មកទល់បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជានៅតែបន្តកើនឡើងជាលំដាប់ បើប្រៀបធៀបនឹងឆ្នាំ 2016 និងឆ្នាំ2017កន្លងទៅ វិស័យសំណង់មានការកើនឡើងប្រមាណជាជាង 22%។ ដូច្នេះគេសួរថា តើការកើនឡើងនៃវិស័យសំណង់នេះ អាចមានការប្រកួតប្រជែងខ្លាំងទៅលើអ្វីដែរ?
លោក លី សុភារិទ្ធិ អ្នកគ្រប់គ្រងផ្នែកវិស្វកម្មនៃក្រុមហ៊ុន Camtrust Engineering មានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ2017កន្លងទៅ ក្រុមហ៊ុនរបស់លោកបានទទួលគម្រោងម៉ៅការសាងសង់កើនឡើងប្រមាណជា 15% បើធៀបនឹងឆ្នាំ2016 ដោយភាគច្រើនម៉ៅការសាងសង់លើគម្រោងអគារខុនដូ និងអគារខ្ពស់។ លោកបន្តថា តួលេខនៃការកើនឡើងនេះបង្ហាញថា វិស័យសំណង់នៅកម្ពុជាក៏មានការកើនឡើងដូចគ្នា ដោយសារប្រជាពលរដ្ឋឮខ្មែរចាប់ផ្តើមមានទម្លាប់រស់នៅក្នុងអគារផ្ទះល្វែងទំនើបៗ ពិសេសរស់នៅតាមបុរីបែបស៊ីវិល័យ មានគុណភាព សោភ័ណភាព ផាសុកភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគាត់ទាំងមូល។
លោកបានបន្តថា ការហូរចូលនៃវិនិយោគិនមកពីក្រៅប្រទេសក៏ជាចំណែកមួយដ៏ធំដែលធ្វើឱ្យវិស័យសំណង់នៅកម្ពុជាមានការកើនឡើងខ្លាំងពិសេសវិនិយោគិនជនជាតិចិនដែលបោះទុនវិនិយោគសាងសង់អគារខ្ពស់ៗនៅកម្ពុជាដើម្បីលក់ ឬជួលទៅឱ្យអ្នកវិនិយោគផ្សេងៗដែលចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក ឃឹម ពៅ ប្រធានក្រុមហ៊ុន KP Decor & Construction បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងទទួលបានការគាំទ្រច្រើនពីក្រុមហ៊ុនសំណង់ផ្សេងៗ ទាំងក្នុង និងក្រៅស្រុកពិសេសក្រុមហ៊ុនចិនតែម្តង។
លោកទទួលស្គាល់ថា វិស័យសំណង់នៅកម្ពុជានៅតែបន្តរឹងមាំទៅមុខជានិច្ច ហើយថា ដើម្បីឱ្យមានការគាំទ្រខ្លាំងពីអតិថិជន លុះត្រាតែក្រុមហ៊ុនសំណង់នីមួយៗត្រូវគិតលើគុណភាព សោភ័ណភាព សុវត្ថិភាពជាចម្បង និងតម្លៃក៏ត្រូវមានការប្រកួតប្រជែងផងដែរ។
លោកបន្ថែមទៀតថា “ដើម្បីឱ្យមានការគាំទ្រច្រើនពីអតិថិជន មុននឹងសាងសង់ ក្រុមហ៊ុនត្រូវគិតពីអតិថិជនគោលដៅជាមុនថា តើការសាងសង់ត្រូវលក់ទៅឱ្យអតិថិជនកម្រិតណា? កម្រិតA អ្នកមានចំណូលខ្ពស់ កម្រិតB អ្នកមានចំណូលមធ្យម និងកម្រិតC សម្រាប់អ្នកមានចំណូលទាប។ សម្រាប់ក្រុមហ៊ុន KP Decor & Construction បច្ចុប្បន្នបានទទួលការសហការជាមួយក្រុមហ៊ុនចិនក្នុងការបណ្តាក់ទុនរួមគ្នាសាងសង់សំណង់លំនៅឋានសម្រាប់អ្នកមានចំណូលទាបនៅតាមបណ្តោយផ្លូវជាតិលេខ 3 ជិតបុរីសន្តិភាពនៅក្រោយចូលឆ្នាំចិនខាងមុខ ដែលមានតម្លៃត្រឹមតែចន្លោះពី 2ម៉ឺនដុល្លារ ទៅ 3ម៉ឺនដុល្លារប៉ុណ្ណោះ។
ទោះជាយ៉ាងណា បើគេក្រឡេកទៅមើលគម្រោងសាងសង់ខុនដូ និងអគារខ្ពស់ៗនៅរាជធានីភ្នំពេញវិញ ឃើញថាមានការកើនឡើងខ្លាំង ខណៈដែលតម្រូវការបានថយចុះ។ យោងតាមរបាយការណ៍ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងឆ្នាំ2017 កន្លងទៅ គម្រោងសាងសង់នៅទូទាំងប្រទេសមានចំនួន 3,052គម្រោង ដែលមានតម្លៃប៉ាន់ស្មានទឹកប្រាក់វិនិយោគប្រមាណជាជាង 6ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ2016 កើនឡើងប្រមាណជា 22.3% ដែលក្នុងនោះក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់សាងសង់មានចំនួន 275ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងក្នុងឆ្នាំ2017 ក្នុងចំនួននេះមានក្រុមហ៊ុនបរទេសចំនួន 102ក្រុមហ៊ុន។ ចាប់តាំងពីការអនុវត្តរហូតដល់ដំណាច់ឆ្នាំ2017 មានក្រុមហ៊ុនចំនួន 1,047 កំពុងប្រតិបត្តិការសាងសង់នៅកម្ពុជា។
ដោយឡែកការវិនិយោគលើវិស័យសំណង់ អគារខ្ពស់ៗ និងអគារលំនៅឋានជាលក្ខណៈបុរី នៅរាជធានីភ្នំពេញចាប់ពីឆ្នាំ2000 ដល់2017 គឺមានអគារខ្ពស់ៗចំនួន 979អគារ ក្នុងនោះអគារខ្ពស់ចាប់ពី5 ទៅ9ជាន់មានចំនួន 579អគារ។ កម្ពស់ចាប់ពី10 ទៅ19ជាន់មានចំនួន 290អគារ។ កម្ពស់ពី20 ទៅ29ជាន់មានចំនួន 70អគារ។ កម្ពស់ពី30 ទៅ39ជាន់មានចំនួន 29អគារ និងកម្ពស់ពី40ជាន់ឡើងទៅមាន11អគារ។
វិស័យសំណង់ត្រូវបានគេមើលឃើញថា បានបង្កើតការងារជាច្រើនប្រភេទដល់ប្រជាពលរដ្ឋខ្មែរ គិតជាមធ្យមតម្រូវការពលកម្មចន្លោះពី 25ម៉ឺនទៅ26ម៉ឺននាក់ក្នុងមួយថ្ងៃ ក្នុងនោះនៅរាជធានីភ្នំពេញត្រូវការកម្លាំងពលកម្មចន្លោះពី 12 ទៅ13ម៉ឺននាក់។ សម្រាប់តម្លៃកម្មករគ្មានជំនាញទទួលបានបៀវត្សរ៍ចន្លោះពី 260ដុល្លារដល់ 300ដុល្លារ ចំណែកម្មករមានជំនាញទទួលបានចំណូលចាប់ពី 375 ទៅ 560ដុល្លារក្នុងមួយខែ រីឯវិស្វករ ស្ថាបត្យករ និងអ្នកជំនាញទទួលបានចន្លោះពី 400 ទៅ 2500ដុល្លារក្នុងមួយខែ៕