តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី22 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ការបើកបង្ហាញខ្លួនរបស់ខ្សែភាពយន្ដថៃនៅក្នុងឱកាសមហោស្រពភាពយន្ដប្រចាំតំបន់អាស៊ី នៅក្នុងទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលនៅក្នុងនោះកំពូលខ្សែភាពយន្ដខ្នាតធំដ៏ល្បីល្បាញប្រចាំឆ្នាំរបស់ប្រទេសថៃ ដែលមានចំណងជើងថា “Malila The Farewell Flower” ឫ “បាយសីម្លិះលា” បានឈ្នះពានរង្វាន់ភាពយន្ដដែលល្អបំផុតប្រចាំឆ្នាំ2018នេះ។
ខ្សែភាពយន្តខ្នាតធំខាងលើនេះ ត្រូវបានដឹកនាំសម្ដែងដោយលោក នុឈី អៈនុឆា ប៊ុណយៈវ៉ាន់ថៈណៈ និងសម្ដែងដោយតារាល្បីឈ្មោះពីរដួងគឺលោក វៀរ៍ ស៊ុកុនលៈវ៉ាត់ និង អូ អនុឈីត។ ស្របគ្នានោះដែរ តារាសម្ដែងរូបស្រស់សង្ហា វៀរ៍ ស៊ុគុនលៈវ៉ាត់ បានឈ្នះពានរង្វាន់ Face of Asia Award តារាឯកភាពយន្ដអាស៊ីដែលមានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងគេបំផុត។ យ៉ាងណាមិញ អ្នកដឹកនាំរឿង នុឈី អៈនុឆា បានបង្ហើបប្រាប់អ្នកសារព័ត៌មានថៃថា រឿងនេះបានបរិយាយពីការរៀបចំបាយសីស្លាធម៌ ដោតក្រងជាក្បាច់ដោយផ្កាម្លិះលា ដើម្បីអន្ទងហៅព្រលឹងមនុស្សដែលខ្លួនស្រឡាញ់ឱ្យវិលត្រឡប់មកវិញ។ ភាពយន្ដនេះទៀតសោត បានដាក់បញ្ចាំងនៅក្នុងពិធីមហោស្រពភាពយន្ដជាច្រើនប្រទេស ដូចជាសិង្ហបុរី តៃវ៉ាន់ ឥណ្ឌា និងកូរ៉េខាងត្បូងផងដែរ។
លោក នុឈី អៈនុឆា បានបញ្ជាក់ផងដែរថា បើទោះបីជាខ្សែភាពយន្ដធំមួយនេះបានឆ្លុះបញ្ជាំងពីសង្គមក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាក្ដី ក៏ប៉ុន្ដែ លោករំពឹងទុកថា លោកនឹងព្យាយាមយកខ្សែភាពយន្ដល្បីមួយនេះ ទៅដាក់បញ្ជាំងនៅក្នុងទីផ្សារភាពយន្ដក្នុងបណ្ដាប្រទេសធំៗដូចជាប្រទេស ចិន ស្វ៊ីស ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងមានគោលបំណងទៅដណ្ដើមពានរង្វាន់នៅសហរដ្ឋអាមេរិកទៀតផង៕
សូមទស្សនាវីដេអូរឿងខាងក្រោមនេះ៖