ក្លិបកាំភ្លើងធំ Arsenal បានឈានដល់ការព្រមព្រៀងគ្នាមួយក្នុងទឹកប្រាក់ 60លានផោន (ស្មើនឹង 84.4លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang។ នេះបើយោងតាមប្រភពព័ត៌មានរបស់ទូរទស្សន៍ Sky Sports។
ព័ត៌មាន Sky Sports News យល់ឃើញថា ការបំពេញការផ្ទេរនេះនឹងកើតឡើងជាផ្លូវការបាន លុះត្រាតែក្លិប Dortmund រកបានខ្សែប្រយុទ្ធម្នាក់មកជំនួសវិញ។ ក្លិបកាំភ្លើងធំបានរងនូវការច្រានចោលរួចជាស្រេចចំពោះការដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ 50លានផោនកាលពីសប្តាហ៍មុន ខណៈដែលលោក Michael Zorc ប្រធានផ្នែកកីឡារបស់ក្លិប Dortmund បានបញ្ជាក់ថា ពួកគេនឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះចាកចេញ ប្រសិនបើការទាមទារតម្លៃខ្លួនរបស់ពួកគេ ត្រូវបានផ្តល់ឲ្យ។
Aubameyang បានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្ររបស់ក្លិប Dortmund នាកីឡដ្ឋាន Westfalenstadion អំឡុងពេលដែលក្រុមរបស់ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Freiburg កាលពីថ្ងៃសៅរ៍ និងបានលើកបដាមួយដែលសរសេរថា៖ «គ្មានកីឡាកររូបណា ធំជាងក្លិបរបស់យើងឡើយ»។ ប្រសិនបើគេពិតជាចូលរួមជាមួយនឹងក្លិបនៅកីឡដ្ឋាន Emirates នៅមុនពេលបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃពុធមែននោះ Sky Sports News យល់ឃើញថា Arsenal នឹងមានបំណងឲ្យខ្សែប្រយុទ្ធ Olivier Giroud ចាកចេញពីក្លិបនេះ ខណៈដែល Chelsea បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាជាមួយនឹងតារាឆ្នើមអន្តរជាតិបារាំងរូបនេះ។ ប៉ុន្តែ ប្រភពមួយក្នុង Sky Sports News បានបង្ហើបឲ្យដឹងថា Giroud អាចនឹងស្ថិតជាផ្នែកមួយនៃការផ្ទេររបស់ Aubameyang ទៅកាន់ Emirates តាមរយៈការចេញទៅចូលរួមជាមួយនឹង Dortmund វិញ៕
ប្រភពពី៖ Sky Sports