គ្រូបង្រៀន ជាវិស្វករនៃព្រលឹង និងជាអ្នកបណ្តុះបណ្តាលមនុស្សឱ្យមានសមត្ថភាពខ្ពស់ ឬក្លាយជាប្រជាជនសកម្មនៅក្នុងប្រទេស ហេតុនេះសកម្មភាពរបស់គ្រូបង្រៀន ជាអ្វីដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះថា ពួកគាត់ជាគំរូសម្រាប់សិស្សគ្រប់គ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យប្រធានមន្ទីរអប់រំទាំងអស់នៅទូទាំងរាជធានី-ខេត្តទាំងអស់ពង្រឹងវិន័យឱ្យបានខ្ពស់ និងពង្រឹងការគ្រប់គ្រងបុគ្គលិកអប់រំនៅគ្រប់គ្រឹះស្ថានអប់រំទាំងអស់។
ក្នុងនោះរដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា កន្លងមកក្រសួងអប់រំបានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួនមិនទាន់អនុវត្តពេលវេលាបំពេញការងារ និងគោរពម៉ោងបង្រៀនបានពេញលេញនៅឡើយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្សថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដែលខិតខំបំពេញការងារ និងសហគមន៍ទៀតផង។
ដើម្បីពង្រឹងវិន័យចំពោះបុគ្គលិកអប់រំឱ្យបានល្អ ឯកឧត្តមណែនាំឱ្យមន្ទីរអប់រំទាំងអស់ពង្រឹងយន្តការត្រួតពិនិត្យវត្តមានរបស់បុគ្គលិកអប់រំនៅគ្រប់គ្រឹះស្ថានសាធារណៈទាំងអស់។ អនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារចំពោះបុគ្គលិកអប់រំចូលយឺត ចេញមុនម៉ោងកំណត់ បុគ្គលិកអប់រំដែលអនុវត្តកាតព្វកិច្ចពុំមានការទទួលខុសត្រូវខ្ពស់ និងប្រគល់ភារកិច្ចឱ្យអ្នកដទៃធ្វើជំនួសដោយខ្លួនឯងទៅបំពេញការងារក្រៅខុសបទបញ្ជា ឬយកការងារក្រៅអង្គភាពមកឡូកឡំក្នុងម៉ោងការងារ ឬអវត្តមានដោយពុំមានមូលហេតុច្បាស់លាស់ និងសេចក្តីណែនាំចុងក្រោយនោះគឺ ត្រូវពង្រឹងការស្លៀកពាក់ឱ្យបានសមរម្យ (ដូចជា ហាមមូរដៃអាវ)ក្នុងពេលបំពេញការងារ៕