាងណាក៏ដោយលោក ជា សេរីវឌ្ឍ បានបញ្ជាក់ដែរថា បើតាមបទពិសោធរបស់ក្រុមហ៊ុន Alipay Wallet នៅប្រទេសចិនវិញ ប្រព័ន្ធទូទាត់សាច់ប្រាក់ទំនើបមួយនេះបានវាយប្រហារប្រព័ន្ធធនាគារស្ទើរតែរលំទៅហើយ។ លោកបញ្ជាក់ដូច្នេះថា “ការវាយប្រហារនេះ គឺដោយសារតែប្រព័ន្ធនេះមានភាពងាយស្រួល ដោយវាអនុញ្ញាតឱ្យអតិថិជន ទិញ-លក់បានស្ទើរគ្រប់ហាងទាំងអស់ សឹងតែមិនបាច់កាន់លុយសុទ្ធ មិនត្រឹមតែប៉ុណ្ណោះ Alipay Wallet នេះផ្តល់ការប្រាក់ដល់អតិថិជនក្នុងកម្រិតខ្ពស់បើប្រៀបធៀបនឹងធនាគារផងដែរ។ ករណីនេះជាបទពិសោធមួយដ៏ល្អសម្រាប់ប្រព័ន្ធធនាគារនៅកម្ពុជា ព្រោះថា បើសិនជាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនពិចារណាផ្លាស់ប្តូរទៅជាប្រព័ន្ធអេឡិចត្រូនិក (Electronic Banking)ទេ ហើយនៅតែរក្សាទម្រង់ដើមសម្រាប់តែផ្តល់កម្ចី ឬដាក់ប្រាក់បញ្ញើនោះ វាអាចនឹងដើរមិនទាន់សម័យកាលបច្ចេកវិទ្យានេះឡើយ។
លោកបានផ្តល់អនុសាសន៍ថា ទោះយ៉ាងណាការប្រែក្លាយខ្លួនទៅជា Electronic Banking ក៏មិនមែនងាយស្រួលនោះដែរ បើសិនជាប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាមានភាពទន់ខ្សោយ គឺគេអាច Hack បាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការចរន្តសាច់ប្រាក់របស់ធនាគារទាំងមូល៕