ផ្ទះណាដែលដាំបាយបរិភោគដោយខ្លួនឯង ពេលលាងសម្អាតគ្រាប់អង្ករតែងតែមានទឹកអង្ករនៅសល់ ដែលជាធម្មតាបងៗស្ត្រីមេផ្ទះនឹងចាក់វាចោលជានិច្ច តែឥឡូវឈប់សិន! តើបងៗដឹងទេថា យើងអាចយកទឹកលាងអង្ករនេះទៅប្រើឱ្យកើតជាប្រយោជន៍បានច្រើនយ៉ាងណាស់ ជាពិសេស5ចំណុចខាងក្រោមនេះ ឡារ៉ែន ជឿថា នៅពេលដែលបងៗបានដឹងហើយ បងៗនឹងលែងចាក់ទឹកលាងអង្ករចោលទៀតហើយ…។
1/ ទឹកអង្ករអាចកម្ចាត់មុនបាន៖ ស្ត្រីជនជាតិឥណ្ឌូនេស៊ី និងជប៉ុនមានវិធីថែទាំស្បែកមុខដោយទឹកលាងអង្ករ។ ពួកគាត់ប្រាប់ថា ទឹកលាងអង្ករជួយសម្អាតស្បែកមនុស្សយើងបានល្អណាស់។ បន្ទាប់ពីលាងអង្ករហើយចូរយកទឹកនោះមកចាក់ដាក់កែវទុក បន្ទាប់មកយកទៅទុកនៅក្នុងទូទឹកកក ហើយយកសំឡីមកជ្រលក់ជូតសម្អាតផ្ទៃមុខ និងបំពង់ក។
2/ យកទឹកលាងអង្ករស្រោចដើមផ្កា៖ នៅក្នុងទឹកលាងអង្ករមានសារធាតុអាហារដែលមានប្រយោជន៍ច្រើនណាស់ ដែលល្អ និងស័ក្តិសមបំផុតក្នុងការយកទៅស្រោចដើមផ្កា ឬដំណាំហូបផ្លែតូចៗ ដូចជា ដើមម្ទេស ដើមជី ឬដើមត្រប់ជាដើម។ បើបានស្រោចដើមផ្កាដោយទឹកលាងអង្ករមួយសប្ដាហ៍មួយដងដើមផ្កាទាំងនោះនឹងរីកលូតលាស់ និងមាំមួនបែកមែកខៀវខ្ចី និងចេញផ្កាល្អស្រស់បំព្រងតែម្តង។
3/ ជួយឱ្យសរសៃសក់រឹងប៉ឹង៖ ទឹកលាងអង្ករមានប្រូតេអីុនដែលនឹងជួយធ្វើឱ្យសរសៃសក់រឹងមាំ ភ្លឺរលោង ដោយបន្ទាប់ពីកក់សក់ដោយសាប៊ូកក់សក់រួច ចូរយកទឹកលាងអង្ករមកលាប ហើយផ្អាប់ទុកចោលប្រមាណជា 10នាទី បន្ទាប់មកលាងសម្អាតចេញដោយទឹកស្អាតធម្មតា សរសៃសក់នឹងមានសុខភាពល្អឡើង។
4/ ជួយឱ្យផ្ទាំងក្រណាត់ផ្សេងៗមិនងាយខ្ទេចញក់ញី៖ គ្រាន់តែយកផ្ទាំងក្រណាត់ទាំងនោះមកដាក់ត្រាំក្នុងទឹកលាងអង្ករប្រមាណជា5នាទី ហើយយកទៅបោកលាងសម្អាតចេញ នៅពេលស្ងួតហើយ ផ្ទាំងក្រណាត់ទាំងនោះមិនខ្ទេចញក់ញី ហើយថែមទាំងងាយស្រួលអ៊ុតទៀតផង។
5/ ជួយឱ្យស្បែករាងកាយរលោង បន្ថយការផ្សារក្រហាយ៖ សម្រាប់អ្នកដែលងាយមានអាការប្រតិកម្មចាញ់នឹងអ្វីមួយ ដែលបណ្ដាលឱ្យនៅលើស្បែកមានឡើងកន្ទាលត្រអាក ឬរមាស់ផ្សា គ្រាន់តែយកសំឡីជ្រលក់នឹងទឹកលាងអង្ករមកដុសថ្នមៗចុះឡើងនៅត្រង់កន្លែងមានបញ្ហានោះ និងទុកចោលមួយស្របក់វានឹងជួយកាត់បន្ថយអាការរមាស់ផ្សា និងធ្វើឱ្យស្បែកទន់រលោងទៀតផង៕