រដូវរងា ជារដូវដែលចាស់ៗជំនាន់មុនតែងបង្គាប់ឱ្យកូនកំលោះរបស់ខ្លួនសង្កេតមើលកូនស្រីក្រមុំនៅក្នុងភូមិ ថាតើនារីណាមួយ ដែលមានរូបឆោមសម្បុរស្រស់ស្អាតនៅក្នុងអំឡុងរដូវនេះ គឺមិនសំដៅតែលើរូបរាងខាងក្រៅតែម្យ៉ាងនោះទេ ពោលគឺចាស់ៗចង់បញ្ជាក់ឱ្យសង្កេតពីការថែរក្សាសុខភាពស្បែក និងភាពឧស្សាហ៍របស់នារីម្នាក់នោះ។
នៅពេលដែលរដូវរងាឈានចូលមកដល់ ស្បែករបស់យើងគ្រប់គ្នាតែងតែជួបបញ្ហាស្ងួត ខ្វះជាតិសំណើមដោយសារតែខ្យល់។ ជាពិសេស ប្រសិនបើអ្នកបណ្តែតបណ្តោយមិនចេះរក្សាស្បែកឱ្យបានទៀងទាត់ទេនោះ ស្បែកស្ងួតកាន់តែខ្លាំង រហូតប្រេះបែកស្រកាជាមិនខាន។ ទោះជាយ៉ាងណាកុំបារម្ភ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន នឹងធ្វើការចែករំលែកនូវវិធីសាស្ត្រងាយៗក្នុងការថែរក្សាស្បែកមិនឱ្យស្ងួតប្រេះក្នុងរដូវរងាឡើយ ដោយប្រើប្រាស់ផ្លែឈើសាមញ្ញៗដូចខាងក្រោមនេះ។
1/ ផ្លែក្រូចពណ៌លឿង
របៀបផ្សំ និងការអនុវត្ត
- លាយសាច់ប្រទាលកន្ទុយក្រពើ 2ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចពណ៌លឿង 1ស្លាបព្រាកាហ្វេ ឱ្យម៉ដ្ឋក្លាយជាល្បាយតែមួយ។
- រួចលាបនៅលើផ្ទៃមុខរបស់អ្នកឱ្យសព្វល្អ ហើយរងចាំឱ្យល្បាយនេះធ្វើសកម្មភាពរយ:ពេល10នាទី។
- បន្ទាប់មកសឹមលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយកុំភ្លេចប្រើក្រែមផ្តល់សំណើមតាមក្រោយផង។
- ចូរអនុវត្តវិធីនេះយ៉ាងហោចណាស់3ដងក្នុងមួយសប្តាហ៍ នោះស្បែករបស់អ្នកនឹងចៀសផុតពីភាពស្ងួត និងបែកស្រកាជាមិនខាន។
2/ ផ្លែចេក
របៀបផ្សំ និងការអនុវត្ត
1.គ្រាន់តែបកយកចេកមួយផ្លែ លាយជាមួយនឹងប្រេងដូងមួយស្លាបព្រាកាហ្វេ កូរលាយចូលគ្នាឱ្យក្លាយជាល្បាយតែមួយ។
- រួចលាបនៅលើផ្ទៃមុខ ហើយទុកឱ្យស្ងួត បន្ទាប់មកចាំទៅលាងជម្រះដោយប្រើទឹកក្តៅឧណ្ហៗជាការស្រេច។
- បន្ទាប់មក ចូរប្រើកន្សែងស្អាតជូតឱ្យស្អាតសព្វ រួចប្រើក្រែមផ្តល់សំណើម ដើម្បីការពារស្បែកស្ងួតដោយសារតែទឹកក្តៅ។
- ប្រើរូបមន្តមួយនេះមួយសប្តាហ៍2ដង នោះស្បែករបស់អ្នកនឹងចៀសផុតពីបញ្ហាស្បែកស្ងួតជាមិនខាន។
3/ គ្រាប់ផ្លែប៊័រ
របៀបផ្សំ និងការអនុវត្ត
- ពុះផ្លែប៊័រយកតែគ្រាប់ រួចហាន់ជាចំណិតៗ ក្រឡុកជាមួយទឹកក្រូចឆ្មារ 2-3 ស្លាបព្រាបាយ ឱ្យម៉ដ្ឋក្លាយជាល្បាយតែមួយ។
- លាប និងខាត់ ម៉ាស្សាថ្នមៗនៅលើដងខ្លួន ដៃ និងជើងរបស់អ្នកឱ្យសព្វល្អ ហើយរងចាំឱ្យល្បាយស្ងួតប្រហែលរយ:ពេល10នាទី។
- បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
- រួចប្រើឡេលាបស្បែក រាល់ពេលមុនចូលគេងនិងឡេលាបការពារកម្ដៅថ្ងៃរាល់ពេលចេញដំណើរទៅកន្លែងធ្វើការ ឬនៅពេលស្ថិតនៅក្រោមកម្ដៅថ្ងៃ និងកម្លាំងខ្យល់។
4/ ផ្លែប៉ោមខៀវ
របៀបផ្សំ និងការអនុវត្ត
- ផ្លែប៉ោមខៀវ មានសារធាតុវីតាមីន C ច្រើនស្រាប់ ដូច្នេះអ្នកគ្រាន់តែហាន់ផ្លែប៉ោមខៀវក្រឡុកជាមួយទឹកឃ្មុំ 2ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។
- រួចខាត់ម៉ាស្សាលើស្បែកខ្លួនរបស់អ្នកថ្នមៗ ហើយផ្អាប់ទុករហូតដល់ស្ងួត។
- បន្ទាប់មកសម្អាតខ្លួនចេញជាមួយទឹកក្ដៅឧណ្ហៗ ហើយយកកន្សែងស្អាតជូតខ្លួនឱ្យស្អាត។
- ដូចគ្នានេះដែរ ត្រូវលាបឡេការពារស្បែកនាពេលរាត្រីមុនពេលចូលគេង និងឡេលាបការពារកម្ដៅថ្ងៃនៅរាល់ពេលថ្ងៃ និងពេលស្ថិតនៅក្រោមកម្ដៅថ្ងៃ ឬពេលរងសម្ពាធខ្យល់ខ្លាំង។ ក្នុងចំណោមវិធីខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ក៏ប៉ុន្តែដើម្បីទទួលបាននូវប្រសិទ្ធភាព សូមអនុវត្តជារៀងរាល់ពេលល្ងាចឱ្យបានទៀងទាត់ទើបជាការល្អបំផុត៕