Skip to content

ផ្កា​ខាត់ណា​ធ្លាក់​ថ្លៃ​… «ការ​បង្កើត​​សហ​គមន៍​​បន្លែ​​នឹង​ធ្វើ​ឱ្យ​​តម្លៃ​មាន​លំនឹង»

ជាធម្មតា​នៅពេលដែល​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​តម្លៃ​នៃ​ផលិតផល​មានការ​កើនឡើង​ដូចជា​កាលពីដើមឆ្នាំ តម្លៃ​បន្លែ​ផ្កា​ខាត់ណា​លក់បាន​ថ្លៃ​ខ្ពស់ ដោយសារ​មិនសូវ​សម្បូរ តែ​លុះដល់កណ្តាល​ដៃ និង​ចុងដៃ ការប្រមូល​ផល​បាន​កាន់តែច្រើន តម្លៃ​ក៏បាន​ធ្លាក់ចុះ​វិញ​ដែរ។

លោក​សៅ ផេង និង​លោក​ណែម សារឿន កសិករ​នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល បាន​និយាយ​ស្រដៀង​គ្នា​ថា ពួកគាត់​បាន​ចាប់យក​របរ​ដាំ​បន្លែ​ជិត 30ឆ្នាំ​មកហើយ និង​បាន​ដាំ​បន្លែ​ផ្កា​ខាត់ណា​នេះ​ជាង 10ឆ្នាំ​មកហើយ​ដែរ។ ជាធម្មតា​តម្លៃ​បន្លែ​ផ្កា​ខាត់ណា នឹង​លក់បាន​ថ្លៃ​នៅពេល​កាត់​លក់​ដំបូង(ដើមដៃ) លុះដល់​កណ្តាល​ដៃ និង​ចុងដៃ​គឺ​តម្លៃ​តែងតែ​ធ្លាក់ចុះ​ទៅវិញ ព្រោះតែ​ទិន្នផល​ជន់​ឡើង​កាន់តែច្រើន។ ជាក់ស្តែង​ក្នុងឆ្នាំនេះ​កាលពី​ដំបូង​ឡើយ​មួយ​គីឡូក្រាម​បាន​ដល់​ទៅ 5,000រៀល ឥឡូវ​ពាក់កណ្តាល​ដៃ​នេះ គឺ​បានត្រឹមតែ​ជាង 2,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ហើយ​បើ​តម្លៃ​នៅ​ទ្រឹង​ត្រឹម​ប៉ុណ្ណឹង កសិករ​ក៏​មិន​ជួប​បញ្ហា​អ្វី​ខ្លាំង​ដែរ ព្រោះ​អាច​នៅបាន​ចំណេញ​ខ្លះ​ដែរ ដោយសារ​កាលពី​ដើមដៃ​យើង​បាន​កាត់​លក់ 5 ទៅ6លើក​រួចមកហើយ ក្នុងតម្លៃ​ចន្លោះ​ពី 3,000 ទៅ5,000រៀល ព្រោះ​បន្លែ​ផ្កា​ខាត់ណា​នេះ​ក្នុង​មួយ​ចម្ការ​គេ​កាត់​លក់បាន 6 ទៅ7ដង​ឯណោះ​ទើប​អស់។គ្រាន់តែ​កុំឱ្យ​ធ្លាក់​ថ្លៃ​ដូច​កាលពី​ឆ្នាំទៅ 1គីឡូក្រាម​បានតែ​ជាង 1,000រៀល​នោះ ពិតជា​ខាត​បះដៃបះជើង​ហើយ។

ពួកគាត់​ក៏បាន​ឱ្យដឹង​ដែរ​ថា ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ត្រជាក់ មាន​ភាព​អំណោយផល​ច្រើន​ចំពោះ​ដំណាំ​ផ្កា​ខាត់ណា ទើប​មិនសូវ​ប្រើ​ថ្នាំ និង​ជី​ច្រើន​ឡើយ។ កសិករ​ទាំងពីរ​ក៏បាន​ប្រាប់​អំពី​វិធី​ដាំ​ដុះ និង​ថែទាំ​ផងដែរ​ថា ដំណាំ​ផ្កា​ខាត់ណា​មុនដំបូង​ឡើយ ត្រូវ​សាប​កូន​ទុក​រយៈពេល 28 ទៅ30ថ្ងៃ ទើប​ដក​កូន​យកមក​ស្ទូង(ដាក់​ដាំ) ហើយ​មុននឹង​យក​កូន​មក​ស្ទូង​ត្រូវ​ភ្ជួរ​រាស់​ហាល​ដី​ចោល​ពី 10 ទៅ15ថ្ងៃ​សិន ទើប​លើក​ជា​រង។ ពេល​ដាំ​រួច ត្រូវ​ស្រោច​ទឹក1ថ្ងៃ​ម្តង និង​ជ្រួយ​គុម្ព 1អាទិត្យ​ម្តង ហើយ​រយៈពេល 10 ទៅ15ថ្ងៃ​ត្រូវដាក់​ជី​ម្តង។ ដំណាំ​បន្លែ​ផ្កា​ខាត់ណា ត្រូវការ​ថែទាំ​ខ្លាំង​ជាង​ប្រភេទ​ដំណាំ​បន្លែផ្សេងៗទៀត ហើយ​ក្រោយពី​ដាំ​បាន1ខែ គឺ​យើង​អាច​កាត់​ផ្កា​វា​លក់បាន​ហើយ ដោយ​ផ្កា​មួយ​គុម្ព មាន​ទម្ងន់​ចន្លោះ​ពី​កន្លះ​គីឡូក្រាម ទៅ7ខាំ។

លោក ស សំណាង ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បាន​ប្រាប់​ដែរ​ថា នៅ​ភូមិ​កោះ​ផុស កសិករ​ភាគច្រើន​និយម​ដាំ​បន្លែ​ផ្កា​ខាត់ណា តែ​វា​មានតម្លៃ​ឡើង​ចុះ​មិន​ទៀងទាត់​ទេ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​ចូលរួម​ជា​សមាជិក​សហគមន៍ និង​ងាក​មកប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីធម្មជាតិ​វិញ​នោះ តម្លៃ​បន្លែ​របស់​ពួកគាត់​នឹងមាន​លំនឹង ដូចជា​ផ្កា​ខាត់ណា​អុ​ី​ចឹ​ង គឺអាច​លក់​ទៅឱ្យ​អង្គការ និង​ក្រុមហ៊ុន​ដៃគូ​ក្នុង​មួយ​គីឡូក្រាម​បាន 4,000រៀល​ថេរ ប៉ុន្តែ​សព្វថ្ងៃ​ក៏​កំពុងមាន​បញ្ហា​ដែរ ដោយសារ​ការបញ្ជាទិញ​បន្លែ​សុវត្ថិភាព​មាន​កម្រិត ហើយក៏​សូម​សំណូមពរ​ដល់​ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​រដ្ឋាភិបាល​ដែរ សូមមេត្តា​ជួយ​គិតគូរ​បញ្ហា​ទីផ្សារ​បន្លែ​នេះ​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *