នៅពីក្រោយវេទិកាដែលមានអ្នកចូលរួមរហូតដល់រាប់ពាន់នាក់ និងមានវាគ្មិនជាពាណិជ្ជករជោគជ័យជាច្រើននាក់ដែលបានមកចែករំលែកបទពិសោធជីវិតរបស់ខ្លួនទៅកាន់យុវជនកម្ពុជាជំនាន់ថ្មី មានបុរសម្នាក់ដែលពោរពេញដោយភាពរឹងមាំ ដែលតែងតែខិតខំគ្រប់បែបយ៉ាងដើម្បីឱ្យវេទិកាដ៏រស់រវើកនេះកើតឡើង។
បុរសម្នាក់នោះគឺ លោក ពេជ្រ ពិសាល ស្ថាបនិកកម្មវិធី Daily Plus ដែលជាកម្មវិធីបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានគំនិតវិជ្ជមាននៅក្នុងការសិក្សា ក្នុងការងារ ក្នុងជីវិតគ្រួសារ និងក្នុងសង្គមជាក់ស្តែង។ ស្ថាប័នដែលគ្រប់គ្នាបានឃើញនេះ បានបង្កើតបេសកកម្មជាច្រើនតាមរយៈការជំរុញយុវជនឱ្យចាប់ផ្តើមមើលពីគំរូល្អរបស់បុគ្គលខ្លាំងៗក្នុងសង្គម ហើយពិចារណាលើគោលដៅជីវិត និងសកម្មភាពផ្ទាល់ខ្លួន។ ផ្លាស់ប្តូរពួកគេពីមនុស្សម្នាក់ដែលអសកម្ម ឱ្យក្លាយជាមនុស្សសកម្ម ហើយចែករំលែកនូវផ្នត់គំនិតអប់រំ និងផ្តល់ឱកាសសម្រាប់អ្នកដែលជោគជ័យដើម្បីបន្តចែករំលែក។
1. កុមារភាព និងផ្នត់គំនិតអភិវឌ្ឍន៍
ជាកូនប្រុសម្នាក់ក្នុងចំណោមបងប្អូន 5នាក់ លោក ពេជ្រ ពិសាល បានកើតក្នុងគ្រួសារដែលមានកម្រិតជីវភាពមធ្យម ដោយឪពុកម្តាយជាម្ចាស់ចម្ការនៅស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះជាខេត្តត្បូងឃ្មុំ។
ក្នុងវ័យកុមារ បើទោះបីជា ពិសាល មានបងប្អូនច្រើនក៏ដោយ តែជាទូទៅនៅចំពោះមុខការទំនាក់ទំនងជាមួយមនុស្សដទៃ គេជាមនុស្សម្នាក់ដែលចូលចិត្តនៅតែម្នាក់ឯង ខ្លាចមនុស្ស ហើយមិនសូវចង់ទំនាក់ទំនងជាមួយមនុស្សដទៃនោះទេ។ នៅក្នុងកុមារភាពដ៏ទន់ខ្សោយនេះ មនុស្សទូទៅប្រហែលជាស្មានមិនត្រូវទេថា អនាគតរបស់គាត់នឹងអាចក្លាយជាអ្នកគ្រប់គ្រងគម្រោងប្រកបដោយភាពច្នៃប្រឌិតម្នាក់ បើគាត់មិនជួបរឿងវិជ្ជមានមួយចំនួននៅក្នុងដំណើរជីវិត ដែលបានបង្រៀនគាត់នៅពេលនោះ។ ក្នុងវ័យប្រហែល 10ឆ្នាំ រឿងមួយដែលធ្វើឱ្យកុមារ ពិសាល មានការផ្លាស់ប្តូរ និងបង្រៀនគាត់ពីមេរៀនយ៉ាងសំខាន់ក្នុងជីវិត គឺការប្រមូលកំប៉ុងភេសជ្ជៈក្នុងកម្មវិធីមង្គលការមួយ។ កាលនោះដោយវ័យនៅក្មេង ហើយជាមនុស្សមិនសូវចូលចិត្តជួបមនុស្សផង កុមារពិសាល បានរងការរិះគន់យ៉ាងច្រើនពីមនុស្សធំ និងអ្នកដែលនៅជុំវិញខ្លួន ព្រោះថា គាត់ជាកូនក្នុងគ្រួសារជីវភាពមធ្យម ដែលមិនមែនជារឿងចាំបាច់អីក្នុងការរកលុយពីការរើសកំប៉ុងលក់នោះទេ ហើយមានមនុស្សមួយចំនួនទៀតក៏បានស្តីឱ្យគាត់ខណៈគាត់នៅតែជម្នះប្រមូលវាឱ្យបាន ច្រើនរហូតដល់ពេញក្រោមផ្ទះ។
