ខ្សែបម្រើ Henrikh Mkhitaryan របស់ក្លិប Manchester United បានយល់ព្រមចូលរួមជាមួយនឹងក្លិប Arsenal ខណៈដែល Alexis Sanchez នឹងផ្ទេរក្នុងទិសដៅផ្ទុយគ្នា ជាការដោះដូរគ្នាភ្លាមៗ ដោយមិនពាក់ព័ន្ធនឹងទឹកប្រាក់ឡើយ។
បើយោងតាមការចេញផ្សាយរបស់កាសែត The Guardian ក្លិប Man United បានដាក់តម្លៃខ្លួនលើ Mkhitaryan ចំនួន 35លានផោន (ស្មើនឹង 45លានដុល្លារអាមេរិក) ដែលស្មើនឹងតម្លៃខ្លួនដែលក្លិប Arsenal ទាមទារសម្រាប់ការលក់ Sanchez ដែរ។ ខ្សែបម្រើអន្តរជាតិអាមេនី Mkhitaryan វ័យ 28ឆ្នាំ បានទទួលការពិនិត្យសុខភាព កាលពីថ្ងៃអាទិត្យ ខណៈដែលតារាឆ្នើមអន្តរជាតិស៊ីលី Sanchez នឹងបំពេញការផ្ទេររបស់គេនៅថ្ងៃចន្ទនេះ។
ទោះបីជាយ៉ាងណា ទំហំនៃកិច្ចសន្យារបស់ Mkhitaryan និងប្រាក់ខែរបស់គេ ត្រូវបានបិទជិត។ លោក Arsene Wenger គ្រូបង្វឹករបស់ Arsenal បានបញ្ជាក់កាលពីពេលមុននេះថា Sanchez នឹងចូលរួមជាមួយនឹង Man United លុះត្រាតែ Mkhitaryan យល់ព្រមផ្ទេរមកកាន់ Arsenal។ Sanchez បានអវត្តមានក្នុងពេលក្រុម Arsenal យកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល 4-1 កាលពីថ្ងៃសៅរ៍ ដោយសារតែរូបគេបានធ្វើដំណើរទៅកាន់ទីក្រុង Manchester។
លោក Wenger បានបញ្ជាក់ថា៖ «រូបគេមិនបានចូលលេងទេ ពីព្រោះអ្នកមិនអាចធ្វើដំណើរទៅកាន់ភាគខាងជើងផង និងលេងបាល់ទាត់ផងក្នុងពេលតែមួយបានឡើយ»។
ស្របពេលជាមួយគ្នានេះ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man Utd បានបញ្ជាក់ថា ការព្រមព្រៀងគ្នាមួយក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez កំពុងតែស្ថិតយ៉ាងប្រកៀក ក្រោយពីក្រុមរបស់លោកទទួលជ័យជម្នះ 1-០ លើក្រុម Burnley កាលពីថ្ងៃសៅរ៍៕
ប្រភពពី៖ BBC