អាមេរិក៖ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសឱ្យដឹងថា Facebook នឹងធ្វើកំណែទម្រង់ថ្មីមួយទាក់ទងទៅនឹងការបង្ហោះអត្ថបទនានា ជាពិសេសនឹងធ្វើការវាយតម្លៃទៅលើអត្ថបទទាំងនោះថា «គួរឱ្យជឿទុកចិត្តបាន ឬក៏ជាព័ត៌មានមិនត្រឹមត្រូវ» ដោយការវាយតម្លៃនេះនឹងត្រូវធ្វើឡើងដោយមានការចូលរួមពីអ្នកប្រើប្រាស់។
សារព័ត៌មាន The Guardian បានចេញផ្សាយថា កន្លងមកមានព័ត៌មានជាច្រើនត្រូវបានចែកចាយតាមបណ្ដាញសង្គម Facebook ដោយព័ត៌មានួទាំងនោះ មានខ្លះជាព័ត៌មានពិត និងខ្លះទៀតជាព័ត៌មានមិនពិត ដូច្នេះហើយ ក្រុមហ៊ុន Facebook នឹងធ្វើការស្ទង់មតិទៅលើ «ប្រភពព័ត៌មាន» ដោយឱ្យអ្នកប្រើប្រាស់បញ្ជាក់ថា «ស្គាល់ ឬមិនស្គាល់» ដើម្បីងាយស្រួលបញ្ជាក់ថា ប្រភពព័ត៌មានមួយនេះគឺផ្សព្វផ្សាយនូវព័ត៌មានជាក់លាក់ និងត្រឹមត្រូវ ឬប្រភពព័ត៌មានមួយនេះ ផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។
លោក Mark Zuckerberg បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីធ្វើការស្ទង់មតិរួចរាល់ហើយ ក្រុមការងារ Facebook នឹងផ្ដល់ចំណាត់ថ្នាក់សម្រាប់ប្រភពព័ត៌មានទាំងនោះ តាមរយៈទិន្នន័យដែលស្ទង់មតិបាន ដើម្បីផ្ដល់អាទិភាពក្នុងការបង្ហាញព័ត៌មាននៅក្នុង News Feed៕