រយៈពេលជាងមួយឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា ភោជនីយដ្ឋានលំដាប់ស្ដង់ដារអន្ដរជាតិមានឈ្មោះល្បីៗបានកំពុងហូរចូលមកកាន់ទីផ្សារកម្ពុជា។ ការហូរចូលមកយ៉ាងគំហុកនេះត្រូវបានប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបញ្ជាក់ថា វាជារឿងល្អសម្រាប់ទីផ្សារក្នុងស្រុក។
លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា បច្ចុប្បន្នមានភោជនីយដ្ឋានលំដាប់អន្ដរជាតិបាន និងកំពុងតែហូរចូលមកកាន់ទីផ្សារកម្ពុជាជាបន្ដបន្ទាប់ ពិសេសនៅរាជធានីភ្នំពេញ។ ការហូរចូលបែបនេះពុំមានផលប៉ះពាល់ ឬជះឥទ្ធិពលដល់ភោជនីយដ្ឋានក្នុងស្រុកនោះទេ ព្រោះវានឹងធ្វើឱ្យភោជនីយដ្ឋានក្នុងស្រុកទាំងអស់បានសិក្សាស្វែងយល់ពីគេ ព្រមទាំងបានប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនផង។
លោកបន្ដថា ៖ «នៅពេលនោះភោជនីយដ្ឋានក្នុងស្រុកធំ-តូចទាំងអស់ រួមទាំងអាហារដ្ឋានតាមផ្ទះនឹងមើលពីរបៀបរបបនៃការផ្ដល់សេវាកម្មរបស់គេ ពេលនោះហើយដែលវានឹងហុចអត្ថប្រយោជន៍ដល់អតិថិជនតាមរយៈការទទួលបានម្ហូបឆ្ងាញ់ មានអនាម័យ និងមានប្រយោជន៍ដល់សុខភាព ជាដើម។ ក្នុងករណីបើភោជនីយដ្ឋានក្នុងស្រុកមិនព្រមអភិវឌ្ឍខ្លួនទេនោះ អាជីវកម្មរបស់គាត់នឹងអាចជួបហានិភ័យ”។ បច្ចុប្បន្នគេសង្កេតឃើញមានភោជនីយដ្ឋានជាង140 បានចុះបញ្ជីនៅក្នុងសមាគមភោជនីយដ្ឋានកម្ពុជា។ បច្ចុប្បន្នមានភោជនីយដ្ឋានជាច្រើនបានបម្រើអាហារជាច្រើនមុខមកពីបណ្ដាប្រទេសផ្សេងៗគ្នា នៅលើពិភពលោកដូចជាមកពីចិន ជប៉ុន កូរ៉េ អឺរ៉ុប អ៊ីតាលី ជាដើម ប៉ុន្ដែត្រូវបានគេវាយតម្លៃថា កម្ពុជាបច្ចុប្បន្នមានចំណូលចិត្ដទទួលទានម្ហូបបែបចិនច្រើនជាងម្ហូបមកពីប្រទេសផ្សេងៗទៀត។
ទោះជាយ៉ាងនេះក្ដីប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា ៖«បើទោះជាមានភោជនីយដ្ឋានលំដាប់ស្ដង់ដារអន្ដរជាតិមកកាន់ទីផ្សារក្នុងស្រុកច្រើន រួមជាមួយភោជនីយដ្ឋាននៅក្នុងស្រុកស្រាប់ក៏ដោយ ក៏នៅតែមិនទាន់អាចបំពេញតម្រូវការសម្រាប់អតិថិជនបានគ្រប់ដែរ»។
ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា មូលហេតុធ្វើឱ្យភោជនីយដ្ឋានក្នុងប្រទេសកម្ពុជាពុំទាន់អាចបំពេញតម្រូវការរបស់អតិថជនបានគ្រប់គ្រាន់ ដោយសារតែបច្ចុប្បន្នប្រជាជនកម្ពុជាដែលមានអាយុក្រោម30 ភាគច្រើនបានផ្លាស់ប្ដូររបៀបរស់នៅដោយមានទម្លាប់ចេញមកទទួលទានអាហារខាងក្រៅ គួបផ្សំនឹងកំណើនភ្ញៀវទេសចរផងដែរ៕