ក្លិប Southampton បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Guido Carrillo ក្នុងតម្លៃខ្លួន 19,2លានផោន (ស្មើនឹង 27លានដុល្លារអាមេរិក)។ ក្លិបកំពុងត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League មួយនេះ សង្ឃឹមថា នឹងបន្ថែមភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ ក្រោយពីបានជួបការលំបាកនៅដំណាក់កាលទី1នៃរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mauricio Pellegrino។
ការនាំយក Carrillo គឺជាការចំណាយប្រាក់ជាលើកទី1ពីកញ្ចប់ថវិកាដែលបានមកពីការលក់ខ្សែការពារ Virgil van Dijk ទៅឱ្យក្លិប Liverpool ក្នុងតម្លៃខ្លួន 75លានផោន ខណៈដែលការទិញកីឡាករថ្មីបន្ថែមទៀតដើម្បីពង្រឹងក្រុម នឹងត្រូវធ្វើឡើងបន្តទៀត។ ក្លិប Southampton ក៏បានចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបអន្តរជាតហូឡង់ Quincy Promes របស់ក្លិប Spartak Moscow ផងដែរ ខណៈដែលរូបគេអាចនឹងមានតម្លៃខ្លួន៣០លានផោន។
Carrillo ដែលបានចុះហត្ថលេខាជាមួយនឹងក្លិប Southampton រហូតដល់ខែមិថុនា ឆ្នាំ2021នោះ ភាគច្រើនត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងនៅរដូវកាលនេះ ដោយបានចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងក្នុងការប្រកួតក្របខ័ណ្ឌលីត្រឹមតែ2លើកគត់ ប៉ុន្តែ បានស៊ុតបាល់បញ្ចូលទី5គ្រាប់សម្រាបក្រុមម្ចាស់ជើងឯក Ligue 1 មួយនេះ។
Southampton បានសង្ឃឹមថា នឹងអាចទិញយកខ្សែប្រយុទ្ធវ័យ 26ឆ្នាំរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា15លានផោន ប៉ុន្តែ សំណើរបស់ពួកគេ ត្រូវបានច្រានចោល មុននឹងសម្រេចចិត្តបំពេញការផ្ទេរមួយនេះ ដើម្បីបន្ថែមភាពមុតស្រួចលើតំបន់ប្រយុទ្ធរបស់ពួកគេ។ Carrillo បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ខ្ញុំពិតជារីករាយណាស់។ វាជាអារម្មណ៍ដ៏អស្ចារ្យក្នុងការចូលរួមជាមួយនឹងក្លិបនេះ៕
ប្រភពពី៖ The Guardian