ក្រៅពីចំណេះ និងការយល់ដឹងក្នុងធុរកិច្ចដែលខ្លួនកំពុងធ្វើហើយនោះ វិធីគិតដែលល្អៗ ក៏ហុចផលដល់ភាពជោគជ័យរបស់ធុរកិច្ចបានដូចគ្នា ព្រោះវិធីគិតប្រៀបដូចជាខ្សែផ្លូវដែលនឹងនាំសហគ្រិនឆ្ពោះទៅរកជ័យជម្នះ ហើយ 4វិធីគិតដែលឡារ៉ែននឹងណែនាំតទៅនេះ គឺជាវិធីគិតដែលសហគ្រិនគ្រប់រូបចាំបាច់ត្រូវតែមាន។
- ត្រៀមកែសម្រួលវិធីគិតគ្រប់ពេលវេលា
ការប្រកាន់ខ្ជាប់ជាមួយវិធីគិតដដែលៗដែលធ្លាប់បានសាងភាពជោគជ័យដល់យើងនោះមិនមែនជារឿងខុសឆ្គងទេប៉ុន្តែបើសិនថ្ងៃណាមួយ ដែលវិធីគិតទាំងនោះមិនអាចសាងភាពជោគជ័យបានតទៅទៀត ឬប្រើសម្រាប់កែខៃបញ្ហាលែងបានហើយនោះ សហគ្រិនត្រូវតែកែសម្រួលវិធីគិតជាថ្មី ដោយវិធីគិតបែបថ្មីនេះ ត្រូវតែអាចកែខៃបញ្ហាដែលកើតឡើងនៅខណៈពេលនោះឱ្យបាន។
- សម្លឹងមើលអនាគតរបស់ធុរកិច្ចឱ្យធ្លុះ
ព្រោះវានឹងធ្វើឱ្យសហគ្រិនអាចកំណត់ខ្សែផ្លូវនៃការដំណើរការធុរកិច្ចរបស់ខ្លួនបានច្បាស់លាស់ និងដឹងថា ត្រូវដំណើរការធុរកិច្ចទៅក្នុងទិសដៅណាទើបទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់ទុក។ ផ្ទុយទៅវិញ បើសហគ្រិនសម្លឹងមើលអនាគតរបស់ធុរកិច្ចមិនធ្លុះ ច្បាស់ជានឹងដំណើរការធុរកិច្ចទៅមុខយ៉ាងគ្មានគោលដៅ ដែលនឹងហុចផលឱ្យធុរកិច្ចនោះដួលរលំបាន។
- មានផែនការបម្រុង ទុកសម្រាប់ហេតុការណ៍ដែលមិននឹកស្មានដល់
យើងមិនដឹងថានៅពេលអនាគត ធុរកិច្ចរបស់យើងនឹងទទួលបានជោគជ័យ ឬបរាជ័យ ហើយនឹងមានបញ្ហាអ្វីខ្លះឱ្យយើងដោះស្រាយនោះទេ ដូច្នេះហើយទើបវិធីការពារដែលល្អបំផុត ប្រហែលជាគេចមិនផុតពីការត្រូវតែមានផែនការបម្រុង ទុកប្រើក្នុងពេលអាសន្នហ្នឹងឯង (ចំណុចនេះចាំបាច់ត្រូវតែមាន)។
4 . ធ្វើធុរកិច្ចដោយទ្រឹស្ដី Game Theory
ព្រោះនឹងធ្វើឱ្យសហគ្រិនសម្លឹងមើលធ្លុះថា គូប្រជែងរបស់ធុរកិច្ចខ្លួនឯងគឺនរណា? ការប្រកួតប្រជែងលើកនេះនឹងមានលទ្ធផលឈ្នះចាញ់យ៉ាងណា? និងមានភាពមានប្រៀបលើការប្រកួតប្រជែងច្រើនតិចប៉ុនណា?។ នៅពេលសម្លឹងមើលធ្លុះហើយ ក៏នឹងអាចវាយតម្លៃស្ថានការណ៍នៃការប្រកួតប្រជែងបាន និងដឹងថា ត្រូវទប់ទល់នឹងគូប្រជែងយ៉ាងណាទើបទទួលបានជ័យជម្នះ?៕
រៀបរៀងដោយ តាវ៉ែនតា