ការអានជារឿងសំខាន់ណាស់សម្រាប់មនុស្សទាំងអស់លើពិភពលោក ព្រោះថា ប្រភពចំណេះដឹងទាំងអស់ត្រូវបានគេកត់ត្រាទុកនៅក្នុងក្បួនច្បាប់នានា ដែលក្នុងនោះសៀវភៅក៏ជាប្រភពនៃចំណេះដឹងដែលមនុស្សពូកែៗជាច្រើនបានចងក្រងទុកសម្រាប់អប់រំមនុស្សជំនាន់ក្រោយដែរ។
សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត លោក សុខ ឡាក់ បានលើកឡើងថា នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺ សៀវភៅមានដល់ទៅ 130 លានចំណងជើង បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Google ហើយប្រភពចំណេះដឹងទាំងអស់នោះសុទ្ធតែជាទ្រព្យសម្បត្តិដ៏សំខាន់ដែលអាចធ្វើឱ្យមនុស្សបង្កើតលុយបានរាប់លានដុល្លារ។
លោក សុខ ឡាក់ បាននិយាយថា៖ “ មានមនុស្សពូកែៗច្រើនណាស់នៅលើពិភពលោកនេះដែលបានបន្សល់ទុកស្នាដៃដ៏ច្រើន ដែលយើងទាំងអស់គ្នាអាចយកមកប្រើបានដោយគ្រាន់តែចំណាយពេលវេលាដើម្បីអានឯកសារដែលគាត់ខិតខំចងក្រងទុកប៉ុណ្ណោះ។ ស្ថាបនិកបណ្ណាល័យខាងលើបានលើកឡើងផងដែរថា ការអាន គឺជាការវិនិយោគដ៏ឆ្លាតវៃ ដែលទទួលបានទាំងចំណេះដឹង ការកម្សាន្ត និងអាចប្រើប្រាស់វាសម្រាប់ជាប្រយោជន៍ដល់ជីវិតបាន ព្រោះថា បើអ្នកទាំងអស់គ្នាប្រៀបធៀបជាមួយការវិនិយោគបែបផ្សេងវិញ យើងនឹងមើលឃើញថា ការអាន គឺជាការវិនិយោគដែលចំណាយតិច តែទទួលបានផលច្រើន។
លោកបានបញ្ជាក់ផងដែរថា បណ្ណាល័យនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានដល់ទៅជាង 1ម៉ឺនបណ្ណាល័យ គឺច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជាប្រទេសសិង្ហបុរីជាដើម តែជាអកុសលប្រជាជនឮខ្មែរជាច្រើនមិនទាន់បានដឹងច្បាស់ហើយក៏មិនទាន់បានយកចិត្តទុកដាក់ខ្លាំងលើការងារអានដែរ។
លោក សុខ ឡាក់ បាននិយាយថា៖ “បើចង់ឱ្យប្រជាជនខ្មែរចាប់ផ្តើមអាន ហើយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ លុះត្រាតែយើងធ្វើឱ្យបណ្ណាល័យទាំងអស់នោះដំណើរការ។ លោកបានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ មានបណ្ណាល័យមួយចំនួនមិនសូវត្រូវបានគេយកចិត្តទុកដាក់នោះទេ ដែលពេលខ្លះវាបណ្តាលមកពីយើងខ្វះអ្នកជំនាញនៅបណ្ណាល័យ។ តាមពិតនៅបណ្ណាល័យគឺត្រូវការអ្នកជំនាញច្រើនដើម្បីប្រឹក្សាយោបល់ ជ្រើសរើសសៀវភៅដែលត្រូវនឹងស្ថានភាពរបស់អ្នកអាន ដើម្បីកុំឱ្យអ្នកដែលចង់អានមានការហត់នឿយខ្លាំងក្នុងពេលចាប់ផ្តើម
ដំបូង ឬផ្តល់នូវប្រភពដែលសំខាន់ខ្លាំងសម្រាប់អ្នកស្រាវជ្រាវ។ ម្យ៉ាងវិញទៀត អ្នកជំនាញបណ្ណាល័យក៏ជាអ្នកដែលអាចជួយឱ្យអ្នកទាំងអស់គ្នាចំណាយថវិកាតិចក្នុងការស្វែងរកឯកសារនានាដែលខ្លួនចង់បានដើម្បីដោះស្រាយបញ្ហានានាដែលកំពុងប្រឈមក្នុងការរស់នៅ ក្នុងការងារ ឬក្នុងអាជីវកម្មជាដើម៕