មើលទៅហាក់ដូចជាការពង្រីកទីផ្សារស្មាតហ្វូនរបស់ចិនចូលទៅក្នុងប្រទេសសហរដ្ឋអាមេរិកនឹងកាន់តែពិបាកឡើងហើយ ក្រោយពីស្ថាប័នទូរគមនាគមន៍ AT&T របស់សហរដ្ឋអាមេរិក បានបដិសេធក្នុងការចំណាយស្មាតហ្វូន Hauwei។
ថ្មីៗបំផុតនេះ លោក ម៉ៃខ៍ ខូណាវេយ៍ សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងជាអ្នកតំណាងផ្នែកច្បាប់នៃគណបក្សសាធារណរដ្ឋ បានពិចារណាលើសេចក្ដីព្រាងច្បាប់ (Bill Proposal) ដើម្បីការពារមិនឱ្យរដ្ឋាភិបាលកណ្ដាលធ្វើការរួមជាមួយក្រុមហ៊ុនដែលប្រើប្រាស់សេវាកម្ម ឬឧបករណ៍ដែលផលិតដោយតិចណូឡូជីរបស់ Hauwei និង ZTE របស់ចិន។
សេចក្ដីព្រាងច្បាប់ដែលថានេះបានបង្ហាញខ្លួនឡើងកាលពីពេលថ្មីៗបន្ទាប់ពី AT&T បានបដិសេធក្នុងការលក់ស្មាតហ្វូន Hauwei ដោយសង្កត់ធ្ងន់លើចំណុចដែលថា ត្រូវបានចូលស៊ើបទិន្នន័យ ដែលត្រូវបានអះអាងតាមរយៈរបាយការណ៍មួយរបស់គណៈកម្មាធិការផ្នែកព័ត៌មាន (House Intelligence Committee) កាលពីឆ្នាំ2012 ដែលបានបញ្ជាក់ថា Hauwei និង ZTE គឺជាគ្រោះថ្នាក់ដែលគំរាមសហរដ្ឋអាមេរិក។
លោក ម៉ៃខ៍ ខូណាវេយ៍ បាននិយាយថា “តិចណូឡូជីដែលផលិត និងលក់ដោយប្រទេសចិនគឺជាឧបករណ៍ដែលរដ្ឋាភិបាលចិនប្រើប្រាស់សម្រាប់ស៊ើបការណ៍ពីក្រុមមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលជាគ្រោះថ្នាក់គំរាមដល់សន្តិសុខរបស់ប្រទេសជាតិ។ ការអនុញ្ញាតឱ្យ Hauwei និង ZTE និងស្ថាប័នដទៃទៀតដែលពាក់ព័ន្ធចូលដល់ប្រព័ន្ធការផ្សព្វផ្សាយរបស់រដ្ឋាភិបាលសហរដ្ឋបាននោះ នឹងប្រៀបដូចជាការអញ្ជើញឱ្យប្រទេសចិនចូលមកត្រួតពិនិត្យការធ្វើការងាររបស់យើងបានយ៉ាងលម្អិតដូច្នោះដែរ។ បើសិនជាសេចក្ដីព្រាងច្បាប់នោះត្រូវបានទទួលការធានា និងអនុម័តហើយនោះ នឹងធ្វើឱ្យក្រុមហ៊ុនជាច្រើនដែលប្រើប្រាស់ឧបករណ៍របស់ Hauwei និង ZTE ទាំងប៉ុន្មានមិនអាចធ្វើកិច្ចការជំនួញ (Transaction) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទៀតឡើយ តែ Hauwei និង ZTE នឹងនៅតែអាចលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសនេះបានដដែល៕