ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាស្រី ស៊ីន សក្កដា ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា តារាស្រីរូបនេះកំពុងតែគ្រងតំណែងតួឯកស្រី នាង វិធាវី នៅក្នុងរឿង “ផ្កាស្រពោន” ឆ្នាំ2018 នេះ ដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ CTN។
សូមជម្រាបបន្ថែមថា សម្រាប់រឿង “ផ្កាស្រពោន” នេះ កញ្ញា ស៊ិន សក្កដា បានសម្តែងជាតួឯករួមជាមួយលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ ដែលគេរំពឹងថា រឿងនេះនឹងកាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់ស្រីស្អាតម្នាក់នេះលេចធ្លោឡើងមួយកម្រិតទៀត ព្រោះជារឿងអក្សរសិល្ប៍ខ្មែរ ដែលបានបញ្ចូលក្នុងកម្មវិធីសិក្សា។ ស្របគ្នានោះ ក៏មានការលើកឡើងដែរថា កញ្ញា ស៊ិន សក្កដា ពិតជាស័ក្តិសមក្នុងការសម្តែងជាតួនាង វិធាវី ខ្លាំងណាស់ ព្រោះនាងមានទម្រង់មុខស្លូតបូត សុភាពស៊ីជាមួយតួស្រីនៅក្នុងសាច់រឿង។
គួររំឭកផងដែរថា រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏មានប្រជាប្រិយ និងអមតៈមួយនៅប្រទេសកម្ពុជាតាំងពីសម័យមុន ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តច្រើនដងរួចមកហើយផងដែរ។ ប្រលោមលោកដ៏មានប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូ ហាច ដែលបាននិពន្ធឡើងនៅព.ស.2490 ត្រូវនឹងគ.ស.1948៕