អាមេរិក៖ ក្រុមហ៊ុនវីដេអូយក្ស YouTube បានចាប់ផ្ដើមអនុវត្តន៍នូវគោលការណ៍របស់ខ្លួន ដោយធ្វើការរឹងបន្តឹងទៅលើការត្រួតពិនិត្យវីដេអូ ដែលគោលការណ៍ថ្មីនេះ អាចធ្វើឱ្យអ្នកបង្កើតវីដេអូរកលុយតាមរយៈ YouTube អាចធ្លាក់ចំណូល ជាពិសេសគឺសម្រាប់ YouTube Channels ល្បីៗតែម្ដង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមហ៊ុន YouTube បានចាប់ផ្ដើមអនុវត្តន៍គោលការណ៍ថ្មី ដោយប្រើប្រាស់មនុស្សដើម្បីធ្វើការត្រួតពិនិត្យទៅលើវីដេអូ ហើយបើត្រឹមត្រូវទៅតាមលក្ខណៈហើយនោះ ទើបក្រុមហ៊ុន YouTube អនុញ្ញាតិឱ្យចេញផ្ទាំងផ្សាយពាណិជ្ជកម្ម។
នៅក្នុងគោលការថ្មីនេះផងដែរ បណ្ដាក្រុមហ៊ុនផ្សព្វផ្សាយផ្សេងៗ មានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសដាក់ផ្ទាំងពាណិជ្ជកម្មរបស់ខ្លួននៅលើវីដេអូទាំងឡាយណាដែលមានសញ្ញា Google Preferred ព្រោះរាល់វីដេអូដែលមានសញ្ញានេះ គឺសុទ្ធតែត្រូវបានត្រួតពិនិត្យ និងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវរបស់ YouTube។
ក្រុមហ៊ុន YouTube បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនផងដែរថា ការត្រួតពិនិត្យទៅលើ YouTube Channels ដើម្បីដាក់ចេញនូវសញ្ញា Google Preferred និងត្រូវបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈសម្រាប់ Channels ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ហើយសម្រាប់ក្រៅពីសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់នៅចុងខែមីនា។
ពីដំបូងឡើយ ដើម្បីបង្កើត YouTube Channels រកលុយបានជាមួយនឹង YouTube Partner Program (YPP) ពួកគេចាំបាច់ត្រូវមានអ្នក Views វីដេអូរហូតដល់ជាង 10,000 views ប៉ុន្តែសម្រាប់គោលការណ៍ថ្មី គឺត្រូវមានអ្នក Subscribers ទៅលើ Channels 1,000នាក់ និងត្រូវមានអ្នក Views វីដេអូរហូតដល់ 4,000ម៉ោង ក្នុងរយៈពេល 12ខែចុងក្រោយ បើមិនគ្រប់លក្ខខណ្ឌនេះទេ នោះមិនអាចយករកលុយបានឡើយ។
គោលការណ៍ និងលក្ខខណ្ឌថ្មីនេះហើយ ដែលធ្វើឱ្យអ្នករកលុយតាមបណ្ដាញ YouTube អាចនឹងធ្លាក់ចំណូល ឬអាចបាត់បង់ចំណូលតែម្ដង ហើយការចេញគោលការណ៍ថ្មីនេះផងដែរ គឺក្រោយពេលកើតមានរឿងអាស្រូវស្ដេចរកលុយ YouTube ដែលមានឈ្មោះថា Logan Paul ដែលបានបង្ហោះរូបភាពជនរងគ្រោះដោយអំពើអត្តឃាតក្នុងវីដេអូរបស់លោក ជាហេតុនាំឱ្យមានការផ្ទុះកំហឹងពីសាធារណជន៕