អាមេរិក៖ នៅពេលដែលក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone X មានអតិថិជន Apple ជាច្រើនមានការចាប់អារម្មណ៍ជាមួយនឹង iPhone មួយនេះ ជាពិសេសគឺនៅថ្ងៃចេញលក់តែម្ដង ប៉ុន្តែអ្វីដែលគេមើលឃើញជាក់ស្ដែងក្រោយពេលចេញលក់បានប៉ុន្មានខែកន្លងមកនេះ គឺត្រូវការ iPhone X មានចំនួនតិចបំផុត រហូតធ្វើឲ្យ Apple បង្ខំចិត្តកាត់បន្ថយការផលិត។
ក្រុមអ្នកវិភាគជាច្រើន បាននាំគ្នាធ្វើព្យាករណ៍ថា ក្រុមហ៊ុន Apple ទំនងជាបញ្ឈប់ការផលិត iPhone X នៅមុនពេលប្រកាសបង្ហាញវត្តមាន iPhone ជំនាន់ថ្មី។ អ្នកខ្លះទៀតបានលើកឡើងថា ក្រុមហ៊ុន Apple អាចនឹងឈប់ផលិត ព្រមទាំងឈប់លក់ iPhone X នៅលើទីផ្សារថែមទៀតផង ដែលទាំងនេះមកពីតម្រូវការទីផ្សារទាប់ និងធ្លាក់ចុះយ៉ាងខ្លាំង។
KGI Securities ដែលជាស្ថាប័នវិភាគ និងស្រាវជ្រាវទៅលើក្រុមហ៊ុន Apple បានបង្ហាញរបាយការណ៍ស្រាវជ្រាវមួយ និងបានព្យាករណ៍ថា ការលក់ចេញ iPhone X ទៅក្នុងទីផ្សារនាត្រីមាសទី1 ដើមឆ្នាំ 2018 គឺមានចំនួន 18លានគ្រឿង ហើយបើសិនជាធៀបនឹងម៉ូដែលមុនៗ ឃើញថាតួលេខនេះធ្លាក់ចុះគួរឱ្យគត់សម្គាល់ ដែលជាហេតុនាំឱ្យ Apple អាចនឹងឈប់ផលិត ព្រមទាំងឈប់លក់នៅលើទីផ្សារ។
ប្រភពដដែលបានបន្តទៀតថា ការកង្វះនៃតម្រូវការ នឹងធ្វើឱ្យក្រុមហ៊ុន Apple ឈប់ផលិត iPhone X ហើយមូលហេតុធំមួយទៀតដែល Apple មិនចង់ចេញលក់នៅលើទីផ្សារនោះគឺដោយសារតែ មិនចង់លក់ iPhone X ក្នុងតម្លៃថោក៕