ខណៈតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុន Kerry Worldbridge Logistics ដាក់ឱ្យដំណើរការជាផ្លូវការនោះ ត្រូវបានថ្នាក់ដឹកនាំរំពឹងថា នៅពេលអនាគតឆាប់ៗខាងមុខនោះ តំបន់នេះនឹងផ្ដល់ការងារដល់ប្រជាជនកម្ពុជា និងមានលំហូរសាច់ប្រាក់វិនិយោគរាប់រយលានដុល្លារ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kerry Worldbridge Logistics បានលើកឡើងថា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ វាជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរីកចម្រើននៃវិស័យភ័ស្ដុភារ ដឹកជញ្ជូន និងភណ្ឌាគារគយមានដែនកំណត់ក្នុងកម្រិតស្ដង់ដារអន្ដរជាតិ ដូចបណ្ដាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។
លោកឧកញ៉ាបន្ដថា សមិទ្ធផលនេះវាមិនមែនបង្កើតឡើងសម្រាប់តែប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ពោលគឺគម្រោងនេះវានឹងជួយបង្កើនសក្ដានុពលទីផ្សារពលកម្មជូនប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ដែលអាចចាត់ទុកថា វាជាចលករដ៏សំខាន់មួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមជាតិទាំងមូល។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kerry Worldbridge Logistics បញ្ជាក់ថា៖”នៅពេលតំបន់សេដ្ឋកិច្ចពិសេសបានធ្វើប្រតិបត្ដិការការងាររបស់ខ្លួនពេញលេញ វានឹងអាចផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមិនតិចជាង2ម៉ឺននាក់ឡើយ។ ពិសេសវានឹងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគផ្ទាល់ពីបរទេសមកបណ្ដាក់ទុននៅទីនេះដែលធ្វើឱ្យមានលំហូរសាច់ប្រាក់វិនិយោគមិនតិចជាង300លានដុល្លារអាមេរិកឡើយ”។
គួរបញ្ជាក់ថា គម្រោងធុរកិច្ចរបស់ក្រុមហ៊ុន Kerry Worldbridge Logistics បានបើកការដ្ឋានសាងសង់តាំងពីខែកក្កដា ឆ្នាំ2015 ក្រោមទុនវិនិយោគ100លានដុល្លារដែលក្រុមហ៊ុនបានចំណាយសាច់ប្រាក់អស់ប្រមាណ60លានដុល្លារអាមេរិកទៅលើផ្នែកទី1នៃគម្រោង។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះបានដាក់ឱ្យដំណើរការជាផ្លូវការដោយបានសម្រិតសម្រាំងធនធានមនុស្សដ៏មានសមត្ថភាពដែលមានបទពិសោធការងារជាយូរឆ្នាំដើម្បីបម្រើការងារដូចជា ការដឹកជញ្ជូន ការចល័ត ការផ្ទេរ និងការរក្សាទំនិញសព្វសារពើររបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