សូមមកមើលវិធីបុកល្ហុងបែបខ្មែរដ៏ឈ្ងុយឆ្ងាញ់ម្តងពីអាហារដ្ឋាន គ្រួសាររីករាយ ដែលល្បីខាងបុកល្ហុងឆ្ងាញ់ និងសម្បូរបែបតែម្តង។ តោះមកមើលពីរបស់ធ្វើបុកល្ហុងដ៏ឆ្ងាញ់ពិសាពីមេចុងភៅធំ ថ្វីដៃល្អឯកវិញម្តងមើល៎!
គ្រឿងផ្សំ
– ក្តាមប្រៃ
– កាពិ (កែវថៃ) 1/3 ស្លាបព្រាបាយ
– ស្ករស 1ស្លាបព្រាបាយ
– ខ្ទឹមស 2កំពឹស
– ម្ទេសស្រស់ 2-5ផ្លែ
– ក្រូចឆ្មារ 2ផ្លែ
– បង្គាក្រៀម
– សណ្តែកដីលីង
– ល្ហុងឈូស ឬសាប់
– ត្រកួន
– សណ្តែកកួរ
– ត្រប់
– ប៉េងប៉ោះ
– ជីរណា
– ប្រហុកខ្មែរ 1/3 ស្លាបព្រាកាហ្វេ
– ការ៉ុត
– ត្រសក់
របៀបធ្វើ
ដំបូងត្រូវដាក់ខ្ទឹមស និងម្ទេសស្រស់ចូលក្នុងត្បាល់ រួចបុកចូលគ្នា បន្ទាប់មកដាក់កាពិ ស្ករស និងប្រហុកចូលបុកចូលគ្នាឱ្យសព្វ សឹមច្របាច់ក្រូចឆ្មារចូល រួចកូរឱ្យរលាយចូលគ្នា។ ដាក់សណ្តែកកួរ ត្រកួន និងល្ហុងឈូសចូល រួចបុកឱ្យសព្វ សឹមដាក់ក្តាមប្រៃចូលបុកជាមួយគ្នាឱ្យបែកសាច់ក្តាមប្រៃ បន្ទាប់មកកាត់ប៉េងប៉ោះ និងត្រប់ដាក់ចូលក្នុងត្បាល់ រួចកូរឱ្យចូលជាតិគ្នាល្អ។ ជាចុងក្រោយចូររៀបការ៉ុត និងត្រសក់ដាក់ក្នុងចាន និងដួសបុកល្ហុងដាក់ពីលើ ហើយរោយសណ្តែកដីលីង បង្គាក្រៀម និងហាន់ម្ទេសស្រស់ដាក់ពីលើបុកល្ហុងជាការស្រេច៕