Skip to content

តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ?

មន្ត្រី​ជំនាញ​កសិកម្ម​បានលើកឡើង​ថា យ៉ាងហោចណាស់​ក៏​កម្ពុជា​ត្រូវការ​បន្លែ ត្រី សាច់ ប្រមាណ​ជា1លាន​តោន​ដែរ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅលើ​ទីផ្សា​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​ប្រមាណ​ជា 55ភាគរយ​ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង និង45ភាគរយ​ផលិត​បាន​នៅក្នុង​ស្រុក។

លោក តាន់ ព្រឿ​ន កសិករ​វ័យ​ចំណាស់​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានប្រសាសន៍ថា ការប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​របស់​ពួកគាត់​ហាក់​ពុំ​សូវ​បានទទួល​ផលចំណេញ​ប៉ុន្មាន​ទេ ដោយសារតែ​ធ្វើទៅ​តាម​ទម្លាប់​ពី​បុរាណ មិនមាន​មន្ត្រី​ជំនាញ​កសិកម្ម​របស់រ​ដ្ឋ​ចុះមក​បង្រៀន ឬ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​ដល់​ពល​រដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះឡើយ ដែល​ត្រង់នេះ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “មាន​ម្តងម្កាល​ដែរ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះមក​អប់រំ​ណែនាំ​អំពី​បច្ចេកទេស​នៃ​ការដាំដុះ​ដើម្បីឱ្យ​ទទួលបាន​ផល​ល្អ ប៉ុន្តែ​មិនមែនជា​មន្ត្រី​ជំនាញ​របស់​រដ្ឋ​ទេ មានតែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ស​ហ​ការ​ជាមួយ​ក្រុមហ៊ុន​លក់​សម្ភា​រ​កសិកម្ម ពិសេស​ក្រុមហ៊ុន​លក់​ជី​នេះ​តែម្តង ដែល​មក​ផ្សព្វផ្សាយ​ផលិតផល​ជី​របស់គេ ហើយ​ប្រាប់ថា​ប្រើ​ជី​នោះ​ទៅ​កសិកម្ម​នឹង​ទទួលបាន​ផល​ច្រើន តែ​ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ។

កសិករ​ដដែល​បានលើកឡើង​ទៀតថា នៅក្នុង​មូលដ្ឋាន​របស់គាត់​មាន​ជួប​ការលំបាក​ជាច្រើន​ដូចជា ពិបាក​ផ្លូវ​ធ្វើដំណើរ ខ្វះខាត​ប្រព័ន្ធធារាសាស្ត្រ​ពិសេស​ប្រព័ន្ធ​ប្រឡាយទឹក​ពុំ​អនុគ្រោះ​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​ដាំំ​ដំណាំ​កសិកម្ម​បាន​ទាំងពីរ​រដូវ គឺ​ប្រាំង និង​វស្សា​ដូច​ប្រទេសជិតខាង​បានឡើយ។ អ្វី​ដែលជា​ឧបសគ្គ​ខ្លាំង​សម្រាប់​ការដាំដុះ​នោះ គឺ​កសិករ​នៅក្នុង​មូលដ្ឋាន​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​សម្រាប់​ទិញ​សម្ភារ​កសិកម្ម ពិសេស​ថ្លៃ​ជី និង​ប្រេង​ជាដើម ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ហើយ​ពេល​ផលិត​បាន​ផល បែរជា​ជួប​បញ្ហា​កង្វះ​ទីផ្សារ ឬ​ត្រូវ​ឈ្មួញ​ទម្លាក់​តម្លៃ​ជាដើម។ ឆ្នាំ​ខ្លះ​ប្រមូល​ផល​បាន​ហើយ​លក់​ចេញ​វិញ​ចំណេញ​បាន​តិចតួច ឆ្នាំ​ខ្លះ​លក់​ចេញ​វិញ​ខាតដើម​ក៏មានដែរ​ដែលជា​ហេតុ​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់គាត់ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នៅតែមាន​ជីវភាព​ខ្សត់ខ្សោយ។

ជាមួយគ្នានេះដែរ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជាមាន​ប្រសាសន៍ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​វិស័យ​កសិកម្ម​របស់​យើង​នៅតែមាន​ភាពទន់ខ្សោយ គឺ​ដោយសារ៖

1.ចំណេះដឹង​អំពី​កសិកម្ម​របស់​កសិករ​កម្ពុជា៖ ភាគច្រើន​ធ្វើ​កសិកម្ម​ទៅតាម​ទម្លាប់​ពី​បុរាណ ឬ​ធ្វើទៅតាមៗគ្នា ឃើញ​អ្នកណា​ធ្វើ​អ្វីមួយ​បាន​ក៏​នាំគ្នា​ធ្វើតាម លុះដល់​ពេលធ្វើ​ច្រើន​លើស​កម្រិត មិនមាន​តម្រូវការ​លើ​ទីផ្សារ។

2.កត្តារួម​ចំណែក​ខាង​ផលិតកម្ម៖ មិនមាន​ការគាំទ្រ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កសិករ​ឬ​មាន​ដែរ តែមាន​តិចតួច​នៅក្នុង​តំបន់​ខ្លះ ដែលជា​ហេតុនាំឱ្យ​របរ​ដាំ​ដុះ​មិន​ទទួលបាន​លទ្ធផល​ល្អ។

