កញ្ញា អ៊ុន អាលីហ្សា ត្រូវបានគេស្គាល់ថាជាតារាសម្ដែង និងបង្ហាញម៉ូដមួយដួងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីគួរសម ជាពិសេសនៅក្នុងអំឡុងឆ្នាំ2010 ដែលស្ទើរតែគ្រប់កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ ឬកម្មវិធីបង្ហាញ និងផ្សព្វផ្សាយផលិតផលនានាគឺតែងមានវត្តមានរបស់នាងជានិច្ច។ បន្ថែមពីនេះ អាលីហ្សា ក៏ធ្លាប់បានធ្វើជាអ្នកតំណាងកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់នៅលើវេទិការបង្ហាញម៉ូដអន្តរជាតិផងដែរ។
ដោយឡែក និយាយពីរឿងរ៉ាវនៃជីវិតឯកជនវិញ អ៊ុន អាលីហ្សា ក៏ស្ថិតនៅក្នុងការតាមដានពីសំណាក់មហាជនមិនចាញ់តារាស្រីល្បីៗឯទៀតនេះដែរ ពិសេសគឺជីវិតស្នេហាក្រៅឆាករបស់នាងតែម្ដង ខណៈដែលគេដឹងថាបុរសជាគូកំណាន់ចិត្តរបស់នាងគឺជាអ្នកជំនួញធំម្នាក់ និងមានឈ្មោះគួរសមនៅក្នុងសង្គមផងដែរ។ បើទោះជាយ៉ាងណាក៏ដោយ អ៊ុន អាលីហ្សា នៅតែបង្ហាញពីការព្យាយាមលាក់បាំងមុខមាត់ និងអត្តសញ្ញាណគូស្នេហ៍ដដែល ជាក់ស្ដែង សូម្បីតែនៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន ក៏នាងមិនអនុញ្ញាតឱ្យបណ្ដាមិត្តក្នុងបណ្ដាញហ្វេសប៊ុកបានឃើញមុខបុរសម្នាក់នោះច្បាស់នោះដែរ ពោលគឺនាងបានយកស្ទីកគ័របិតមុខប្រុសស្នេហ៍តែម្ដង។
ជាមួយនឹងដំណើររឿងខាងលើនេះ មានសំណួរជាច្រើនបានកើតឡើង ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺចម្ងល់ដែលបានសួរតាមរយៈបណ្តាញ Facebook នៅលើគណនីរបស់នាងថា តើហេតុអ្វីចាំបាច់បិតបាំងមុខប្រុសស្នេហ៍ដូច្នេះ? តើនាងខ្លាចអ្វីឱ្យប្រាកដ? ខ្លាចប៉ះពាល់កិត្តិយសរបស់ប្រុសស្នេហ៍ ឬខ្លាចប្រពន្ធដើមប្រុសស្នេហ៍ដឹង? ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានតារារូបនេះបង្ហើបប្រាប់ថា មូលហេតុុដែលនាងព្យាយាមបិទបាំង និងមិនបង្ហាញពីអត្តសញ្ញាណប្រុសស្នេហ៍ ក៏ព្រោះតែនាងនៅមិនទាន់ច្បាស់ពីគម្រោងអនាគតជាមួយបុរសម្នាក់នេះនៅឡើយ។
អាលីហ្សា បានប្រាប់អ្នកព័ត៌មានកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា “មិនមានអីជាអាថ៌កំបាំងអីនោះទេ ហើយក៏មិនបារម្ភខ្លាចអ្នកណានោះដែរ គ្រាន់តែពេលនេះទំនាក់ទំនងរបស់ពួកយើងនៅមិនទាន់មានការកំណត់ច្បាស់លាស់100% អំពីពេលវេលារៀបការនៅឡើយ។ ម្យ៉ាងទៀតខ្ញុំគិតថា ចាំដល់ថ្ងៃមង្គលចាំបង្ហាញពីអត្តសញ្ញាណគាត់ក៏មិនទាន់ហួសពេលនោះដែរ”៕