នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការរស់នៅរបស់មនុស្សកាន់តែមានលក្ខណៈប្រសើរឡើង ដោយក្នុងនោះរួមទាំងការអប់រំផងដែរ តែទោះបីជាយ៉ាងណាក៏ដោយ បណ្តាញដ៏អស្ចារ្យនេះក៏បានជះផលប៉ះពាល់មួយចំនួនផងដែរដល់យុវជន និងសង្គម។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាជាបណ្តាញដែលអាចភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជាជាមួយនឹងប្រជាជននៃបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់។ តែទោះជាយ៉ាងនេះក្តី ផលសំខាន់ដែលអាចទាញយកបានពីបច្ចេកវិទ្យា គឺអាស្រ័យលើអ្នកប្រើប្រាស់វាផ្ទាល់។ និស្សិតនិងយុវជនកម្ពុជាជាច្រើនទៀត ត្រូវតែចេះប្រើប្រាស់បណ្តាញបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវដើម្បីចៀសវាងខាតបង់ទាំងពេលវេលា និងថវិកា។
លោកបណ្ឌិត បានមានប្រសាសន៍ថា ៖ “យុវជនគឺជាអ្នកដែលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាច្រើនជាងគេ ហើយយុវជនក៏ជាអ្នកបន្តវេនយ៉ាងសំខាន់របស់សង្គមដែរ ហេតុនេះយើងគួរប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាប្រយោជន៍ឱ្យបានច្រើនសម្រាប់ការរៀនសូត្រក៏ដូចជាការងារ ឬសម្រាប់ភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយមនុស្សជុំវិញខ្លួន ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពលរបស់កម្ពុជាសម្រាប់ប្រកួតប្រជែងក្នុងសមាហរណកម្មអាស៊ាន។
លោកបណ្ឌិតបានបន្តថា នាពេលបច្ចុប្បន្ននេះ យើងមើលឃើញថា ឧបករណ៍អេឡិចត្រូនិកដែលយើងប្រើប្រាស់គឺមិនខុសពីសម្ភារទំនើបដែលគេប្រើប្រាស់នៅបណ្ដាប្រទេសអភិវឌ្ឍន៍នោះទេ នៅពេលដែលគេប្រើប្រាស់ទូរស័ព្ទទំនើប យើងក៏មានទូរស័ព្ទទំនើបប្រើ នៅពេលដែលប្រជាជននៃប្រទេសអភិវឌ្ឍន៍ប្រើផលិតផល Apple យើងក៏មាន Apple ប្រើហេតុនេះយើងត្រូវប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសហការជាមួយនឹងស្ថាប័ននានាដែលក្នុងនោះក៏មានអង្គការ STEM (Science, Technology, Engineering and Math) ដែលបានជំរុញឱ្យយុវជនកាន់តែយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា ដើម្បីក្លាយជាធនធានមនុស្សដែលសង្គមត្រូវការខ្លាំងនាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា បច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យា ហេតុនេះស្ថាប័នអប់រំក៏បានប្រើប្រាស់បច្ចេកវិទ្យាជាច្រើនដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស-និស្សិតកម្ពុជា ឱ្យពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការស្រាវជ្រាវ ក៏ដូចជាការទាញយកឯកសារសំខាន់ៗពីគ្រឹះស្ថានសិក្សា និងក្រសួងដែលបានរៀបចំ និងដាក់ឱ្យប្រើប្រាស់។ ឯកឧត្តម បានលើកឡើងថា យើងចង់ឱ្យយុវជនកម្ពុជាចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ ដោយដកពេលវេលាដ៏ច្រើនដែលតែងតែលេងនៅលើបណ្តាញទំនាក់ទំនង មកសិក្សា និងចែករំលែកចំណេះដឹងឱ្យបានច្រើនវិញ។
នាពេលបច្ចុប្បន្ននេះកម្ពុជាបានបង្កើតបណ្តាញអប់រំជាច្រើនដែលអាចអនុញ្ញាតឱ្យយុវជនកម្ពុជាទាញយកប្រយោជន៍ពីវាបានយ៉ាងទូលំទូលាយ តែជាទូទៅគេក៏សង្កេតឃើញផងដែរថា យុវជនកម្ពុជាមួយចំនួនបានចំណាយពេលវេលាច្រើនជាមួយនឹងបណ្តាញបច្ចេកវិទ្យាដែលមិនត្រឹមត្រូវ ហើយបណ្តោយឱ្យពេលវេលាជាច្រើនត្រូវបាត់បង់តាមរយៈការប្រើប្រាស់បណ្តាញសង្គមច្រើនជ្រុល ដោយចំណាយពេលតិចតួចប៉ុណ្ណោះសម្រាប់ការអប់រំ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះសិស្ស-និស្សិតបានផ្លាស់ប្តូរវិធីសាស្ត្រក្នុងការស្រាវជ្រាវតាមបែបបុរាណមកស្រាវជ្រាវយ៉ាងទូលំទូលាយតាមបណ្តាញបច្ចេកវិទ្យា។ នៅបណ្តាប្រទេសជឿនលឿនមួយចំនួន ការសិក្សាតាមបែបបច្ចេកវិទ្យាគឺជាការសិក្សាដ៏ពេញនិយម និងទទួលជោគជ័យក្នុងការអភិវឌ្ឍ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ “ក្រសួងអប់រំក៏បានបង្កើតកម្មវិធីសិក្សាតាមបែបអនឡាញ ដែលផ្តល់ជូននូវឯកសារជាច្រើនក្នុងកម្មវិធីសិក្សា ស្របពេលដែលមានកម្មវិធីមួយចំនួន គឺសិស្សអាចសាកល្បងសមត្ថភាពរបស់គាត់ផ្ទាល់តាមបណ្តាញបច្ចេកវិទ្យាបាន។
កញ្ញា អ៊ាន ម៉ានិត និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា ជាការមើលឃើញ និស្សិតជាច្រើនបានចំណាយពេលវេលាច្រើនជាមួយនឹងបណ្តាញបច្ចេកវិទ្យាដែលមិនត្រឹមត្រូវ ដូចជាការលេង Facebook រហូតដល់យប់ជ្រៅ ហើយមិនសូវរវល់ច្រើនជាមួយនឹងការសិក្សាទេ ដែលនេះជាហេតុធ្វើឱ្យគាត់បាត់បង់ឱកាសក្នុងការទាញយកផលវិជ្ជមានពីបណ្តាញសង្គម និងកម្មវិធីជាច្រើនផ្សេងទៀតដែលមាននៅក្នុងដៃរបស់គាត់។
កញ្ញា អ៊ាន ម៉ានិត បាននិយាយថា ៖ “នាពេលបច្ចុប្បន្ននេះ ជាមួយនឹងបណ្តាញបច្ចេកវិទ្យាយើងអាចស្រាវជ្រាវបានយ៉ាងទូលំទូលាយពីគ្រប់ទីកន្លែងនៅលើពិភពលោក។ ដើម្បីស្វែងរកឯកសារពីសាកលវិទ្យាល័យល្បីៗ ឬទិញសៀវភៅដែលយើងត្រូវការ យើងមិនចាំបាច់ត្រូវធ្វើដំណើរទៅដល់បរទេសនោះទេ យើងអាចប្រើប្រាស់បណ្តាញបច្ចេកវិទ្យាបាន ហេតុនេះយើងមានឱកាសច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង តែពេលខ្លះដោយសារតែយុវជនមួយចំនួនមិនសូវយកចិត្តទុកដាក់ គេបែរជាចំណាយពេលវេលាច្រើនលើការប្រើប្រាស់បច្ចេកវិទ្យាបែបមិនត្រឹមត្រូវទៅវិញ។
កញ្ញា ម៉ានិត និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងផងដែរថា តាមពិតនៅពេលនេះ បច្ចេកវិទ្យាបានសម្រួលដល់ការរស់នៅច្រើនណាស់ តែអ្វីដែលគួរឱ្យស្តាយ នោះគឺយុវជនមួយចំនួនធំ បានប្រើប្រាស់បច្ចេកវិទ្យាខុសទំនងដែលធ្វើឱ្យយើងមានបញ្ហាក្នុងជីវិតទៅវិញហេតុនេះការដែលពិចារណាក្នុងការផ្លាស់ប្តូរពេលវេលាមួយចំនួនដែលគាត់ ចំណាយមិនត្រឹមត្រូវមកធ្វើការស្រាវជ្រាវតាមបណ្តាញបច្ចេកវិទ្យាវិញ អាចជាវិធីឆ្លាតវៃមួយដើម្បីក្លាយជាធនធានមនុស្សដែលសំខាន់សម្រាប់សង្គម៕