Skip to content

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នឹង​សាងសង់​នៅ​ឆ្នាំនេះ

ដោយ​ទន្ទឹងរង់ចាំ​មើល​អស់រ​យៈ​ពេល​ជាច្រើន​ឆ្នាំ​មក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​កំណត់ពេល​វេលា​សាងសង់​ជា​ផ្លូវការ​ហើយ គឺ​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ2018នេះ​តទៅ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 2ពាន់​លាន​ដុល្លារ​អាមេរិក។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ក្រោយពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។ ពិធី​ចុះហត្ថលេខា​ខាងលើ​ត្រូវបាន​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន​តាម​រូបភាព​វិនិយោគ​សាងសង់-ធ្វើ​អាជីវកម្ម-ផ្ទេរ (BOT) ជា​ផ្លូវ 4គន្លង​មាន​ប្រវែង​សរុប 190.63 គីឡូម៉ែត្រ ចេញពី​ទីក្រុង​ភ្នំពេញ​រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង ទ្រូងផ្លូវ​មាន​ទទឹង 24ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

ក្រោយពេល​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ពី​ការអភិវឌ្ឍ​ច្រករបៀង​ភ្នំពេញ-ព្រះសីហនុ។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន World Express Co,.Ltd មានប្រសាសន៍ថា ផ្លូវ​ល្បឿន​លឿន​ខាងលើ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ លោក​ថា នៅពេល​ផ្លូវ​នេះ​សាងសង់​រួច វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទាំង​វិស័យ​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញផ្សេងៗ កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​ពេលវេលា ជួយ​បង្កើន​សុខុមាលភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់ម្តង។

លើសពីនេះ វា​ក៏បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​សម្រាប់​បង្កើតជា​មុខរបរ​លក់ដូរផ្សេងៗ ដូចជា​ការលក់ដូរ​ផលិតផល​កសិកម្ម​ប្រចាំ​ភូមិឋាន​របស់​ពួកគេ ការបង្កើត​ភោជនីយដ្ឋាន​ជា​កន្លែង​ចត​ឈប់សម្រាក​សម្រាប់​ទទួល​ទាន​អាហារ​តាមផ្លូវ ហើយ​ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​នេះ​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *