Skip to content

ដី​នៅ​ជិត​តំបន់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តកណ្តាល​កំពុង​ឡើងថ្លៃ

បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ព្រលានយន្តហោះ​ថ្មី​លើ​ផ្ទៃដី​ទំហំ 2,600 ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ជាប់​នឹង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​រួចមក បានធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​ហក់​ឡើង​ខ្ពស់កប់ពពក និង​មាន​ឈ្មួញ​កំពុង​សម្រុក​ចុះ​ទិញ​យ៉ាង​មមាញឹក។

យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ដើម្បី​សុំ​គោលការណ៍​បង្កើត​ក្រុមហ៊ុន “ខេ​ម​បូ​ឌា អ៊ែរ​ផត អុ​ី​ន​វេស​មិន” បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​ត្រូវ​ចំណាយ​ទុនវិនិយោគ​រហូតដល់​ទៅ1,500លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់ 1,100លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស​និង280លាន​ដុល្លារ​ជា​របស់​ក្រុម OCIC របស់លោក​ឧកញ៉ា ពុង ឃាវ​សែ ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់ 120លាន​ដុល្លារ​អាមេរិក។

កាលពី​សប្តាហ៍​មុន​លោក​ឧកញ៉ា ពុង ឃាវ​សែ និង​ក្រុមហ៊ុន​ចិន​ដែលជា​ដៃគូ​វិនិយោគ​នោះ បាន​ចុះហត្ថលេខា​រួចរាល់​ហើយ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​នា​វិមាន​រដ្ឋាភិបាល ដែល​ព្រឹត្តិការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ដី​នៅ​តំបន់​នោះ​កំពុង​មានតម្លៃ​ស្ទុះ​ហក់​ឡើង​យ៉ាងខ្ពស់​ដ៏​ពុំគួរ​ឱ្យ​ជឿ។

លោក ប៉ុល សិទ្ធី ឈ្មួញកណ្តាល​ទិញ-លក់​ដី​នៅក្នុង​ខេត្តកណ្តាល​មានប្រសាសន៍ថា កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ត្រឹមតែ 2ទៅ3សេន​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មិនមាន​ឈ្មួញ​ណា​ទិញ​ផង ប៉ុន្តែ​មកដល់ពេលនេះ​ដី​ទាំងនោះ​ឡើងថ្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន ដោយ​ទីតាំង​ខ្លះ1ម៉ែត្រការ៉េ​តម្លៃ 5ដុល្លារ កន្លែង​ខ្លះទៀត​ឡើងដល់ 10ដុល្លារ​រហូតដល់ 60ដុល្លារ​ក៏មាន ទៅតាម​ទីតាំងផ្សេងៗដែល​ធ្វើឱ្យ​ដី​ឡើងថ្លៃ​ខ្ពស់​ចាប់ពី 1ហិកតា​តម្លៃ 2ពាន់​ដុល្លារ​ឡើងដល់ 10ម៉ឺន​ដុល្លារ ឬ60ម៉ឺន​ដុល្លារ​ក៏មានដែរ។

