Skip to content

កម្ពុជា​ស្នើ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ

មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្តោតលើ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ខណៈពេលដែល​កម្ពុជា​ខ្វះខាត​លើ​ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ដ៏​ច្រើន ដែល​អាចជួយ​លើកកម្ពស់​តម្លៃ​ផលិតផល​កសិកម្ម​ឱ្យ​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​បាន។

ក្នុងជំនួប​ជាមួយ​មន្ត្រី​របស់​ប្រទេស​ជប៉ុន​កាលពីពេល​កន្លងទៅនេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានស្នើ​ដល់​ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃ​ប្រទេស​ជប៉ុន​ដែល​អមដោយ​អ្នក​ធុរកិច្ច​ជប៉ុន​មួយចំនួនទៀត​ដែល​បានរួម​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ឱ្យ​បង្កើន​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដោយសារតែ​កម្ពុជា​នៅ​ខ្វះខាត​ត្រង់ចំណុច​នេះ​យ៉ាងខ្លាំង។

ក្រុមហ៊ុន​ជប៉ុនធំៗចំនួន 8 មកពី​ខេត្ត EHIME ប្រទេស​ជប៉ុន​បានមក​សិក្សា​ស្វែងយល់ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​កំពុង​បង្ហាញ​នូវ​ភាព​ទាក់ទាញ​ខ្លាំង​ដល់​អ្នកវិនិយោគ​បរទេស។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដល់​បណ្តាញសារព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​សប្តាហ៍​កន្លងទៅ ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃ​ប្រទេស​ជប៉ុន និង​អ្នក​ធុរកិច្ច​ជប៉ុន​មួយចំនួនទៀត​បានលើកឡើង​ថា កម្ពុជា​កំពុងមាន​សក្តានុពល​ខ្ពស់​សម្រាប់​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅប្រទេស។

ឯកឧត្តម Tokihiro Nakamura មានប្រសាសន៍​ដូចដែល​ត្រូវបាន​ដកស្រង់​សម្តី​ក្នុងជំនួប​កន្លងមក​នោះ​ថា ៖ “នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ជប៉ុនធំៗ ចំនួន 8 នៅ​ខេត្ត EHIME ផងដែរ ដើម្បី​សិក្សា និង​ស្វែងយល់​ដោយផ្ទាល់​ពី​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ជាមួយ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​នៅពេលនេះ គណប្រតិភូ​ធុរកិច្ច​ជប៉ុន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIMEនៃ​ប្រទេស​ជប៉ុន ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ:កម្ពុជា ស្តីពី​ការបញ្ជូន​កម្មសិក្សាការី​បច្ចេកទេស​កម្ពុជា​ឱ្យទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើ​ការងារនៅក្នុង​ខេត្ត EHIME ផងដែរ។

តាមរយៈ MoU នេះ ភាគី​កម្ពុជា និង​ជប៉ុន​នឹង​បើកផ្លូវ​ឱ្យមាន​កម្មសិក្សាការី និង​ពលករ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​ទៅ​បណ្តុះបណ្តាល និង​ធ្វើ​ការងារ​រយៈពេល​វែង​នៅ​ខេត្ត EHIME នៃ​ប្រទេស​ជប៉ុន។ កន្លងមក​ថា ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យសំខាន់ៗជាច្រើន​ដូចជា អចលនទ្រព្យ ផ្សារ​ទំនើប​លក់រាយ គ្រឿង​ផ្គុំ​ឧបករណ៍​អេឡិចត្រូនិក ជាដើម ប៉ុន្តែ​គ្មាន​ការវិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ក្នុង​វិស័យ​កសិកម្ម និង​ការកែច្នៃ​កសិផល​នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *