Granit Xhaka បានរកគ្រាប់បាល់ឈ្នះឲ្យក្រុមខ្លួន ខណៈដែលក្រុម Arsenal បានធ្វើការវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម Chelsea 2-1 ក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី2 នាកីឡដ្ឋាន Emirates កាលពីថ្ងៃពុធ និងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីជើងទី1។
ខ្សែបម្រើអន្តរជាតិស្វ៊ីសរូបនេះ បានរកគ្រាប់បាល់ឈ្នះឲ្យក្រុមរបស់ខ្លួននៅនាទីទី60 ដើម្បីបើកផ្លូវឲ្យពួកគេធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយក្រុម Manchester City នាកីឡដ្ឋាន Wembley នៅថ្ងៃទី25 ខែកុម្ភៈ ខាងមុខនេះ។ ក្រុម Man City របស់លោក Pep Guardiola បានឈានទៅកាន់កីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុម Bristol City របស់ក្របខ័ណ្ឌ Champion ship ក្នុងការប្រកួតជើងទី2 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ និងឈ្នះទាំងពីរជើង 5-3 ដើម្បីរក្សាការស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រជែងដណ្តើមពាន 4 ក្នុងរដូវកាលតែមួយ។
ជ័យជម្នះនេះពិតជាសំខាន់ណាស់សម្រាប់លោក Wenger ក្នុងសប្តាហ៍មួយ ដែលក្រុមកាំភ្លើងធំមួយនេះប្រឈមមុខនឹងភាពត្រដាបត្រដួសក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ដោយសារបាត់បង់ Sanchez ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតរបស់ពួកគេ។
លោក Wenger បានទទួលស្គាល់ថា ភាពមិនច្បាស់លាស់នៃការផ្ទេររបស់ Sanchez បានធ្វើឲ្យក្រុមរបស់លោករង្គោះរង្គើ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គ្រូបង្វឹកវ័យ 68 ឆ្នាំរូបនេះបានឲ្យដឹងថា៖ «យើងបានបាត់បង់កីឡាករដ៏អស្ចារ្យម្នាក់គឺ Alexis Sanchez ហើយក្រុមមួយដែលមិនដឹងពីអ្វីដែលនឹងកើតឡើងនៅបន្ទប់ប្តូរសម្លៀកបំពាក់ នឹងខ្វះនូវការផ្តោតអារម្មណ៍ផ្សេងៗលើទម្រង់លេង»៕
ប្រភពពី៖ The Sun