មនុស្សយើងគ្រប់រូប ម្នាក់ៗសុទ្ធតែមានសម្ពន្ធភាពយ៉ាងស៊ីជម្រៅជាមួយទឹកភ្នែកពេញមួយជីវិតសាកល្បងគិតទៅមើល៍ នៅពេលកើតមកភ្លាម រឿងដំបូងគេដែលយើងធ្វើមុននឹងបើកភ្នែកមើលពិភពលោក គឺការហាមាត់ស្រែកយំ លុះដល់ធំឡើងយើងក៏ប្រើទឹកភ្នែកបង្ហាញពីអារម្មណ៍សោកស្ដាយខូចចិត្ត ឬត្រេកអរនៅពេលខ្លះ និងច្រើនដងណាស់ដែលវាហូរចេញមកប្រៀបដូចទឹកបាក់ទំនប់ ដោយសារគ្រាន់តែយើងហាន់មើមខ្ទឹមបារាំង។
មើលទៅវាហាក់ដូចជា តំណក់ទឹកថ្លាៗដែលហូរចុះមកលើថ្ពាល់របស់យើង តែវាមានរឿងរ៉ាវអាថ៌កំបាំងច្រើនគួរសម…
ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលពីរឿង7យ៉ាងដែលយើងមិនធ្លាប់ដឹងពាក់ព័ន្ធនឹងទឹកភ្នែកនេះ ធានាថា លោកអ្នកច្បាស់ជានឹកចម្លែកចិត្តមិនខាន។
1/ ហៅថា “ទឹកភ្នែក” តែមិនមែនជា “ទឹក” ទេ
ទឹកដែលហូរចេញមកពីកែវភ្នែក វាត្រូវតែជាទឹកហ្នឹងហើយ! មិនខុសទេ! តែក៏មិនបានត្រឹមត្រូវទាំងអស់ដែរ។ ការពិតទៅ ទឹកភ្នែករបស់យើងមានលក្ខណៈដូចជាបន្ទះហ្វ៊ីលម៍ដែលដាក់ពីលើគ្នា3ជាន់។ ជាន់ក្រៅបំផុត ឬ “ស្រទាប់ខ្លាញ់” (Lipid layer) មានខ្លាញ់ជាផ្នែកផ្សំចម្បង មានតួនាទីការពារការហើរស្ងួតរបស់ទឹកភ្នែក បញ្ចៀសពន្លឺនិងជួយក្នុងការមើលឃើញ។
ជាន់ទីពីរ ហៅថា “ស្រទាប់សារធាតុទឹក” (Aqueous layer) ប្រាកដណាស់! មានទឹកជាចំណែកផ្សំចម្បង និងនៅមានផ្សំដោយសារធាតុសំខាន់ផ្សេងៗដូចជា អំបិលរ៉ែ ប្រូតេអីុន និងសារធាតុការពារជំងឺផ្សេងៗទៀតផង។ មុខនាទីរបស់ស្រទាប់សារធាតុទឹកភ្នែកដែលសំខាន់បំផុតគឺ ផ្ដល់អុកស៊ីែហ្សនដល់កែវភ្នែក និងជាប្រភពអាហារសំខាន់របស់កែវភ្នែក។
ជាន់ក្នុងបំផុត ជា “ស្រទាប់រំអិល” (Mucouslayer) ប្រកបដោយរំអិល ប្រូតេអីុន និងអំបិលរ៉ែ មានតួនាទីធ្វើឱ្យស្រទាប់កញ្ចក់ភ្នែករាប ជួយឱ្យសម្លឹងមើលឃើញច្បាស់ ជួយរំអិលស្រទាប់ផ្នែកខាងមុខកែវភ្នែក និងស្ទាក់ចាប់វត្ថុប្លែកចម្លែកជួយការពារមិនឱ្យភ្នែកជាប់មេរោគ។
2/ ច្រើនជាង1 តែមានដល់ទៅ3
ប្រយោគនេះមិនមែនជាការផ្សាយពាណិជ្ជ-កម្មលក់ទំនិញទេ តែជាប្រភេទ “ទឹកភ្នែក” របស់មនុស្សយើងហ្នឹងឯង។ ទោះជាមានសភាព និងរូបរាងទ្រង់ទ្រាយដូចគ្នាទាំងអស់មែន តែការពិតវិញ ទឹកភ្នែកមានដល់ទៅ3ប្រភេទឯណោះ។
– Basal Tear ទឹកភ្នែកដែលហូរចេញមកគ្រប់ពេលវេលា ដើម្បីផ្ដល់សំណើមដល់កែវភ្នែក និងការពារធូលីដី។
– Reflex Tear បើត្រឹមតែមានធូលីដីហើរចូលភ្នែក ហើយចេញទឹកភ្នែកនោះ ហ្នឹងហើយគឺ Reflex Tear។ ជាទឹកភ្នែកដែលហូរចេញមកក្នុងបរិមាណច្រើននៅពេលមានកម្ទេចអ្វីម្យ៉ាងចូលភ្នែក ឬនៅពេលមានអារម្មណ៍ថា ក្ដៅក្រហាយភ្នែក ដូចជា ពេលហាន់មើមខ្ទឹមបារាំង ឬប៉ះនឹងពន្លឺចាំងខ្លាំងៗជាដើម។
– Emotional Tear ជាទឹកភ្នែកដែលមានតែមនុស្សប៉ុណ្ណោះដែលអាចបង្ហូរចេញមកបាន។ វានឹងហូរចេញមកនៅពេលកើតមានអារម្មណ៍ផ្សេងៗ ដូចជា សោកសៅ ខូចចិត្ត អផ្សុក ខកបំណងស្នេហ៍ និងត្រេកអរខ្លាំងជាដើម តែភាគច្រើន… ប្រាកដណាស់! ជាទឹកភ្នែកនៃក្ដីសោកស្ដាយខូចចិត្ត។
3/ មិនយំ មិនមែនមានន័យថា មិនមានទឹកភ្នែកនោះទេ
កុំអាលភ្ញាក់ផ្អើលអី! ព្រោះអាចនឹងស្ដាប់មើលទៅរាងកម្សត់ តែវាជាសភាវប្រក្រតីរបស់រាងកាយមនុស្សយើង។ ទឹកភ្នែកប្រភេទ Basal Tear របស់យើងនឹងហូរចេញមក ដើម្បីថែរក្សាឮកែវភ្នែកឱ្យមានសំណើមគ្រប់ពេលវេលា តែហូរចេញមកក្នុងបរិមាណតិចបំផុត មួយថ្ងៃត្រឹមតែ5-10អនស៍ប៉ុណ្ណោះ ហើយនឹងហើរស្ងួតទៅវិញប្រមាណជា10%-20% គ្រប់ពេលដែលយើងបើកភ្នែក ទើបយើងស្ទើរតែមិនដឹងឡើយថា មានទឹកភ្នែកកំពុងថែទាំយើង។
4/ ទឹកភ្នែក និងទឹកសមុទ្រ… ដូចគ្នាទេ?
ហេតុអីបានជាទឹកភ្នែកមានរសជាតិប្រៃដូចទឹកសមុទ្រដែរ? ជាទឹកតែមួយដូចគ្នា ឬយ៉ាងណា? ចម្លើយគឺ ទេ… ខុសគ្នាស្រឡះ! ព្រោះនៅក្នុងទឹកភ្នែក និងទឹកសមុទ្រមានចំណែកផ្សំរបស់ “អំបិល” ឬសូដ្យូមខ្លូរ៉ាយដ៍ដូចគ្នាមែន តែកម្រិតជាតិប្រៃរបស់ទឹកភ្នែកខុសប្លែកពីគ្នាអាស្រ័យលើបច្ច័យជាច្រើន ដូចជា ការយំ និងការត្រេកអរ ឬរំភើបចិត្តជាដើម។
5/ គ្មានទឹកភ្នែក… អាចនឹងមើលឃើញមិនច្បាស់
អ្នកណាទៅដឹងថា វត្ថុសំខាន់មួយដែលធ្វើឱ្យមនុស្សយើងមើលឃើញបានច្បាស់នោះគឺ “ទឹកភ្នែក”?ក្រៅពីនឹងជួយឱ្យមានសំណើមដល់កែវភ្នែកហើយ ទឹកភ្នែកនៅជួយសម្អាតកញ្ចក់ភ្នែក ធ្វើឱ្យយើងមើលឃើញបានច្បាស់ល្អឡើង។ ដូច្នេះ យើងគួរមើលថែទាំសុខភាពកែវភ្នែកឱ្យមានទឹកភ្នែកចេញមកចិញ្ចឹមកែវភ្នែកជាប់ជានិច្ចដោយការឧស្សាហ៍ប្រិចភ្នែកឱ្យបានញឹកញាប់ចៀសវាងពីបរិស្ថាន និងទង្វើដែលធ្វើឱ្យទឹកភ្នែកងាយហើរស្ងួត ដូចជាការប្រើខ្សែភ្នែកយូរៗជាដើម។
6/ មានអារម្មណ៍តានតឹងពិបាកចិត្ត ក៏យំចេញមក!
ផ្នែកមួយពីការសិក្សាស្រាវជ្រាវរឿងទឹកភ្នែករបស់លោក William Frey អ្នកជីវគីមីនៃមជ្ឈមណ្ឌលវិភាគកែវភ្នែកបានប្រាប់ថា គ្រប់ពេលដែលយើងទួញយំ សារធាតុអេនដូហ្វ៊ីននឹងហូរចេញមក ជួយកាត់បន្ថយកម្រិតអ័រម៉ូននៃភាពតានតឹងពិបាកចិត្តបាន។ ដោយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Frey ក៏បានរកឃើញទៀតថា មនុស្សប្រុសជាង73% និងស្ត្រីជាង 75% និយាយថា មានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តឡើងវិញនៅពេលបានយំរួច។
7/ តើមនុស្សប្រុស និងមនុស្សស្រីយំដូចគ្នាឬទេ?
ការសិក្សាស្រាវជ្រាវពីស្ថាប័នជាច្រើនបានរកឃើញថា “ស្ត្រីមានសញ្ញាថានឹងយំញឹកញាប់ជាងបុរស” ដោយអ្នកគីមីវិទ្យា William Frey ប្រធានក្រុមអ្នកស្រាវជ្រាវដែលបានប្រើពេលវេលាសិក្សាអំពីទឹកភ្នែកជាពិសេសអស់រយៈពេលដល់ទៅ15ឆ្នាំបានរាយការណ៍ថា ក្នុង1ខែស្ត្រីយំ5.3ដង ចំណែកបុរសវិញយំប្រមាណតែ1.4ប៉ុណ្ណោះ។ ភាពញឹកញាប់នៃការយំដែលខុសប្លែកពីគ្នានេះ មួយផ្នែកកើតឡើងពី “អ័រម៉ូនប្រូលែកទីន” ដែលរាងកាយនឹងផលិតចេញមកនៅពេលដែលយើង “មានអារម្មណ៍ខ្លាំងដល់ទីបំផុត” ដូចជា ត្រេកអរបំផុត រំភើបចិត្តបំផុត ខូចចិត្ត ឬសោកស្ដាយបំផុត រហូតទៅដល់មួម៉ៅតានតឹងតែនិយាយមិនចេញ និងពិបាកចិត្តបំផុតជាដើម។ ក្នុងអំឡុងអារម្មណ៍បែបនេះ រាងកាយនឹងទម្លាយចេញមកជាដំណក់ទឹកភ្នែក ដើម្បីបញ្ចុះកម្រិតភាពតានតឹង ដោយស្ត្រីនឹងផលិតអ័រម៉ូននេះបានច្រើនជាងបុរសដល់ទៅ4ដង ទើបវាជាដើមហេតុឱ្យមនុស្សស្រីមានសញ្ញា និងទំនោរក្នុងការឆាប់ទួញយំ និងរំអួយជាងបុរស តែទាំងអស់នេះ វាអាស្រ័យលើែែហ្សន ខ្នាតរបស់បំពង់បង្ហូរទឹកភ្នែករបស់មនុស្សម្នាក់ៗ និងការចិញ្ចឹមមើលថែរបស់គ្រួសារផងដែរ។
ឃើញទេថា ទឹកភ្នែកដែលជាចំណែកតូចមួយរបស់រាងកាយយើង មានអ្វីដែលគួរឱ្យចាប់អារម្មណ៍ច្រើនណាស់ និងថែមទាំងបំពេញតួនាទីចម្បងៗ ជួយឱ្យយើងមើលឃើញបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ បានដឹងបែបនេះហើយ ចូរកុំភ្លេចងាកមកយកចិត្តទុកដាក់មើលថែទាំកែវភ្នែក ដោយឧស្សាហ៍ទៅជួបគ្រូពេទ្យជំនាញខាងភ្នែក ដើម្បីទទួលយកការណែនាំក្នុងការមើលថែទាំសុខភាពកែវភ្នែក រួមទាំងពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗ ដូចជា សភាវភ្នែកឡើងស្ងួតជាដើម។ ទាំងអស់នេះគឺដើម្បីប្រសិទ្ធភាពក្នុងការមើលឃើញដែលល្អបំផុត៕