កសិករដាំដំឡូងមីនៅតាមខេត្តនានា បានសម្តែងក្តីរីករាយខណៈរដូវប្រមូលផលឆ្នាំនេះតម្លៃដំឡូងមីឡើងថ្លៃខ្ពស់ជាងឆ្នាំមុន និងមានឈ្មួញមកចាំទទួលទិញដល់ទីកន្លែងយកទៅលក់បន្តនៅប្រទេសថៃប៉ុន្តែកសិករខ្លះបានសម្តែងការសោកស្តាយដោយសារទិន្នផលធ្លាក់ចុះ ដែលបណ្ដាលមកពីកត្តាអាកាសធាតុ និងការធ្លាក់ថ្លៃកាលពីឆ្នាំមុន។
លោក ស្រ៊ន កុយ កសិករដាំដំឡូងមីនៅភូមិអូរតាភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានឱ្យដឹងថា តម្លៃដំឡូងមីក្រៀមនៅដើមឆ្នាំនេះលក់បានថ្លៃខ្ពស់ជាងឆ្នាំមុន ប៉ុន្តែទិន្នផលថយចុះខ្លាំងដោយសារមានភ្លៀងធ្លាក់ច្រើនពេក។ លោកបានបន្តថា កាលពីឆ្នាំទៅ តម្លៃដំឡូងមីក្រៀមមានតម្លៃចន្លោះពី 370រៀល ទៅ400រៀលប៉ុណ្ណោះក្នុង1គីឡូក្រាម ហើយនៅឆ្នាំនេះតម្លៃដំឡូងមីក្រៀមលក់ចេញបានថ្លៃក្នុងចន្លោះពី 600 ទៅ 640រៀលក្នុង 1គីឡូក្រាម “សម្រាប់ដំឡូងមីកាលពីឆ្នាំទៅ លក់បានក្នុងមួយគីឡូក្រាមតម្លៃ 300ជាង ទៅ400រៀល ទៅតាមដំឡូងស្ងួតល្អ ឬមិនសូវស្ងួតល្អ ហើយឆ្នាំនេះកសិករមានកម្លាំងធ្វើឡើងវិញ ដោយសារដំឡូងមីឡើងថ្លៃរហូតដល់ 640រៀលក្នុង1គីឡូក្រាម។
លោកបានបញ្ជាក់ថា ក្នុងទំហំដីចម្ការដំឡូងចំនួន 12ហិកតា លោកប្រមូលផលបានទម្ងន់ពី 60ទៅ70តោន ប៉ុន្តែមកដល់ឆ្នាំនេះនៅមិនទាន់ដកអស់នៅឡើយទេ គ្រាន់តែដឹងថា ទិន្នផលធ្លាក់ចុះខ្លាំង ខណៈដែលមានភ្លៀងធ្លាក់ជោកជាំខ្លាំងពេក បង្កឱ្យដើមដំឡូងងាប់ និងរលួយមើមអស់ជាច្រើន។ ជាមួយគ្នានេះដែរ លោក ឡាយ សុខទី កសិករដាំដំឡូងមីនៅក្នុងឃុំអូរចាប់ត្រី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា តម្លៃដំឡូងឆ្នាំនេះពិតជាឡើងថ្លៃជាងឆ្នាំមុនមែន ដោយលក់ចេញបានពី 630រៀល ទៅ650រៀលក្នុង 1គីឡូក្រាម។ ប៉ុន្តែយ៉ាងណាក៏ដោយ មានកសិករមួយចំនួនបានបោះបង់របរដាំដំឡូងមីនេះចោលខ្លះហើយ ដោយសារតែបទពិសោធក្នុងការលក់ដំឡូងមីធ្លាក់ថ្លៃ ធ្វើឱ្យខាតបង់ច្រើនពេកកាលពីឆ្នាំមុន ដោយលក់បាន1គីឡូថ្លៃត្រឹមតែ 300 ទៅ400រៀលប៉ុណ្ណោះ បង្កឱ្យមានការខាតបង់ខ្លាំង និងអ្នកខ្លះនៅជំពាក់ប្រាក់ធនាគារសងមិនទាន់រួចផងមកទល់បច្ចុប្បន្ន ហើយដោយសារខ្លាចខាតបង់ដូចឆ្នាំមុនទៀត ទើបកសិករមួយចំនួនបានបោះបង់របរដាំដំឡូងមី ហើយងាកទៅដាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតក្រែងបានផលចំណេញច្រើនជាង។
ងាកទៅខាងខេត្តរតនគិរីវិញ លោក ច្រឹក ពិសិដ្ឋឈ្មួញកណ្តាលទិញដំឡូងមីក្រៀមយកទៅលក់បន្តនៅប្រទេសវៀតណាម បានថ្លែងថា ដំឡូងឆ្នាំនេះពិតជាបានថ្លៃជាងឆ្នាំមុនមែន ប៉ុន្តែការប្រមូលទិញមានការធ្លាក់ចុះខ្លាំង ដោយសារកសិករមួយចំនួនធំបានបោះបង់ការដាំដុះដំឡូងមីនេះ ហើយងាកទៅដាំស្វាយចន្ទី និងដាំដំណាំកៅស៊ូវិញ ដោយសារដំណាំទាំងនេះកំពុងមានតម្រូវការនៅលើទីផ្សារ។
លោកបញ្ជាក់បន្ថែមថា “សម្រាប់នៅខេត្តរតនគិរីតម្លៃដំឡូងមីបានថ្លៃមិនខុសពីខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យនោះទេ គឺតម្លៃទិញចូលចន្លោះពី 630ទៅ640រៀលក្នុង1គីឡូក្រាម ហើយយកទៅលក់វិញបាន 720រៀល ទៅ730រៀលដែរក្នុង 1គីឡូក្រាមប៉ុន្តែមិនសូវទទួលបានផលចំណេញទេ ដោយសារតែវៀតណាមកាត់ភ្នែកគីឡូច្រើនពេក ជួនកាលកាត់អស់ដល់1តោនក៏មានដែរ។ លោកថា ទោះជាចំណេញតិចតួចក៏ដោយ ក៏ចេះតែដឹកទៅលក់ទៅ ប្រសើរជាងមិនមានអ្វីលក់ដែរ។
សូមជម្រាបដែរថា បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលផលិតដំឡូងមីលំដាប់ទី8 នៅលើពិភពលោក និងលំដាប់ទី4 នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា(ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពីចំនួន 0.22លានតោន ក្នុងឆ្នាំ2012 ដល់ចំនួនជាង 3.6លានតោន ក្នុងឆ្នាំ2016 និងគិតត្រឹមតែរយៈពេល 9ខែក្នុងឆ្នាំ2017 ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា សម្រេចបានចំនួនជាង 1.8លានតោន៕