ភ្នំពេញៈ នៅពេលថ្មីនេះៗ ស្រាប់តែមានការផ្គូផ្គងរបស់មហាជនដែលជាអ្នកគាំទ្រផ្នែកចម្រៀងរវាងតារាចម្រៀងស្រីពូកែបង្ហាញក្បាច់រាំរស់រវើកកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ម្ចាស់បទចម្រៀងដ៏ល្បី “រាំញីកែងជើង” ដែលអ្នកទាំងពីរច្រៀងនៅក្នុងផលិតកម្មហង្សមាសដូចគ្នានោះថា ពួកគេកំពុងតែមានទំនាក់ទំនងស្នេហានឹងគ្នា។
មូលហេតុនាំឲ្យអ្នកគាំទ្រនិយាយថា ពួកគេកំពុងតែមានសម្ព័ន្ធភាពសេ្នហានឹងគ្នានោះគឺ ដោយសារតែតារាទាំងពីរដែលជ្រកក្រោមទ្រនំហង្សមាសនោះតែងតែបណ្តើរគ្នាយ៉ាងសិ្នទ្ធស្នាលខ្លាំងលើសពីមិត្តភាពធម្មតានៅក្នុងព្រឹត្តិការណ៍សិល្បៈជាញឹកញាប់ទៅតាមបណ្តាខេត្តនានា ទើបនាំឲ្យពួកគេមានស្នេហា ក្នុងឱកាសដើរច្រៀងតាមកម្មវិធីប្រគំតន្រ្តីនោះតែម្តង។ ប៉ុន្តែកញ្ញា ទេព បូព្រឹក្ស បានបដិសេធដំណឹងនេះថា៖ «អត់បានស្រឡាញ់គ្នានោះទេ! គ្រាន់តែពួកយើងជាដៃគូចម្រៀងនឹងគ្នាដ៏ល្អតែប៉ុណ្ណោះ គឺថាពួកយើងបានច្រៀងជាមួយគ្នាចំនួន ២បទរួចមកហើយ នៅក្នុងអាល់ប៊ុមបទចម្រៀងរបស់ហង្សមាសសម្រាប់ឆ្នាំថ្មីនេះ។ក្រៅតែពីជាដៃគូចម្រៀង នាងខ្ញុំ និងដេវីតគ្មានទំនាក់ទំនងអ្វីជាពិសេសនោះទេ»។
នាងបន្ថែមថា៖ «ដើម្បីជាដៃគូចម្រៀងល្អ នាងខ្ញុំត្រូវតែមានភាពស្និទ្ធស្នាលនឹងគ្នា និងកន្លងមក បងប្អូនអ្នកគាំទ្រជាយុវវ័យខ្មែរតែងតែប្រដូចនាងខ្ញុំ និង ដេវីត ថា ខ្ញុំជានាង CL ខ្មែរ ហើយលោក ដេវីត ហៅថា G-Dragon ខ្មែរ ហើយក៏និយាយលើសដល់ថ្នាក់ថា យើងជាគូស្នេហ៍នឹងគ្នាទៀតផង!»៕