3.ហេដ្ឋារចនាសម្ព័ន្ធ៖ មិនមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កសិករ​ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល ពោលគឺ កសិករ​កម្ពុជា​ភាគច្រើន​ធ្វើស្រែ ឬ​ដាំ​ដំណាំ​បានតែ​ម្តង​ក្នុង​មួយឆ្នាំ ខុសពី​កសិកម្ម​នៅ​ស្រុក​គេ​ធ្វើបាន​ទាំង​រដូវប្រាំង និង​រដូវវស្សា។

4.ធាតុ​ផ្សំ​នៃ​ផលិតកម្ម៖ ដូចជា​ជី ថ្នាំ​គីមី ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត​សម្រាប់​បូមទឹក​ស្រោច​ដំណាំ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ជាហេតុ​ធ្វើឱ្យ​កសិករ​ចំណាយ​ថ្លៃដើម​ខ្ពស់ ពេល​លក់​ចេញ​មិនសូវ​បាន​ប្រាក់ចំណេញ។

5.មួយវិញទៀត​កសិករ​នៅតាម​តំបន់​មិនបាន​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ឱ្យមាន​អ្នកតំណាង​ចុះ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​កម្ចី​អត្រា​ការប្រាក់​ទាប​ជាង10%ក្នុង​រយៈពេល​មួយឆ្នាំ​នោះទេ។

ការ​ចងក្រង​ជា​សហគមន៍​នេះ​មាន​សារៈសំខាន់​ណាស់ គឺ​ដើម្បី​ពិភាក្សាគ្នា​រៀបចំ​ផែនការ​ច្បាស់លាស់​ដើម្បី​រក​ទីផ្សារ​ជាមុន មុននឹង​សម្រេច​ធ្វើ​កសិកម្ម​លើ​ផ្នែក​ណាមួយ។ សម្រាប់​ប្រទេស​ជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម រដ្ឋាភិបាល​របស់គេ​ជួយ​អន្តរាគមន៍​ឱ្យមាន​កម្ចី​ការប្រាក់​ទាប​សម្រាប់​កសិក​រ ហើយ​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ទើប​កសិកម្ម​ស្រុក​គេ​មាន​ភាពប្រសើរ​ជាង​កម្ពុជា ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ទឹក​នៅ​ទីតាំង​ខ្ពស់ជាង​តែង​ហូរ​ចុះ​មករក​ទីតាំង​ដែល​ទាប​ជាង កសិកម្ម​ក៏​ដូចគ្នា​ដែរ ប្រទេសជិតខាង​គេ​មាន​ភាពល្អប្រសើរ​ជាង​យើង ទើប​ធ្វើឱ្យ​កសិផល​របស់គេ​ហូរ​ចូលមកក្នុង​ទីផ្សា​ក្នុងស្រុក​យើង​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ។

ដើម្បី​លើកកម្ពស់​ដំណាំ​កសិកម្ម លោក សម វិទូ មានប្រសាសន៍​ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​ឱ្យបាន​ល្អ ជួយ​អន្តរាគមន៍​តម្លៃ​ជីគីមី​ឱ្យមាន​តម្លៃ​ទាប​ដូច​ប្រទេសជិតខាង ជាពិសេស​ជួយ​រៀបចំ​សហគមន៍​កសិករ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មាន​ក្រុម​ដឹកនាំ​សហគមន៍​ដើម្បី​ស្នើសុំ​កម្ចី​បាន​ក្នុង​អត្រា​ការប្រាក់​ទាប​សម្រាប់​ធ្វើក​សិ​កម្ម។ ជាមួយគ្នានេះដែរ​កសិក​រ​គួរ​ត្រូវ​ចេះ​គណនា​ថ្លៃដើម​នៃ​ការផលិត ហើយ​ទូទាត់​នៅពេល​លក់​កសិផល​ចេញទៅ​វិញ ថា តើ​បាន​ផលចំណេញ ឬ​មិន​ចំណេញ? ហើយ​បើ​មិន​ចំណេញ​គួរ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដាំ​ដុះ​របៀប​ណា​វិញ?។

គួរបញ្ជាក់​ផងដែរ​ថា មកទល់​ពេល​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​ចងក្រង សហគមន៍​កសិកម្ម​បាន​ជាង 100 សហគមន៍​ហើយ ដោយ​ផ្តោតលើ​ការផលិត​ដាំ​ដុះស្រូវ បន្លែ ផ្លែឈើ និង​ចិញ្ចឹម​ត្រី​សាច់​បានជា​ច្រើន​ប្រភេទ​នៅក្នុង​ខេត្ត​ចំនួន12ជុំវិញ​បឹង​ទន្លេសាប​និង​ខេត្ត​មាន​សក្តានុពល​កសិកម្មផ្សេងៗទៀត​សម្រាប់​ផ្គត់​ផ្គត់​ទីផ្សារ​កសិកម្មសរីរាង្គ​នៅក្នុងស្រុក និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ។

លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​រំពឹងថា នៅត្រឹម 3ឆ្នាំ​ខាងមុខ​ទៀត​មជ្ឈមណ្ឌល​នឹង​ពង្រីក​សមាជិក​ឱ្យបាន​ដល់5.000នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *