Skip to content

NBC បន្ត​ផ្អាក​ការផ្ដល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​ក្នុង​ឆ្នាំ2018

ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ឯកជន​បានចាត់ទុក​ការសម្រេច​របស់​ធនាគា​រ​ជាតិ​កម្ពុជា (NBC )ចំពោះ​ការ​រឹតបន្តឹង​លើ​ការទទួលប្រាក់​បញ្ញើ​ពី​សាធារណជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុតូចៗថា ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​រៀបចំ​គោលនយោបាយ​ហិរញ្ញវត្ថុ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រភព​ហិរញ្ញវត្ថុ​ពី​ក្រៅប្រទេស។

ធនាគារជាតិ​នៃ​កម្ពុជា នៅ​ដើមឆ្នាំ2018នេះ បានប្រកាស​បន្ត​ផ្អាក​ការផ្តល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ហានិភ័យ​ក្នុង​វិស័យនេះ ស្របពេល​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ទាំង​ទំហំ និង​បណ្តាញ​ប្រតិបត្តិការ។

លោក ស៊ីម សេនា​ជាតិ ប្រធាន និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា វា​ជា​ការល្អ​មួយ​ដែល​ធនាគារជាតិ​សម្រេចចិត្ត​បែបនេះ។ លោក​មានប្រសាសន៍ថា ការទទួលប្រាក់​បញ្ញើ គឺជា​ការទទួលខុសត្រូវ​ធំ​មួយ ព្រោះប្រាក់​បញ្ញើ​របស់​អតិថិជន គឺជា​ក្តីសង្ឃឹម និង​ការជឿទុកចិត្ត​មកលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ លោក​បាន​បន្ថែមថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​មាន​ដើមទុន​តិចតួច មិន​ស័ក្តិសម​ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​នេះ​ទេ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អតិថិជន​ដែលជា​អ្នក​ដាក់​ប្រាក់​បញ្ញើ។

លោក​អះអាងថា ប្រា​សាក់​បានទទួល​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​របស់​អតិថិជន​តាំងពី​ឆ្នាំ2010 ហើយ​រហូតមកដល់​ដំណាច់ឆ្នាំ2017 ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​កើនឡើង​រហូតដល់​ជាង 900លាន​ដុល្លារ​អាមេរិក។ លោក ស៊ីម សេនា​ជាតិ មានប្រសាសន៍​ទៀតថា៖ “ខ្ញុំ​យល់ថា វា​ជា​រឿង​ល្អ និង​មាន​ផល​វិជ្ជមាន​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ នៅពេល​ធនាគារជាតិ​សម្រេច​បែបនេះ ព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ច្រើន ហើយ​គ្រឹះស្ថាន​ខ្លះ​មាន​ដើមទុន​តិចតួច។

សេចក្តីជូនដំណឹង​មួយ​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​បញ្ញត្តិ​ករ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អនុវត្តតាម​បទ​ប្បញត្តិ​ប្រុងប្រយ័ត្ន​ធូរស្រាល​ជាង​ធនាគារពាណិជ្ជ ដោយសារតែ​គ្រឹះស្ថាន​ទាំងនោះ​បានប្រែក្លាយ​មកពី​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ។ ម្យ៉ាងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ខ្លះ​បាន​ក្លាយជា​គ្រឹះស្ថាន​ធំ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ផ្អែកលើ​ទ្រព្យសកម្ម និង​គ្រឹះស្ថាន​ដទៃទៀត​មានទ្រព្យ​សកម្ម​ខ្ពស់ជាង​ធនាគារពាណិជ្ជ​ដែល​ស្ថិតក្នុង​លេខ​រៀង​តូច​បំផុត​ចំនួន10។

ធនាគារជាតិ​បាន​ឲ្យ​ដឹងថា តាម​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញថា​ភាពខុសគ្នា​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​ធនាគារពាណិជ្ជ​មិនគួរ​ឱ្យមាន​ទៀត​ទេ ដោយសារតែ​គ្រឹះស្ថាន​ទាំងពីរ​ប្រភេទ​នេះ មាន​ប្រតិបត្តិការ​ប្រហាក់ប្រហែលគ្នា ដូច្នេះ​ទាមទារ​ឱ្យមាន​ការកែសម្រួល​បទ​ប្បញ្ញត្តិ​ឡើងវិញ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បន្ថែមថា ដើម្បី​ចៀសវាង​ភាពលម្អៀង​ផ្នែក​បទ​ប្បញ្ញត្តិ និង​រក្សាបាន​នូវ​សុវត្ថិភាព និង​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ដែល​អនុវត្ត​ស្របតាម​គោលការណ៍​ត្រួតពិនិត្យប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​ស្របតាម​ស្តង់ដារ​អភិក្រម​ក្នុងការ​ទប់ស្កាត់​នូវ​ហានិភ័យ និង​ការពារ​សាធារណជន​ជា​អ្នក​ផ្ញើ​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

យោងតាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2017 ធនាគារពាណិជ្ជ​នៅ​កម្ពុ​ជាមាន​ចំនួន 39 ធនាគារ​ឯកទេស15 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ចំនួន 7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន 66 និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 267។

ថ្លែង​នៅក្នុង​ឱកាស​សន្និបាត​ធនាគារជាតិ​នៃ​កម្ពុជា កាលពីដើម​ខែមករា​នេះ ឯកឧត្តម ជា ចាន់តូ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្ដែង​ក្តី​រំពឹងថា វិស័យ​ធនាគារ​នឹង​បន្ត​រីកចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់់​វិស័យ​ចម្បង​នៃ​សេដ្ឋកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *