កាលពីថ្ងៃទី22 ខែមករា ឆ្នាំ2018 ម្សិលមិញ នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉ល នារោងភាពយន្ដ Major Cineplexបានរៀបចំកម្មវិធីដាក់សម្ពោធរឿង “ធ្មប់” ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្មមាតុចក្រ ដែលបានប្រារព្ធធ្វើឡើងយ៉ាងភ្ញាក់ផ្អើលអស់ទាំងតារាសិល្ប: និងគ្រប់ស្រទាប់មហាជននៅពេលប្រកាសថ្ងៃចាក់បញ្ចាំង និងសម្ពោធជាផ្លូវការនេះ ដោយមានទស្សនិកជនចូលរួមយ៉ាងភ្លូកទឹកភ្លូកដីពេញវេទិកាសម្ពោធ។ ក្នុងពិធីនោះផលិតករ និងតួសម្ដែង មិនត្រឹមតែបង្ហាញឲ្យអ្នកជំនាន់ក្រោយបានស្គាល់ពីអរិយធម៌ក្នុងសម័យលង្វែកប៉ុណ្ណោះទេ តែនៅមានសិល្ប:បុរាណ 2ទៀត គឺល្ខោនស្បែកធំ និងសៀកខ្មែរបុរាណផងដែរ។
លោក ហ៊ុយ យ៉ាឡេង ផលិតករខ្សែភាពយន្តរឿង «ធ្មប់» បានអះអាងថា ភាពយន្តមួយនេះបានរំលេចឡើងទាំងស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងការស្លៀកពាក់ ទំនៀមទម្លាប់ និងម៉ូដសក់ ដោយលោកច្រានចោលចំពោះការលើកឡើងថាភាពយន្តមួយនេះ បានចម្លងការស្លៀកពាក់ និងតុបតែងកាយតាមបែបថៃ។ មុនឈានដល់ការផលិត លោកមានប្រសាសន៍ថា លោកបានធ្វើការសិក្សាច្បាស់លាស់ណាស់ និងមានការឆ្លងយោបល់ពីនាយកដ្ឋានភាពយន្តទៀតផង ទើបលោកបញ្ជាក់ថា ទាំងការដេគ័រ និងការឆ្លុះបញ្ចាំងក្នុងសាច់រឿង គឺសុទ្ធតែរបៀបខ្មែរទាំងអស់។
គួរបញ្ជាក់ផងដែរថា ផលិតកររូបនេះបានបន្ដថា មានការឆ្លុះបញ្ចាំងពីសិល្ប:ល្ខោនស្បែកធំ និងសៀកខ្មែរក្នុងសម័យបុរាណ ទើបលោកបានបង្ហាញសិល្ប:មួយនេះឡើងក្នុងពិធីសម្ពោធមុនកាត់ខ្សែបូ ដើម្បីឲ្យអ្នកគាំទ្របានដឹងថា ភាពយន្តរឿង «ធ្មប់» នេះ ក្រៅពីបង្ហាញពីជំនឿអាបធ្មប់ក្នុងសម័យបុរាណដែលបង្កប់ដោយឈុតឆាកញាប់ញ័រភ័យរន្ធត់ហើយ ក៏មិនភ្លេចឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ក្នុងសម័យលង្វែករបស់ខ្មែរយើងផងដែរ។ ភាពយន្តនេះត្រូវបានប្រកាសថា នឹងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៥ មករា តទៅ ដោយរំពឹងថានឹងបានទទួលជោគជ័យ។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង “ធ្មប់” នឹងត្រូវចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