បញ្ហាគឺអាចស្ថិតនៅលើខ្លួនយើងក៏មានដែរ សូមកុំទៅសម្លឹងអ្វីដែលស្ថិតនៅឆ្ងាយពីខ្លួនយើងឡើយ។ បញ្ហាសុខភាព និងការហាត់ប្រាណទាំងអស់នេះគឺជាបញ្ហាសំខាន់ណាស់ ដែលបុរសចង់បានចម្លើយថា តើមូលហេតុអ្វីគីឡូមិនព្រមស្រកទាល់តែសោះ ទាំងដែលខ្លួនកំពុងតែព្យាយាមហាត់ប្រាណយ៉ាងនឿយហត់ក៏ដោយ។ សម្រាប់បុរសទាំងឡាយដែលកំពុងតែហាត់ប្រាណលើកសាច់ដុំនិងព្យាយាមចង់បានសាច់ដុំកង់ៗ តើលោកអ្នកមានបានកត់សម្គាល់ចំណុចប្លែកនៃរាងកាយរបស់ខ្លួនដែលអាចនឹងធ្លាប់ជួបបញ្ហាទាំងនេះខ្លះដែរឬទេ? យ៉ាងណាមិញបញ្ហាមិនមានច្រើនពេកនោះទេ។
បញ្ហានៃការហាត់ប្រាណដែលបានអនុវត្តជាប្រចាំ ជួនកាលខ្លួនអ្នកចង់ព្យាយាមឱ្យទម្ងន់ស្រកបានភ្លាមៗតាមក្ដីស្រមៃពេកក៏ជាបញ្ហាដែលងាយនាំឱ្យទម្ងន់មិនស្រកដូចគ្នាផងដែរ។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន មានចម្លើយអំពីបញ្ហាមួយនេះដែលបាននាំយកមកប្រាប់ប្រិយមិត្តអ្នកអានបានជ្រាប។ ហេតុផលដែលធ្វើឱ្យទម្ងន់មិនស្រកនោះ ពោលគឺនៅមិនឆ្ងាយពីខ្លួនអ្នកឡើយ។ គ្រប់យ៉ាងរមែងអាចកើតចេញខ្លួនអ្នកក៏ថាបាន នៅពេលដែលបានមើលរំលងពីចំណុចតូចៗរបស់វា។ តើសុភាពបុរសទាំងឡាយធ្លាប់បានសង្កេតពីមូលហេតុដែលបង្កដោយខ្លួនឯងដែរឬទេ?
ដូច្នេះប៉ុន្មានចំណុចខាងក្រោមនេះអាចប្រាប់អ្នកបានអំពីមូលហេតុនៃការសម្គាល់ពីខ្លួនឯងតាមបែបងាយ៖
1/ ក្រោយពីការហាត់ប្រាណហើយ ទៅទទួលទានអាហារឆ្ងាញ់ច្រើនៗ
នេះហើយ!!… គ្មានហេតុផលអ្វីដែលត្រូវស៊ើបអង្កេតស្វែងរកចម្លើយជាបន្ដទៀតទេ។ បញ្ហាដែលធ្វើឱ្យទម្ងន់អ្នកមិនព្រមស្រកទាល់តែសោះនោះគឺខណៈដែលអ្នកទៅទទួលទានអាហារឆ្ងាញ់ៗ ដើម្បីបំពេញកម្លាំងបន្ថែមឡើងវិញក្នុងការបំបាត់ភាពនឿយហត់ក្រោយហាត់ប្រាណនេះឯង។ ក៏ព្រោះថាការដែលទទួលទានអាហារឆ្ងាញ់ៗដែលមានប្រូតេអីុន និងកាឡូរីច្រើនគឺច្បាស់ទទួលបានរង្វាន់ធំពីការឡើងគីឡូយ៉ាងលឿនជាក់ជាមិនខានឡើយ។ យើងសូមបញ្ជាក់ដោយត្រង់ទៅចុះថា អាហារដែលអ្នកគួរទទួលទាន ដើម្បីបំបាត់ភាពនឿយហត់ក្រោយពីហាត់ប្រាណរួច ព្រមទាំងមិនធ្វើឱ្យឡើងទម្ងន់នោះគឺ ទឹកដោះគោ យ៉ាអួរ ផ្លែឈើស្រស់ ជាពិសេសគឺផ្លែប៉ោមខៀវ។
2/ បញ្ហានៃអារម្មណ៍តប់ប្រមល់ខ្លាំងពេក
ភាពតានតឹង និងអារម្មណ៍តប់ប្រមល់ វាមិនត្រឹមតែជាបញ្ហាដែលបានហុចផលដល់សុខភាព និងសុខភាពផ្លូវចិត្តតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏នៅហុចផលអាក្រក់ដល់រាងកាយរបស់អ្នកថែមទៀតផង។ ព្រោះថានៅពេលណាដែលរាងកាយរបស់អ្នកស្ថិតក្នុងសភាពអួលអាប់មានអារម្មណ៍តានតឹងតប់ប្រមល់ខ្លាំងពេកនោះរាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូន Cortisolចេញមកច្រើនពេក ទើបបានជាអ័រម៉ូននោះទៅជំរុញភាពស្រែកឃ្លានអាហារដល់រាងកាយអ្នកកាន់តែខ្លាំងឡើង។ ដូច្នេះហើយទើបអ្នកត្រូវបង្ខំទទួលទានអាហារជាច្រើនក្រោយពេលធ្វើការហាត់ប្រាណរួច។
3/ ការសម្រាកមិនគ្រប់គ្រាន់
ការគេងតិចតួច គេងយប់ជ្រៅ និងការសម្រាកមិនគ្រប់គ្រាន់ជាដើមនោះ គឺបណ្ដាលឱ្យបាក់កម្លាំង និងរាងកាយមានសភាពល្វើយនឿយហត់ ជាមួយអារម្មណ៍តានតឹងមកពីគេងមិនលក់នេះ។ ចំពោះការគេងយប់ជ្រៅអាចធ្វើឱ្យរាងកាយរបស់អ្នកដុតកម្តៅបានយឺតបំផុត ហើយប្រព័ន្ធដុតកម្ដៅ Metabolism មិនអាចធ្វើប្រតិបត្តិការបានយ៉ាងគ្រប់គ្រាន់ឡើយទើបបណ្ដាលឱ្យកើតអាការឈឺក្បាលដោយសារចុះជាតិស្ករ៕