ក្រោយពេលចប់កម្មវិធីមង្គលការនោះ រឿងដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលគឺ មនុស្សជាច្រើនបានបង្វែរឥរិយាបថរបស់ពួកគេ ដោយបានចាប់ផ្តើមសរសើរពិសាលវិញថា គាត់ជាមនុស្សដែលមានគំនិតចេះប្រមូលទុកដាក់ និងរកលុយបានច្រើន។ មេរៀនមួយនេះ បានធ្វើឱ្យគាត់យល់ថា ជាទូទៅនៅពេលដែលយើងធ្វើអ្វីមួយ តែងតែមានមនុស្សដទៃជំទាស់ តែអ្វីដែលសំខាន់នោះគឺ តើយើងអាចធ្វើវាបានដោយចប់ចុងចប់ដើមដែរឬទេ? ប្រសិនបើយើងធ្វើវាហើយទទួលបានលទ្ធផលល្អ មនុស្សជាច្រើននឹងចាប់ផ្តើមឱ្យតម្លៃយើង ហេតុនេះរាល់ឧបសគ្គទាំងអស់នៅដំណាក់កាលដំបូងនៃការងារ គឺត្រូវជម្នះឱ្យបាន ហើយព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើវាឱ្យចប់ ព្រោះតម្លៃរបស់យើងនឹងទទួលបានមកវិញនៅពេលចុងក្រោយនេះឯង។
ចាប់ពីពេលនោះមក ពិសាល តែងតែព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍខ្លួនឯង ហើយចាប់ផ្តើមប្តូរគំនិតពីការខ្លាចមនុស្ស មកខិតខំប្រឹងប្រែងរៀនទាំងក្នុងសាលា និងជីវិតជាក់ស្តែង ទោះជាការសិក្សាមិនទទួលបានលទ្ធផលល្អឥតខ្ចោះក៏ដោយ។ ជាបន្តបន្ទាប់ គាត់ក៏ចាប់ផ្តើមក្លាយជាមនុស្សម្នាក់ដែលមានគំនិតដោយខ្លួនឯង ហើយចូលចិត្តធ្វើការងារទាំងឡាយណាដែលក្មេងដទៃធ្វើមិនកើត រហូតដល់គាត់ចម្រើនវ័យក្លាយជាយុវជនដែលសកម្មក្នុងការងារគម្រោងនានានៅថ្នាក់វិទ្យាល័យ។ មកដល់ថ្នាក់វិទ្យាល័យ គាត់ក៏បានចាប់ផ្តើមធ្វើរឿងលំបាកមួយទៀតដែលមនុស្សទូទៅ រួមទាំងអ្នករៀនថ្នាក់ធំជាងគាត់ព្យាយាមគេចវេះមិនព្រមធ្វើ នោះគឺការប្រមូលមនុស្សដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ នៅថ្នាក់ទី11 តាមរយៈគម្រោងរបស់អង្គការមួយ លោកបានប្រមូលសិស្ស រួមទាំងនិស្សិតប្រហែលជា 300នាក់ដើម្បីទៅចូលរួមស្តាប់សវនាការនៅសាលាក្តីកាត់ទោសខ្មែរក្រហម។ នៅពេលដំបូងមនុស្សជាច្រើន រួមទាំងសិស្សច្បង\នៅមហាវិទ្យាល័យផងគិតថា គាត់មិនអាចធ្វើបាននោះទេ តែអ្វីដែលសំខាន់គឺគាត់ចង់សាកល្បងនូវអ្វីដែលមនុស្សទូទៅគិតថាគាត់ធ្វើមិនបាន ហេតុនេះគាត់ក៏បានសហការគ្នាជាមួយនឹងក្រុមសិស្សមួយចំនួននៅតាមវិទ្យាល័យ និងមហាវិទ្យាល័យដើម្បីផ្សព្វផ្សាយ និងប្រមូលមនុស្សធ្វើការងារសង្គម។ នៅពេលនោះ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះគាត់ ព្រោះថា មនុស្សចំនួនប្រមាណ300នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តដើម្បីរួមដំណើរជាមួយគាត់ខណៈក្រុមការងារដែលជាសិស្សច្បងទាំងអស់បានរត់ចោលអស់ ពេលនោះមានអ្នកចូលរួមច្រើនហួសពីការស្មាន ដែលធ្វើឱ្យមនុស្សម្នានៅក្នុងខេត្តមានការភ្ញាក់ផ្អើល។ ជាដំណោះស្រាយ យុវជន ពិសាល ចាំបាច់ត្រូវតែស្ទុះស្ទាស្វែងរកជំនួយដើម្បីទាក់ទងអ្នករៀបចំឡានក្រុងដើម្បីដឹកអ្នកដំណើរទាំងអស់ឱ្យបានលឿន។
