Skip to content

ប្រទេស​ចិន​បង្កើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា ខណៈ​ទីផ្សារ​អឺរ៉ុប​កាន់តែ​តឹងតែង

អង្ករ​កំពុង​ក្លាយជា​ទំនិញ​កសិកម្ម​តែមួយ​មុខ​គត់​ដែល​នាំមក​នូវ​ប្រាក់ចំណេញ​ខ្លះ​ក្នុង​ការជួយ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្ម​ដទៃ​ទៀត​កំពុង​ប្រឈម​នឹង​ការលំបាក​ដ៏​ខ្លាំង​ក្នុងអំឡុងពេលក្រោយៗនេះ។

ប្រទេស​ចិន​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក បាន​បញ្ជា​ទិញ​ផលិតផល​អង្ករ​ពី​កម្ពុជា​រហូតដល់ 30ម៉ឺន​តោន​នៅក្នុង​ឆ្នាំ2018នេះ ដោយមាន​កំណើន​រហូត​ដល់ 10ម៉ឺន​តោន ធៀប​នឹង​កូតា​ឆ្នាំ2016 និង2017កន្លងទៅ ដែលមាន​ត្រឹមតែ 20ម៉ឺន​តោន​ប៉ុណ្ណោះ ស្រប​ពេលដែល​ទីផ្សារ​អង្ករ​កម្ពុជា​ហាក់​កំពុង​ប្រឈម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប។

អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ ត្រូវបាន​ចុះហត្ថលេខា​រវាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​អុ​ី ស៊ី​ប៉ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​នាំចេញ-នាំចូល​ផ្នែក​ធញ្ញជាតិ ប្រេងឥន្ធនៈ និង​ចំណីអាហារ (COFCO)ដើម្បី​នាំចូល​អង្ករ​រហូតដល់ 30ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2018នេះ​ទៅកាន់​ប្រទេស​ចិន។

ការសន្យា​នាំចូល​ផលិតផល​អង្ករ​ពី​ប្រទេស​កម្ពុជា​ដោយ​បង្កើន​ចំនួន​កូតា​ជា​បន្តបន្ទាប់ គឺជា​ឱកាស​សម្រាប់​ផលិតផល​អង្ករ​កម្ពុជា​ក្នុងការ​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ ហើយក៏​ជា​ឱកាស​បង្កើន​នូវ​ជញ្ជីងពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ជាង​មុន​សម្រាប់​ផលិតផល​នាំចេញ​របស់​កម្ពុជា ខណៈដែល​ប្រទេស​ទាំងពីរ​មាន​គម្លាត​ពាណិជ្ជកម្មរ​ហូត​ដល់​ជិត 4ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​ឆ្នាំ2017 កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន​ជាង 21ម៉ឺន​តោន ហើយ​ចំនួន​កូតា​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី2018នេះ​នឹង​បង្កើន​ឱកាស​ដល់​រោង​ម៉ាស៊ីន និង​កសិករ​របស់​ក​ម្ពុ​ជា​បន្ថែមទៀត។ នេះ​បើតាម​ការលើកឡើង​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រោយ​ការចុះហត្ថលេខា​របស់​ភា​គី​កម្ពុជា​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កាលពី​ថ្ងៃទី15 ខែមករា កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ក្របខ័ណ្ឌ​សមាហរណកម្ម​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ (UNCTAD) ដើម្បី​ពិភាក្សា​អំពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ទៅកាន់​ទីផ្សារ​នៃ​សហភាព​អឺរ៉ុប បន្ទាប់ពី​មានការ​តវ៉ា​របស់​ប្រទេស​អុ​ី​តា​លី ដើម្បី​កំណត់​កូតា​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ដែល​អនុញ្ញាតឱ្យ​ទំនិញ​អង្ករ​របស់​កម្ពុជា​រួច​ពន្ធ​នាំចូល​រហូតដល់​ជាង 100ដុល្លារ​ក្នុង​មួយ​តោន។

ក្នុងជំនួប​ពិភាក្សា​ដោយមាន​វត្តមាន​ឯកឧត្តម វ៉ា រុត​សាន្ត ប្រធាន​ក្រុមទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោក Stefano INAMA ប្រធាន​ផ្នែក​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្នែក​លើកកម្ពស់​គម្រោង​សមាហរណកម្ម​ពាណិជ្ជកម្ម និង​ភាពក្រីក្រ​នៃ UNCTAD។ ជំនួប​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​ការឆ្លើយតប​ចំពោះ​ការតវ៉ា​របស់​ប្រទេស​អុ​ី​តា​លី​ដែល​តែង​ស្នើឱ្យ​គណៈកម្មការ​អឺរ៉ុប​ប្រើប្រាស់​វិធានការ​ការពារ(Safeguard Measures) ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា។

នៅក្នុង​កិច្ចប្រជុំ​នោះ លោក Stefano INAMA បាន​ពន្យល់​លម្អិត​អំពី​ស្ថានភាព​ដាំ​ដុះ​នៅ​ប្រទេស​អុ​ី​តា​លី និង មូលហេតុ​ធ្លាក់​ថ្លៃ​អង្ករ​នៅក្នុង​ប្រទេស​អុ​ី​តា​លី ដែល​នាំទៅដល់​ការតវ៉ា​នោះ។ ជាមួយគ្នា​នោះ លោក​ក៏បាន​បង្ហាញឱ្យឃើញថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​អុ​ី​តា​លី​ក៏បាន​ថយចុះ 51តោន ចន្លោះ​ឆ្នាំ 2015 / 2016 និង​ឆ្នាំ2016 / 2017 ពី 320តោន មក​នៅត្រឹម 269តោន។

លោក Stefano INAMA បានស្នើ​ឱ្យ​ភាគី​កម្ពុជា​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ​តម្រូវ​នានា​របស់​សហភាព​អឺរ៉ុប ដើម្បី​ចៀស​ផុតពី​ការកំណត់​កូតា​សម្រាប់​អង្ករ​ពី​ប្រទេស​កម្ពុជា។

យោងតាម​ទិន្នន័យ​នាំ​អង្ករ​ចេញ​ក្នុង​ឆ្នាំ2017 អង្ករ​របស់​កម្ពុជា​ត្រូវបាន​នាំទៅ​កាន់​ទីផ្សារ​តំបន់​អឺរ៉ុប​ស្មើនឹង 43% ដែលមាន​បរិមាណ 275.557 តោន នៃ​ការនាំចេញ​សរុប​ទៅកាន់​ទីផ្សារ​ពិភពលោកទាំង 63ប្រទេស។

ឯកឧត្តម វ៉ា រុត​សាន្ត ប្រធាន​ក្រុមទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់ដ​ល់អ្ន​ក​ជំនាញការ UNCTAD ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ចុះបញ្ជី​វិញ្ញាតកម្ម (Certification Mark) (ម្លិះ​អង្គរ Malys Angkor) ក្នុងនាម​សហព័ន្ធ​សម្រាប់​ការប្រើប្រាស់​ទៅ​ថ្ងៃ​អនាគត ដែល​ជាការ​បញ្ជាក់ថា គុណភាព​អង្ករ​កម្ពុជា នឹងត្រូវ​បាន​ធានា​នៅលើ​ទីផ្សារ​អន្តរជាតិ ដែលជា​ផ្នែក​នៃ​ការអនុវត្ត​តាម​ការចង់​បាន​របស់​គណៈកម្មកា​រ​អឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *