ពុលអាហារ ឬទទួលទានអាហារមានជាតិពុលចូលទៅក្នុងខ្លួន មានន័យអំពី ការរាករូស (បន្ទោបង់ចេញមកជាទឹក) ដោយសារតែបណ្ដាលមកពីការបរិភោគអាហារ ឬទទួលទានទឹកដែលមានលាយឡំសារធាតុពុល ដែលអាចជាសារធាតុពុលកើតចេញពីមេរោគដែលមានច្រើនប្រភេទ និងសារធាតុគីមី ឬរុក្ខជាតិពុល ឬសត្វមានជាតិពុល និងច្រើនតែសង្កេតឃើញថា ក្នុងក្រុមអ្នកដែលបរិភោគជាមួយគ្នា នឹងមានអាការពុលដំណាលៗគ្នាច្រើននាក់ និងអាចមានអាការខ្លាំងខ្សោយខុសប្លែកពីគ្នាអាស្រ័យលើបុគ្គល និងបរិមាណដែលបានទទួលទានចូលទៅ។
មូលហេតុរបស់អាការពុលអាហារ
អាការពុលអាហារភាគច្រើនតែងតែបណ្ដាលមកពីការបរិភោគអាហារ ឬទទួលទានទឹកដែលលាយឡំដោយមេរោគបាក់តេរី ឬមេរោគវីរុសក្រៅពីនេះនៅអាចប្រទះឃើញមានខ្លះដែរគឺមានលាយឡំដោយពួកសត្វប៉ារ៉ាស៊ីត ដូចជា អាមីបា (Amoeba) ជាដើម ចំណែកការបរិភោគអាហារដែលមានលាយឡំដោយសារធាតុពុលផ្សេងទៀតដែលមិនមែនជាមេរោគដែលប្រទះឃើញញឹកញាប់នោះគឺ ពុលសារធាតុគីមី (ដូចជា ថ្នាំសម្លាប់សត្វល្អិត សារធាតុសំណ និងសារធាតុបារ៉តជាដើម) រុក្ខជាតិពុល ដូចជា ផ្សិតមើមក្ដួច និងសត្វដែលមានជាតិពុល ដូចជា គីង្គក់ត្រីកំពត និងអាហារសមុទ្រជាដើម។
អាការរបស់ការពុលអាហារ
មេរោគជាច្រើនប្រភេទអាចបញ្ចេញជាតិពុល (Toxin) ចេញមកលាយឡំនៅក្នុងអាហារផ្សេងៗ ហើយនៅពេលមនុស្សបរិភោគអាហារដែលប្រឡាក់ប្រឡូសដោយសារធាតុពុលទាំងនោះចូលទៅនឹងធ្វើឱ្យកើតអាការស្រដៀងៗគ្នាគឺ ចុកពោះរមួលជាដំណាក់ៗ ក្អួត (ច្រើនតែមានកម្ទេចអាហារចេញមកជាមួយ) និងរាកញឹកញាប់។ អ្នកខ្លះអាចមានគ្រុនក្ដៅខ្លួន និងអស់កម្លាំងខ្លាំងរួមជាមួយផង។ អាការទាំងអស់នេះអាចខ្លាំង ឬខ្សោយអាស្រ័យលើភាពតិច ឬច្រើនរបស់ជាតិពុលដែលទទួលទានចូលទៅ។ ជាទូទៅបើសិនជាតិចតួច មិនធ្ងន់ធ្ងរ អាការទាំងនោះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល 24-48ម៉ោង។ ចំណែកអ្នកដែលធ្ងន់ធ្ងរ អាចនឹងមានអាការក្អួត និងរាករូសខ្លាំងក្លារហូតដល់រាងកាយខ្វះជាតិទឹក និងសារធាតុរ៉ែយ៉ាងធ្ងន់ធ្ងរបាន។
វិធីព្យាបាលអាការពុលអាហារ
ការព្យាបាល និងការមើលថែទាំខ្លួនឯងជាបឋម អ្នកជំងឺពុលអាហារគួរប្រតិបត្តិតាមការណែនាំដូចខាងក្រោមនេះ៖
- បើមានអាការចុកពោះខ្លាំងក្លា រាករូសធ្ងន់ធ្ងរ (បន្ទោបង់ចេញមកសុទ្ធតែទឹកម្ដងៗច្រើន)ក្អួតខ្លាំង (រហូតដល់ថ្នាក់ទទួលទានទឹក ទទួលទានទឹកអំបិលរ៉ែ ឬទឹកបបរលែងកើត) នៅពេលក្រោកអង្គុយហើយមានអាការវិលមុខ និងមានសភាវខ្វះជាតិទឹកធ្ងន់ធ្ងរ (បបូរមាត់ស្ងួត បំពង់កស្ងួត ភ្នែករូង បត់ជើងតូចចេញមកតិច និងជីពចរលោតញាប់) ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។
- បើមិនមានអាការធ្ងន់ធ្ងរដូចខាងលើទេ ចូរឱ្យអ្នកជំងឺពុលអាហារទទួលទានទឹកអំបិលរ៉ែ ឬទឹកស្អាតឱ្យបានញឹកញាប់ ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅដោយសារការក្អួត និងរាក និងទទួលទានរហូតទាល់តែទឹកមូត្រចេញមកថ្លា ឬអាការរាករូសបានធូរស្រាលឡើងវិញ។
- ហាមលេបថ្នាំដើម្បីបញ្ឈប់ការរាករូស ព្រោះមិនមានប្រយោជន៍ក្នុងការព្យាបាលនោះទេ ហើយបើប្រើប្រាស់ខុសវិធីផងនោះ អាចបង្កឱ្យកើតគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបាន។
- បើមានគ្រុនក្ដៅខ្លួន ចូរឱ្យលេបថ្នាំ ប៉ារ៉ាសេតាម៉ុល ដើម្បីបញ្ចុះកម្ដៅ៕