រឿងដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងពេលដែលស្ត្រីកំពុងតាំងគភ៌ ក្រៅពីនឹងមានទំហំពោះដែលធំឡើងរៀងរាល់ថ្ងៃហើយនោះ នៅមានទង្វើដែលប្លែកម្យ៉ាងទៀតគឺ មានអារម្មណ៍ថា ឈឺបត់ជើងតូចញឹកញាប់ណាស់ ហើយត្រូវចូលបន្ទប់ទឹកញឹកញាប់ដែរ បើប្រៀបធៀបនឹងពេលមុនមានគភ៌ តែដោយសារតែការដែលត្រូវចូលបន្ទប់ទឹកញឹកញាប់នេះឯង ដែលធ្វើស្ត្រីមានគភ៌មួយចំនួនជ្រើសរើសក្នុងការទ្រាំមិនទៅបត់ជើងតូច ដែលលទ្ធផលនៃការទ្រាំខំទប់មិនទៅបត់ជើងតូចនេះ អាចនឹងធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។
បញ្ហាឈឺបត់ជើងតូចញឹកញាប់នេះច្រើនកើតឡើងក្នុងអំឡុងពេលតាំងគភ៌ 3ខែដំបូងហើយនឹងកើតឡើងម្ដងទៀត គឺនៅក្នុងអំឡុងពេលជិតប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំងគភ៌3ខែដំបូងនេះ ស្បូននឹងមានការពង្រីកខ្លួនធំឡើង ធ្វើឱ្យទៅប្រជ្រៀតជាមួយនឹងប្លោកនោម ហើយថែមទាំងមានចរន្តឈាមដែលហូរវិលមកបរិវេណឆ្អឹងត្រគាកច្រើនឡើងផងដែរនោះ ទើបធ្វើឱ្យមានអារម្មណ៍ឈឺបត់ជើងតូចញឹកញាប់។
ចំណែកក្នុងអំឡុងពេលជិតប្រសូត ក៏កើតអាការឈឺបត់ជើងតូចញឹកញាប់ទៀតដូចគ្នា ដោយសារតែក្បាលរបស់ទារកនៅក្នុងគភ៌បានរំកិលទៅជិត និងសង្កត់ពីលើបរិវេណថ្ងាស (ពោះក្រោមផ្ចិត) របស់ម្ដាយ ដែលក៏នឹងទៅប្រជ្រៀតនឹងប្លោកទឹកមូត្រដូចគ្នា។ តែដោយសារតែស្ត្រីដែលកំពុងតាំងគភ៌ជាច្រើនត្រូវធ្វើការងារក្រៅផ្ទះ មិនងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបប្រើវិធីទ្រាំទប់មិនទៅបន្ទោបង់ ដែលលទ្ធផលនៃការទប់ទ្រាំមិនបន្ទោបង់នេះ (មិនថាក្នុងអំឡុងពេលមានគភ៌ ឬក៏អត់នោះទេ) នឹងធ្វើឱ្យប្លោកទឹកមូត្រឆ្លងមេរោគ ហើយយូរៗទៅក៏នឹងចាប់ផ្ដើមកើតមានអាការដូចជា បន្ទោបង់មិនអស់ (ដូចជានៅឈឺបត់ជើងតូចទៀត តែទឹកមូត្រលែងចេញហើយ) និងនៅពេលធ្ងន់ធ្ងរខ្លាំងឡើង ក៏នឹងមានទឹកមូត្រចេញមកតិច (តែញឹកញាប់ឡើងជារឿយ) និងទីបំផុតអាចនឹងដល់ថ្នាក់រលាកបំពង់សាជីក្រលៀន ដែលអាចធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។
វិធីកែបញ្ហាសម្រាប់ស្ត្រីដែលកំពុងតាំងគភ៌និងមិនងាយស្រួលក្នុងការចូលបន្ទប់ទឹកក្នុងអំឡុងពេលធ្វើដំណើរគឺ ចូរព្យាយាមចៀសវាងការទទួលទានទឹកមុនពេលចេញពីផ្ទះរយៈពេល 1ម៉ោង ដូចជា ប្រុងចេញទៅក្រៅនៅម៉ោង 10ព្រឹក ដូច្នេះក្រោយម៉ោង 9ព្រឹកមិនគួរទទួលទានទឹកឡើយ ហើយគួរបត់ជើងតូចឱ្យហើយមុនពេលចេញទៅក្រៅ ទោះជាមិនឈឺក៏ដោយ លុះពេលទៅដល់គោលដៅហើយ សឹមទទួលទានទឹកបំពេញវិញក៏អាចជួយកែខៃបញ្ហានេះបានដែរ៕