អាជ្ញាធរអគ្គិសនីកម្ពុជាបានសម្រេចបញ្ចុះតម្លៃភ្លើងអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងសហគ្រាសនានានៅខេត្តស្ទឹងត្រែង មកនៅត្រឹម 1000រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈដែលតម្លៃកាលពីមុនខ្ពស់រហូតដល់2100រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
មន្រ្តីនៃអាជ្ញាធរអគ្គិសនីបានឱ្យដឹងថា កាលពីពេលថ្មីនេះមន្ត្រីជំនាញការិយាល័យថាមពល និងប្រេងកាតបានចុះទៅពិនិត្យមើលការតភ្ជាប់បណ្តាញចរន្តអគ្គិសនីឲ្យទៅសេវាករ ហ៊ុយ ចេង ដើម្បីបានផ្គត់ផ្គង់ការប្រើប្រាស់អគ្គិសនីប្រភពពីបណ្តាញតង់ស្យុងមធ្យម 22kV របស់អង្គភាពអគ្គិសនីខេត្តស្ទឹងត្រែងដែលនឹងត្រូវបានបញ្ចុះតម្លៃពី 2100៛ / kWh មកត្រឹម 1000៛/kWh ទៅតាមការកំណត់ថ្លៃជាថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលពលរដ្ឋអ្នកប្រើប្រាស់សេវាកម្មអគ្គិសនីក្នុងដែនអាជ្ញាបណ្ណរបស់សេវាករ ហ៊ុយ ចេង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនឹងបានទទួលតម្លៃអគ្គិសនីតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល ដោយកាលពីពេលមុនសេវាករផ្គត់ផ្គង់អគ្គិសនីតាមរយៈម៉ាស៊ីនឌីយេហ្ស៊ែល(ឯកជន) ដែលមានតម្លៃដើមផលិតថ្លៃខ្លាំង តែពេលនេះគឺសេវាករបានទទួលពីបណ្តាញអគ្គិសនីមានតម្លៃថោកជាងពីពេលមុន។
យ៉ាងណាក៏ដោយ ការបញ្ចុះតម្លៃភ្លើងខាងលើត្រូវបានគេមើលឃើញថា នៅតែមានតម្លៃខ្ពស់ជាងនៅតាមបណ្តាខេត្តមួយចំនួនទៀតដដែល ខណៈដែលរដ្ឋាភិបាលបានប្រកាសបញ្ចុះតម្លៃភ្លើងនៅទូទាំងប្រទេសមកនៅត្រឹមតែជាង 300រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ៕