ចាប់ផ្តើមពីបញ្ហាមួយទៅបញ្ហាមួយ យុវសិស្សពិសាល បានបង្កើនភាពរឹងមាំកាន់តែខ្លាំងឡើងបើទោះបីជាខ្លួនកំពុងស្ថិតក្នុងកម្រិតមធ្យមសិក្សាក៏ដោយ ហើយក្រោយពេលដែលឆ្លងកាត់ការដោះស្រាយបញ្ហាដោយខ្លួនឯងបាន គាត់កាន់តែស្គាល់ពីការរស់នៅ និងការតស៊ូកាន់តែច្បាស់ រហូតគាត់កើតជាចិត្តស្រឡាញ់ការងាររៀបចំគម្រោងនេះ។
2. ការបង្កើតគម្រោង និងឧបសគ្គ
ដោយភាពប្រទាញប្រទង់គ្នារវាងក្តីស្រឡាញ់លើជំនាញរចនា (Architect Design) និងជំនាញនៃការរៀបចំគម្រោង លោក ពេជ្រ ពិសាល បានចាប់ផ្តើមចូលសិក្សានៅមហាវិទ្យាល័យផ្នែកស្ថាបត្យកម្ម ស្របពេលដែលលោកបានចូលរៀនថ្នាក់សហគ្រិន និងអភិវឌ្ឍន៍គំនិតរយៈពេលមួយឆ្នាំនៅវិទ្យាស្ថានមួយក្នុងទីក្រុងភ្នំពេញ។ នៅក្នុងថ្នាក់រៀន លោកបានរៀនចេះមុខវិជ្ជាជាច្រើនដែលពាក់ព័ន្ធនឹងការធ្វើទីផ្សារ និងការរៀបចំគម្រោង តែក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នានៅពេលនោះ គឺលោកតែងតែស្ថិតនៅលេខក្រោយគេជានិច្ច។
បើទោះជាបែបនេះក្តី បុរសមិនពូកែសម្តី តែពូកែអនុវត្តជាក់ស្តែងខាងលើ បានតាំងចិត្តរួចជាស្រេចថានឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានមោទនភាពមកលើខ្លួនឱ្យបានបន្ទាប់ពីបញ្ចប់វគ្គសិក្សា ហេតុនេះបេសកកម្មរបស់គាត់គឺព្យាយាមរៀបចំបង្កើតគម្រោងដោយខ្លួនឯង បើទោះបីជាអ្នកដទៃមើលមកគាត់ថាយ៉ាងណាក៏ដោយ។ ស្ថិតក្នុងដំណាក់កាលនេះ លោកបានរៀបចំបង្កើតក្រុមការងារមួយដែលមានឈ្មោះថា The Road ដែលជាគម្រោងបង្កើតសកម្មភាពអប់រំ តាមរយៈសិក្ខាសាលា និងកម្មវិធីមួយចំនួនទៀតដើម្បីជំរុញសមត្ថភាពយុវវ័យ តែដោយសារតែបទពិសោធនៅតិច និងការទំនាក់ទំនងនៅស្ទើរ ក្រុមនោះក៏បរាជ័យ។ មេរៀនពីចំណុចនេះមិនបានធ្វើឱ្យគាត់ភ្ញាក់ផ្អើលនោះទេ ព្រោះបុរសដែលពោរពេញដោយភាពវិជ្ជមានរូបនេះតែងតែមើលឆ្ងាយមួយជំហានមុនមនុស្សដទៃជានិច្ច។