ដោយឡែក​លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​បាន​មានប្រសាសន៍​ទទួលស្គាល់​ថា តម្លៃ​ដី​នៅ​ទីនោះ​ពិតជា​ឡើងថ្លៃ​ប្រាកដ​មែន ដោយ​កន្លងមក​ដី​នៅ​ផ្នែក​ខាងក្រោម(ដី​បាត​បឹង)ដែលមាន​តម្លៃ​ត្រឹម 5ដុល្លារ ឬ6ដុល្លារ​នោះ បច្ចុប្បន្ន​ឡើងដល់​ជាង10ដុល្លារ ហើយ​ថា តម្លៃ​ដី​ផ្នែក​ខាងលើ​ថ្លៃ 7 ឬ8ដុល្លារ ឥឡូវ​ឡើងដល់ 60ដុល្លារ ទៅ70ដុល្លារ​ក៏មានដែរ។ ទោះជា​យ៉ាងនេះ​ក្តី លោក​អំពាវនាវ​ឱ្យ​អ្នកទិញ​មានការ​ប្រុងប្រយ័ត្ន​ផង​ដោយ​មុននឹង​ទិញ​ត្រូវ​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ការខាតបង់ ព្រោះថា នៅ​ជិត​ព្រលានយន្តហោះ​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា។ គុណសម្បត្តិ​គឺ​នៅត្រង់ថា តំបន់​នោះ​នឹង​ក្លាយទៅជា​ទីប្រជុំជន អាច​ប្រកប​របរ​លក់ដូរ ឬ​ធ្វើ​ផ្ទះសំណាក់​ទទួលភ្ញៀវ​បាន ចំណែក​គុណវិបត្តិ​វិញ​គឺ​មិនអាច​សង់ផ្ទះ​ខ្ពស់​បានទេ និង​សំឡេង​រំខាន​ក៏មាន​ច្រើន​ដែរ។

គួរ​បញ្ជាក់ថា ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​និង​វិនិយោគិន​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង​នោះ រដ្ឋាភិបាល​បានប្រកាស​អំពី​គ្រោង​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ ហើយ​រាជរដ្ឋាភិបាល​ក៏​នឹងធ្វើ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តកោះកុង​ផងដែរ។ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី​ត្រូវ​សាងសង់​នៅ​ឆ្នាំ2018នេះ​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP ដោយ​គ្រោង​វិនិយោគ​លើទឹក​ប្រាក់ 900លាន​ដុល្លារ​អាមេរិក​ដែលមាន​កុងត្រា​រយៈពេល 55ឆ្នាំ​ស្ថិត​ក្នុងស្រុក​សូត្រ​និគម លើ​ផ្ទៃដី 700ហិកតា។

ដោយឡែក​សម្រាប់​ព្រលានយន្ដហោះ​ថ្មី​មួយទៀត​ដែលមាន​ទីតាំងនៅ​ខេត្តកោះកុង​ក៏​នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ​ជា 750ហិកតា​ផងដែរ​ដែល​ស្ថិតនៅក្នុង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះថា Union Development Group ដែល​នឹង​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជា 350លាន​ដុល្លារ​អាមេរិក។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មានប្រសាសន៍ថា ព្រលានយន្តហោះ​នេះ​នឹងមាន​ទំហំ​ជាង 700ហិកតា ប្រហាក់ប្រហែលគ្នា​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ដែរ ចំណែក​ផ្ទៃដី​ដែល​នៅសល់​គឺជា​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​នានា ព្រោះ​ការវិនិយោគព្រលានយន្តហោះ​មិនអាច​រក​ផលចំណេញ​បានទេ គឺ​មានតែ​ការរៀបចំ​សេវាកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គាំទ្រ​បន្ថែម ទើប​អ្នកវិនិយោគ​អា​ចរក​ផលចំណេញ​បាន​ហើយ​គម្រោង​វិនិយោគ​នេះ​មាន​ឈ្មោះថា Airport City ជា​គម្រោង​វិនិយោគ​ចម្រុះ​ដែលមាន​ទាំង​ព្រលានយន្តហោះ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម។

សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 21បេ ជា​តំបន់​វាល​បឹង​ដ៏​ធំ​មួយ​ដែលមាន​ឈ្មោះថា បឹង​រៀន ស្ថិតក្នុង​រង្វង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 បើ​គិតពី​កន្ទុយ​ផ្លូវ60ម៉ែត្រ ឬ​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​ទីតាំង​ព្រលាន​នេះ​មាន​ចម្ងាយ​ប្រមាណ 9គីឡូម៉ែត្រ​ចេញពី​កន្ទុយ​ផ្លួ​វ​នេះ​ឆ្ពោះទៅមុខ។ ទីតាំង​ព្រលានយន្តហោះ​នេះ​ជា​ផ្ទៃ​បឹង ដែល​នឹងត្រូវ​បូម​ខ្សាច់​បំពេញ​នាពេល​ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *