Skip to content

Chelsea និង Roma យល់ព្រម​លើ​ការផ្ទេរ Dzeko និង Palmieri

ក្លិប Chelsea និង Roma បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌផ្សេងៗក្នុងការ​ផ្ទេរ​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Edin Dzeko ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge។ នេះ​បើ​យោងតាម​ទូរទស្សន៍ Sky Sports News ក្នុងប្រទេស​អ៊ីតាលី។

បណ្តាញសារព័ត៌មាន Sky Sports News បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្លិប​ទាំងពីរ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​លើ​ការផ្ទេរ​កីឡាករ​ពីរ​នាក់ គឺ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បូ​ស្នី Dzeko និង​មិត្ត​រួម​ក្រុម​របស់គេ Emerson Palmieri ដែលជា​ខ្សែការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​ប្រេ​ស៊ី​ល។ បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian  ក្លិប Chelsea បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន 44លាន​ផោន (ស្មើនឹង 62.67លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន13.2លាន​ផោន​ទៀត ដើម្បី​នាំយក​កីឡាករ​ទាំងពីរ​នាក់​ពី​ក្លិប Roma។

តែ​ទោះបីយ៉ាងណា Chelsea មិនទាន់​ឈានដល់​ការព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង Dzeko នៅឡើយ​ទេ។ វា​មិនទាន់​ច្បាស់​នៅឡើយ​ថា បញ្ហា​នៃ​ការ​មិនទាន់​ព្រមព្រៀងគ្នា​នេះ ដោយសារតែ​រយៈពេល​នៃ​កុងត្រា ឬ​ទំហំ​នៃ​ប្រាក់បៀវត្សរ៍ ឬ​យ៉ាងណា​ឡើយ។ ប៉ុន្តែ វា​ត្រូវបាន​គេ​យល់ឃើញថា ការផ្ទេរ​របស់ Emerson ផ្តល់​លក្ខ​ខណៈ​ងាយស្រួល​ជាង ខណៈដែល​ខ្សែការពារ​វ័យ 23ឆ្នាំ​រូបនេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​បំពេញ​ការផ្ទេរ​របស់គេ។

Dzeko ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​របស់ Roma ដែល​បានធ្វើ​ការប្រកួត​ជាមួយនឹង​ក្រុម Sampdoria កាលពី​ថ្ងៃ​ពុធ ខណៈដែល​លោក Monchi ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនទាន់​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ។ លោក​បាន​ប្រាប់​ទូរទស្សន៍ Mediaset Premium ថា៖ «Roma ដូចនឹង​ក្លិប​ទាំងអស់​ក្នុង​ពិភពលោក​ដែរ ដោយ​ស្តាប់​សំណើផ្សេងៗ ដែល​ផ្តល់​ឲ្យ​កីឡាករ មិនមែន​ត្រឹមតែ Edin Dzeko ប៉ុណ្ណោះ​ទេ ប៉ុន្តែ គ្រប់គ្នា​ទាំងអស់​នៅក្នុង​ក្រុម​នេះ»៕

ប្រភពពី៖ Sky Sports

Leave a Reply

Your email address will not be published. Required fields are marked *