ក្រោយការបញ្ចប់គម្រោងដែលមិនបានទទួលលទ្ធផលល្អនោះមក លោក វិសាល ក៏ចាប់ផ្តើមជជែកជាមួយនឹងអ្នកខ្លាំងៗមួយចំនួនដែលសុទ្ធតែជាអ្នកធ្លាប់បង្កើតគម្រោងធំៗ និងអ្នកខ្លះថែមទាំងមានបទពិសោធក្នុងស្ថាប័នផ្សព្វផ្សាយទៀតផង តែដោយសារតែមនុស្សដែលមានសមត្ថភាពទាំងអស់នោះរវល់ខ្លាំងពេក ក៏ត្រូវបរាជ័យការងារនេះជាថ្មីម្តងទៀត។ មួយដងជាពីរដងដែលលោក ពិសាល បានជួបនឹងរឿងខកចិត្ត តែឧបសគ្គទាំងអស់នោះមិនអាចឱ្យលោកបញ្ចប់ការខិតខំប្រឹងប្រែងនោះទេ ហើយលោកក៏បានប្តូរវិធីសាស្ត្រវិញម្តង ពីការធ្វើការងារជាក្រុម មកធ្វើកាងារតែឯងម្តង។ កាលនោះ លោកចាប់ផ្តើមធ្វើការវិនិយោគលើគម្រោងតែម្នាក់ឯង ទាំងគាត់គ្មានលុយគ្រប់គ្រាន់ផង។ ជាដំណោះស្រាយលោកបានចូលធ្វើការងារក្នុងក្រុមហ៊ុន Pi pay ហើយទឹកចិត្តដែលចង់ជម្នះឧបសគ្គខ្លាំងឱ្យបាននោះ ធ្វើឱ្យលោកដាច់ចិត្តសុំខ្ចីលុយប្រធានរបស់លោកដើម្បីអនុវត្តគម្រោងរបស់ខ្លួន។
ការងារតែម្នាក់ឯងបានផ្តល់ឱ្យលោកនូវបទពិសោធជាច្រើន ដែលក្នុងនោះអ្វីដែលគាត់ទទួលបានគឺ ការរ៉ាប់រងគម្រោងតែម្នាក់ឯងគត់។ លោកបានចាប់ផ្តើមបង្កើតគេហទំព័រមួយសម្រាប់គម្រោង ដោយជួលអ្នកជំនាញឱ្យគេជួយធ្វើ ហើយបានចាប់ផ្តើមស្រាវជ្រាវ និងសរសេរពីអត្ថន័យលម្អិតនៃគម្រោងរបស់លោកនៅក្នុងនោះ ហើយយកវាទៅទាក់ទងវាគ្មិន និងអ្នកឧបត្ថម្ភមួយចំនួន។
លោក ពិសាល និយាយថា៖ “កាលនោះ ខ្ញុំម្នាក់ឯងធ្វើការស្មើមនុស្ស 10នាក់ តែយូរៗទៅខ្ញុំក៏អាចទទួលបានទំនុកចិត្តពីមនុស្សជាច្រើនបន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមប្រមូលផ្តុំមនុស្សដូចៗគ្នាដែលម្នាក់ឯងធ្វើការងារបានច្រើន ព្រោះថា បើម្នាក់អាចធ្វើការងារស្មើនឹងមនុស្ស10នាក់បាន នោះ10នាក់នឹងអាចធ្វើការងារស្មើមនុស្ស 100នាក់បានហើយ”។
ជាលទ្ធផល សកម្មភាពដំបូងបំផុតបានចាប់ផ្តើមឡើងដោយលោកបានបង្កើតសិក្ខាសាលាមួយនៅខែវិច្ឆិកា ឆ្នាំ2016 ដោយមានអ្នកចូលរួមជិត 500នាក់ និងមានម្ចាស់អាជីវកម្មធំៗធ្វើជាវាគ្មិន ហើយជាបន្តបន្ទាប់គម្រោងរបស់លោកក៏ចាប់ផ្តើមត្រូវបានគេស្គាល់ច្រើនក្នុងចំណោមពាណិជ្ជករ និងយុវជន។ ហើយមកទល់នឹងពេលនេះយុវជនកម្ពុជា ដែលរួមមានទាំងសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន រួមទាំងម្ចាស់អាជីវកម្មចំនួនរាប់ម៉ឺននាក់ហើយដែលបានចូលរួមក្នុងសិក្ខាសាលាដែលបង្កើតឡើងដោយស្ថាប័នរបស់លោកតាំងពីចាប់ផ្តើមរហូតមក។
បច្ចុប្បន្នលោក ពេជ្រ ពិសាល ជាអ្នកគ្រប់គ្រងគម្រោង Daily Plus និងជាសហស្ថាបនិកស្ថាប័នទទួលគម្រោងផ្សព្វផ្សាយមួយដែលមានឈ្មោះថា Connect ដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងការធ្វើទីផ្សារតាមបណ្តាញឌីជីថល៕