ស្វែងយល់ពីបុណ្យ «វិសាខបូជា» ដែលជាបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាសនា

បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយក្នុង​បណ្តា​បុណ្យ​ធំៗ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនាលើ​សកលលោកតែង​ប្រារព្ធ​ធ្វើពុំដែល​ខាន​។ ឆ្នាំនេះ បុណ្យ​វិសាខបូជា បាន​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ ១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​29 ខែ​មេសា ឆ្នាំ2018​ ដែលជាទូទៅពិធីបុណ្យ​ប្រចាំឆ្នាំ​នោះ បាន​ប្រារព្ធ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ភ្នំ​ឧដុង្គ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ ដោយ​ព្រះសង្ឃ តាអាចារ្យ យាយជី និង​ពុទ្ធបរិស័ទ​រាប់ពាន់នាក់ បាន​ជួបជុំ ដើរ​ហែ​ក្បួន​ធម្ម​យាត្រា ក្នុង​ពិធីបុណ្យ​វិសាខ​បូជានៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧដុង្គ​។​

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​ 15​កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ 15 កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន

សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។

សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ) ។

ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ 80ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​ 35​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។ ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ 1ថ្ងៃ​ក្នុង ព្រះជន្ម 80ឆ្នាំ គត់ ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

ប្រវត្តិ​បុណ្យវិសាខ​បូជា
ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញ​បូណ៌មីខែពិសាខ រៀង​ៗ​មក​តាំង​ពី​បុរាណកាល ។ តាម​ការ​ស្រាវជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ គេ​ថា​ប្រទេសឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យូរ​យារ​ណាស់មក​ហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី 19។ នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នក​មុខ​អ្នកកា​ទាំង​ឡាយ​ដំណាល​ត​ៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្សមារា (ព្រះអង្គដួង) ដែល​គង់​នៅ​ក្រុង​ឧត្តុង្គ ក្នុង​ពុទ្ធសករាជ 2397 គ្រិស្តសករាជ 1854 ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។

បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។ នៅ​ឆ្នាំ 1999 សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត200 ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​1, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​1​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន1។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។

របៀប​ធ្វើ​វិសាខបូជា
មុន​នឹង​ប្រកាស​វិសាខបូជា សូម​លោក​អាចារ្យ​នាំ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ នមស្ការ​ព្រះរតនត្រ័យ​តាមវិធី​រតនប្បណាម​សង្ខេប ឬ​ពិស្តារ ហើយ​សមាទានសីល​រួច​សឹម​ប្រកាស វិសាខ​បូជា​ដូច​ត​ទៅ​នេះ

វិធី​ប្រកាស​វិសាខបូជា
(​លោក​អាចារ្យ​ត្រូវ​អាន​មួយ​ឃ្លា​ម្តង​ៗ ឲ​ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ថា​តាម)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូម​នមស្ការ ចំពោះ​ព្រះភគវន្ត​មុនី អរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។
សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។
ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់​សំដែង​នូវធម៌ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង
ព្រះភគវន្តមុនី​អង្គនោះ ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​មែន យើង​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​បង្គំ​នូវ ព្រះសម្មាសម្ពុទ្ធ អង្គ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ ព្រះ​ធម៌​ណា​ដែល​ព្រះភគវន្តមុនី​អង្គ​នោះ ទ្រង់​ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ដើម្បី​កំចាត់ បង់​​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះ​ធម៌​នោះ ជា​ធម៌​ស្រោច​ស្រង់​សត្វ​ពិត​មែន យើង​ខ្ញុំ​ព្រះ​អង្គ​សូម​ថ្វាយ បង្គំ​នូវ​ព្រះធម៌​ដោយ​គោរព ។
( ក្រាប​ថ្វាយ​បង្គំ​ម្តង )

សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ ព្រះអរិយ​សង្ឃណា លោក​ប្រតិត្តិ ដើម្បី​កំចាត់​បង់ នូវ​សេចក្តី​ទុក្ខ​ទាំង​ពូង ព្រះ​អរិយ​សង្ឃ នោះ ជា​សង្ឃសាវ័ក​នៃ​ព្រះភគវន្តមុនី​អង្គ​នោះ លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​មែន​ពិត យើង​ខ្ញុំ​ព្រះអង្គ សូម​ថ្វាយ​បង្គំ​នូវ​ព្រះអរិយសង្ឃ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

ថ្ងៃ​នេះ​ជាតិថី ពេញ​បូណ៌មី​នៃ​ខែ​វិសាខ មាន​ព្រះចន្ទ័​ពេញវង់ ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសក្យមុនី សម្មាសម្ពុទ្ធ ជាបរមគ្រូ ទ្រង់​ប្រសូត ទ្រង់​បាន​ត្រាស់ ជា​ព្រះសព្វញ្ញូពុទ្ធ ប្រាកដ​ឡើង​ក្នុង លោក និង​ថ្ងៃ​ដែល​ទ្រង់​រំលត់ខ័ន្ធ ចូល​កាន់​បរិនិព្វាន តិថី​នេះ ជា​ឧបលក្ខិត​សម័យ​មួយ​ដ៏​ឧត្តម​ក្នុង​​ព្រះពុទ្ធ សាសនា គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធមាមក​ជន ទាំង​បព្វជិត ទាំង​គ្រហស្ថ ប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រម​ទាំង​ព្រះធម៌ ជា​បរមពុទ្ធោវាទ និង​ព្រះអរិយសង្ឃ ជា​សាវ័ក​របស់​ព្រះ អង្គ។

ឥឡូវ​នេះ យើង​ទាំង​អស់​គ្នា ជា​ពុទ្ធសាសនិកជន បាន​មក​ប្រជុំ​គ្នា បាន​រៀប​គ្រឿង​​សក្ការ បូជា មាន​ទៀន​ធូប​និង​ផ្កា​ជា​ដើម ក្នុង​ទីនេះ ដែល​មាន​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ជា​ប្រធាន ហាក់​ដូច ជា ព្រះ​បរមសាស្តា​អង្គ​នោះ ទ្រង់​ស្តេច​មក​គង់ ក្នុង​ទី​ចំពោះ​មុខ នៃ​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​សូម ថ្វាយ នូវ​គ្រឿង​សក្ការ​បូជា​ទាំង​នេះ ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​នោះ ព្រម​ទាំង​ព្រះ ធម៌ និង​ព្រះ អរិយសង្ឃ រតនត្រ័យ​ទាំង​បី ដោយ​សេចក្តី​គោរព ។

បពិត្រ​ព្រះសក្យ​មុនីបរមគ្រូ ព្រះអង្គ​ជា​បូជា​រហបុគ្គល របស់​ទេវតា​និង​មនុស្ស​ក្នុង​លោក​​ឥត មាន​បុគ្គល​ណា​មួយ ត្រឹម​ស្មើ​នឹង​ព្រះអង្គ​ឡើយ ទោះ​បី​ព្រះអង្គ ទ្រង់​បរិនិព្វាន បាត់​រូប​ព្រះកាយ​​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ក៏​ពិត​មែន ប៉ុន្តែ​ទ្រង់​បាន​ប្រតិស្ថាន ព្រះ​វិសុទ្ធោវាទ គឺ​ព្រះធម៌​វិន័យ​ ដ៏​បរិសុទ្ធវិសេស ទុក​ជាតំណាង​ព្រះអង្គ ទាំង​ព្រះគុណ​របស់​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ ទាំង​ព្រះ បរម សារីរិក​ធាតុ នឹង​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ​ដែរ សូម​​ព្រះ​ដ៏​មាន​បុណ្យជាបរម សាស្តា ទ្រង់​ព្រះ​មេត្តា​ប្រោស​ទទួល នូវ​គ្រឿង​សក្ការ​បូជា របស់​យើង ខ្ញុំ​ព្រះអង្គ ដែល​បាន​រៀប​ចំ ថ្វាយ​ក្នុង​ទី​នេះ ដើម្បី​ជា​ផលានិសង្ស ឲ​យើង​ខ្ញុំ​ព្រះអង្គ​បាន​ប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ និង​សេចក្តី​ចម្រើន ដ៏​ធំ​ទូរលាយ អស់​កាល​ជា​អង្វែង​ទៅ ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

វេរគ្រឿង​សក្ការ​បូជា
ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ​តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ​ ។ តថា ហិ ខោ អម្ហាកំ លោកនាយកោ សោណសំវច្ជរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំ បត្វា ច កុក្កដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។

តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ ក្តី​គោរព បពិត្រ​ព្រះ​ករុណា​ទាំង​ឡាយ​ដ៏​ចម្រើន កាល​ឥឡូវ​នេះ ជា​ថ្ងៃ​ពេញបូណ៌មី​ខែពិសាខ ប្រកប​ដោយ​នក្ខត្ត​សម័យ ដូច​សម័យ​របស់​ព្រះដ៏មាន​ព្រះភាគ ជា​ម្ចាស់​នៃ​យើង​នោះ​ប្រាកដ ។

ត្បិត​ថា​ព្រះ​លោក​នាយក​ជា​​ម្ចាស់​នៃ​យើង កាល​ទ្រង់​ប្រសូត​ចាកគភ៌ ( ព្រះមាតា ) ក្នុង ថ្ងៃ​សុក្រ​ពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ច​នោះ​ក្តី ត្រាស់​ដឹង​សព្វញ្ញុត្តញ្ញាណ ក្នុង​ថ្ងៃ​ពុធពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​រកា​នោះ​ក្តី ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​នោះ​ក្តី មាន ហើយ​ដោយ​ពិត ។

ព្រោះ​ហេតុ​នោះ ( កាល​ឥឡូវ​នេះ ) យើង​ខ្ញុំ​ទាំង​ឡាយ រឭក​នូវ​នក្ខត្ត​សម័យ​នោះៗ របស់ ព្រះ​អង្គ ទើប​នាំ​គ្នា​មក​ជួប​ជុំ​ក្នុង​ទី​នេះ ធ្វើ​បូជា​ដោយ​គ្រឿង​សក្ការ​ផ្សេង​ៗ​មាន​ប្រទីប​ធូប​ទៀន និង កម្រង​ផ្កា​ជា​ដើម​ផង បូជា​ដោយ​ធម៌​ផង ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន សូម​ព្រះ​ដ៏មាន ព្រះ​ភាគ ដែល​ទ្រង់​បរិព្វាន​ហើយ សូម្បី​អស់​កាល​ជា​យូ​អង្វែង​ហើយ​ក្តី សូម​ព្រះអង្គ​ទទួល​នូវ គ្រឿង​បណ្ណា​ការ​ទាំង​នេះ ដែល​ទុគ្គត​បណ្ណា​ការ​របស់​យើង​ខ្ញុំ​ទាំង​ឡាយ ដើម្បី​ធ្វើ​ឲ​សាសនា​រុងរឿង ស្ថិត​ស្ថេរ​ទៅ​ផង ដើម្បី​ជា​បរយោជន៍ និង​សេចក្តី​សុខ​ផង ដល់​យើង​ខ្ញុំ​ទាំង​ឡាយ អស់​កាល​ជា អង្វែង​ទៅ​ហោង ។

លុះ​ចប់​វិធី​ប្រកាស​វិសាខ​បូជា​នេះ​ហើយ សូម​ព្រះសង្ឃ​ទាំង​អស់​នមស្ការ​ព្រះរតនត្រ័យ​តាម វិធី​ត្រៃ​ប្រណាម និង​ធម៌​សម្រាប់ នមស្ការ​ផ្សេង​ៗ​ទៀត​តាម​ដែល​អាច​សូធ្យ​បាន​គ្រប់​ព្រះអង្គ បន្ទាប់ មក​ទៀត​គឺ​និមន្តធម្ម​កឋិក​សម្តែង​ធម៌ទេសនា។ លុះ​ចប់​ធម៌​ទេសនា​ពុទ្ធបរិស័ទ​ណា​ចេះ​សូធ្យ​ធម៌បទ ផ្សេង​ៗ ដែល​ស្រប​នឹង​ពិធី​បុណ្យ​នេះ​​ ដូចជា នមោ ៨​បទ និង​ធម៌បទ​ដែល​ពិពណ៌នា​អំពី​ពុទ្ធប្ប​វត្ត ជា​ដើម ។ ក្នុង​កម្មវិធី​បុណ្យ​នេះ ពុទ្ធ​បរិស័ទ​គួរ​តែ​កំសាន្ត តាម​ផ្លូវ​ព្រះធម៌​ឲ​បាន​ទាល់​ភ្លឺ កុំ​ឲ​ខុស របៀប​ពី​បុរាណ​មក​ផង។
ប្រភព៖ ៥០០០ឆ្នាំ

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា