ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម 23ឆ្នាំ បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship ក្នុងប្រទេសចិន ក្រោយពីបានផ្តួលក្រុមជម្រើសជាតិកាតាអាយុក្រោម 23ឆ្នាំ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី កាលពីថ្ងៃអង្គារម្សិលមិញជាមួយនឹងជ័យជម្នះ 4-3 បន្ទាប់ពីទទួលបានលទ្ធផលស្មើ 2-2 នៅនាទីបន្ថែម 15នាទី 2ដងរួចមក។
វៀតណាម បានក្លាយជាក្រុមទៅពីតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ។ បន្ទាប់ពីជ័យជម្នះនេះ អ្នកគាំទ្រកីឡាបាល់ទាត់វៀតណាមរាប់លាននាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានា ដើម្បីអបអរជ័យជម្នះរបស់ក្រុមពួកគេ។ ជ័យជម្នះរបស់ក្រុមវៀតណាម U23 បានកើតឡើងមុនពេលក្រុមអ៊ូសបេគីស្ថាន U23 ផ្តួលកូរ៉េខាងត្បូង U23 ក្នុងលទ្ធផល 3-០ ក្នុងរយៈពេលបន្ថែម 15នាទី 2ដង ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងរយៈពេល 90នាទី។
ក្រុមទាំងពីរនឹងត្រូវឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ទី27 ខែមករា ខាងមុខនេះ។ លោក Park Hang-seo គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរបស់ក្រុមជម្រើសជាតិវៀតណាម បានឲ្យដឹងថា៖ «វាគ្មានអ្វីស្រពេចស្រពិលទៀតឡើយ ពួកគេគឺជាអ្នកប្រយុទ្ធ។ នៅមុនពេលការប្រកួតនេះ យើងបានសន្យាចំពោះខ្លួនឯងថា យើងមិនអនុញ្ញាតឲ្យអ្នកគាំទ្ររបស់វៀតណាម បាក់មុខឡើយ។ ទីបំផុតយើងធ្វើបានសម្រេចមែន»៕
ប្រភពពី៖ e.vnexpress