វាពិតប្រាកដហើយ ដែលបុរសគ្រប់គ្នាចង់បានភាពជឿជាក់គ្រប់ជ្រុងជ្រោយពេលទៅសម្ភាសន៍ចូលធ្វើការនោះ ព្រោះថាក្រៅពីធ្វើឱ្យអ្នកមានអារម្មណ៍ថាសប្បាយស្រួលខ្លួន និងស្រួលចិត្តហើយ វានៅបានសាងនូវភាពពេញចិត្តដល់ចៅហ្វាយនាយដែលនឹងទទួលយកអ្នកឱ្យចូលធ្វើការនោះទៀតផង ដូច្នេះហើយទើបថ្ងៃនេះ ឡារ៉ែន សូមនាំយកទិចនិកក្នុងការរៀបចំខ្លួនឱ្យស្រស់សង្ហាដើម្បី ប្រុងប្រៀបខ្លួនចូលសម្ភាសចូលបម្រើការងារឱ្យទទួលបានជោគជ័យមកជម្រាបជូនដូចខាងក្រោមនេះ។
1/ កោរពុកមាត់ ពុកចង្កា ពីយប់ទុកឱ្យហើយ
ព្រោះថា ដល់ថ្ងៃដែលត្រូវចូលទៅសម្ភាសមែនទែននោះ អ្នកច្រើនតែរសាប់រសល់ ខ្វល់ខ្វាយ និងញាប់ញ័រនៅពេលព្រឹកមុននឹងចេញពីផ្ទះទៅ។ ដូច្នេះ ឡារ៉ែន សូមណែនាំថា អ្នកគួរកោរពុកមាត់ ពុកចង្កា និងរោមមុខតាំងពីពេលយប់ទុកឱ្យហើយ ដើម្បីបង្កើនភាពស្រស់ស្អាតនៅពេលព្រឹកស្អែក។ គួរកោរសម្អាតក្រោយពេលងូតទឹកហើយ និងគួរប្រយ័ត្នកុំឱ្យមុតមានស្នាមរបួស ព្រោះអ្នកប្រហែលជាមិនចង់ឱ្យអ្នកដែលសម្ភាសរូបអ្នកសម្លឹងស្នាមរបួសខ្លាំងជាងមើលផ្ទៃមុខដ៏ស្រស់សង្ហារបស់អ្នកឡើយ មែនទេ?
2/ កុំបណ្តោយឱ្យមានអង្គែជ្រុះ
ព្រោះការស្លៀកពាក់ឈុតដែលមានពណ៌ចាស់ដិត ដូចជា ពណ៌ខៀវទឹកប៊ិចចាស់ ឬខ្មៅ គឺជាពណ៌ដែលធ្វើឱ្យអ្នកមើលទៅថ្លៃថ្នូរ កាលីបនិងមើលទៅសមជាអ្នកមានចំណេះដឹង តែរឿងដែលមកបញ្ឈប់ភាពសង្ហារបស់អ្នកឱ្យឈប់ង៉ក់នោះគឺ អង្គែ សត្រូវដ៏កំណាចរបស់ស្បែកក្បាលរបស់អ្នកនឹងឯង។ អ្នកគួរធ្វើការកម្ចាត់អង្គែឱ្យអស់ពីក្បាល ដោយការកក់សក់នឹងសាប៊ូកក់សក់ដែលមានការការពារ និងកម្ចាត់អង្គែនៅពេលព្រឹកដែលត្រូវសម្ភាសនោះតែម្តង ហើយបើអ្នកមានបញ្ហាត្រង់ថាមានអង្គែច្រើននោះឡារ៉ែន ណែនាំឱ្យកក់សក់ដោយទឹកក្តៅឧណ្ហៗព្រោះវានឹងមិនធ្វើឱ្យស្បែកក្បាលរបស់អ្នកឡើងស្ងួតជ្រុលពេក និងកើតមានអង្គែតិចបំផុត។
3/ តុបតែងសក់ផ្នែកខាងក្រោយឱ្យស្អាតរៀបរយផង
មិនមែនតែសក់ផ្នែកខាងមុខនោះទេដែលអ្នកត្រូវមើលថែទាំ និងយកចិត្តទុកដាក់ជាពិសេសនោះ សក់ និងជើងសក់ផ្នែកខាងក្រោយក៏ដូចគ្នាដែរ បើសក់ខាងមុខស្អាតខ្ញង់ តែខាងក្រោយសំពោងដូចគូទទា ក៏អស់សង្ហាបានដូចគ្នា ដូច្នេះគួរតែកាត់តម្រឹមសក់ខ្លះ កុំឱ្យសក់ខាងក្រោយវែងលប់លើ-កអាវជ្រុលពេក នាំឱ្យមើលទៅគ្មានរបៀប។ វិធីដែលល្អបំផុត គឺគួរតែទៅកាត់សក់ឱ្យបានស្អាតមុនដល់ថ្ងៃសម្ភាស ដើម្បីភាពស្អាតសង្ហាបែបប្រាកដក្នុងចិត្ត៕